ពេជ្រ ម្ទេសខ្មាំង ប៉ះ គុណ សំណង ខណៈ ចាត សីហាជួបអ្នក ប្រដាល់ស្រករក្រោយ បឺត សង្ឃឹម ខ្សែក្រវាត់ TIFFY SUPER FIGHT

ភ្នំពេញ៖ ការប្រកួតប្រដាល់ដណ្តើមខ្សែក្រវាត់ TIFFY SUPER FIGHT ទម្ងន់៥៧ គីឡូក្រាមលើសង្វៀន TV5 Arena នៅថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខនេះ ចាប់ផ្តើមវគ្គជម្រុះដំណាក់កាលទី២ហើយ។ អ្នកប្រដាល់ ពេជ្រ ម្ទេសខ្មាំង ក្លិបអារុណរះកីឡា ជួប អ្នកប្រដាល់ គុណ សំណង ក្លិបគីសែមានរិទ្ធ រីឯ អ្នកប្រដាល់ ចាត សីហា ក្លិបអប់រំកាយកីឡាខេត្តឧត្តរមានជ័យ ប៉ះ អ្នកប្រដាល់ បឺត សង្ឃឹម ក្លិបរ៉ាហាបស្វាយប៉ាក ។

ពេជ្រ ម្ទេសខ្មាំង និង គុណ សំណង កាលពីក្នុងដំណាក់កាលទី១ ម្ទេសខ្មាំងវាយឈ្នះ អ្នកប្រដាល់ គឿន សុខហេង ក្លិបម្កុដរាជសីហ៍ក្នុងទឹកទី២ ចំពោះអ្នកប្រដាល់ គុណ សំណង វាយឈ្នះសុខ ទូ ក្លិបឃ្លាំងមឿងកីឡា ក្នុងទឹកទី២ដូចគ្នាដែរ។ សម្រាប់ការជួបគ្នារវាងពេជ្រ ម្ទេសខ្មាំង និង គុណ សំណងនេះ គិតថា សំណង ទំនងជាមិនឈ្នះម្ទេសខ្មាំងនោះឡើយ ដោយសារតែ ពេជ្រ ម្ទេសខ្មាំង វាយបុកខ្លាំងនិងមានផ្លែល្អជាងគុណ សំណងដាច់ ។

ចំណែក អ្នកប្រដាល់ ចាត សីហា ក្លិបអប់រំកាយខេត្តឧត្តរមានជ័យ ប៉ះ អ្នកប្រដាល់ បឺត សង្ឃឹម ក្លិបរ៉ាហាប់ស្វាយប៉ាក ។ អ្នកប្រដាល់ ចាត សីហា ជាអ្នកប្រដាល់ចាស់វស្សា មានកលល្បិចនិងបទពិសោធន៍លើរេញច្រើនជាងបឺត សង្ឃឹម កាលពីប្រកួតក្នុងដំណាក់កាលទី១ ចាត សីហា វាយឈ្នះអ្នកប្រដាល់ គួន ប៊ុនហ៊ីម ក្លិបពន្លឺសាមគ្គី ដោយពិន្ទុ និងអ្នកប្រដាល់ បឺត សង្ឃឹម វាយឈ្នះម៉ន រ៉ៃយ៉ា ក្លិបការិយាល័យទី៥ កងទ័ពឆ័ត្រយោង៩១១ ដោយពិន្ទុដែរ ។

សម្រាប់អ្នកប្រដាល់ ឈាន រស្មី ក្លិបរាជសីហ៍ខេត្តរតនគិរី សងសឹកអ្នកប្រដាល់ ជ័យ វណ្ណ ក្លិបឃ្លាំងមឿងកីឡា ក្នុងទម្ងន់៦០គីឡូក្រាម ខណៈអ្នកប្រដាល់ហ៊ាន ខួច ក្លិបកងទ័ពឆ័ត្រយោង៩១១ ជួបប្រកួតជាមួយអ្នកប្រដាល់ សេក មេសា ក្លិបអង្គរមានជ័យខេត្តសៀមរាប និង អ្នកប្រដាល់ ទូច វិរៈ ក្លិបច័ន្ទបូរីវង្ស ត្រូវប្រកួតជាមួយ អ្នកប្រដាល់ ប្រាក់ ស៊ីថន ក្លិបតាឯកដំបងដែកមានរិទ្ធ។

អ្នកប្រដាល់ចំនួន១៦រូប ដែលបានឈ្នះក្នុងការប្រកួតជម្រុះដំណាក់កាលទី១នោះ រួមមាន ពេជ្រ ម្ទេសខ្មាំងក្លិបអារុណរះកីឡា , គុណ សំណង ក្លិបគីសែមានរិទ្ធ , ចាត សីហាក្លិបអប់រំកាយកីឡាខេត្តឧត្តរមានជ័យ , បឺត សង្ឃឹម ក្លិបរ៉ាហាបស្វាយប៉ាក , គង់ ហ៊ូវ ក្លិបកងពលធំអន្តរាគមន៍លេខ២ , យិន បូរិន ក្លិបអាស៊ីកីឡា , ឡាញ់ ផល្លាក្លិបអេភូថងកីឡា , ម៉ឺន ដា ក្លិបខ្លារខិនមានរិទ្ធ , សេន កុសល ក្លិបមោងឬស្សីមរតកគុនខ្មែរ, ថន វាសនាក្លិបនាគរាជមានជ័យ , ចាន់ គង់រាជ ក្លិបតាព្រហ្មមានជ័យ , ឆាយ ម៉េត ក្លិបសំរោងកោងខេត្តបាត់ដំបង , ឡូញ វ៉ាន់ឌី ក្លិបពន្លឺវិបុលរិទ្ធី , រស់ វិបុល ក្លិបសាលវ័ន្តកីឡា , អ៊ី វ៉ាន់ស័ក្ត ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ និង ផាន ផាត់យុទ្ធ ក្លិបសាលវ័ន្តកីឡា៕

នៅក្នុងការប្រកួតដំណាក់កាលទី២នេះ ក៏ជាការប្រកួតចាញ់ធ្លាក់ដែរ។ អ្នកប្រដាល់ទាំង១៦នេះ នឹងត្រូវជួបប្រកួតគ្នាជម្រុះចោល៨នាក់ ទុក៨នាក់ដែលជាអ្នកឈ្នះ សម្រាប់បន្តការប្រកួតក្នុងដំណាក់កាលទី៣ ដែលជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមខ្សែក្រវាត់ជើងឯក៕

ពេជ្រ ម្ទេសខ្មាំង ប៉ះ គុណ សំណង ខណៈ ចាត សីហាជួបអ្នក ប្រដាល់ស្រករក្រោយ បឺត សង្ឃឹម ខ្សែក្រវាត់ TIFFY SUPER FIGHT

ពេជ្រ ម្ទេសខ្មាំង ប៉ះ គុណ សំណង ខណៈ ចាត សីហាជួបអ្នក ប្រដាល់ស្រករក្រោយ បឺត សង្ឃឹម ខ្សែក្រវាត់ TIFFY SUPER FIGHT