ខ្លាចចាស់ទាំង វង្ស ស៊ីថៃ និង ម៉ូ រដ្ឋា បញ្ចេញចង្កូម នៅលើសង្វៀនTV5 ARENA នាល្ងាចថ្ងៃសៅរ៍

ភ្នំពេញ៖ នាល្ងាចថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខនេះ ខ្សែក្រវាត់ស៊ីម៉ងត៍អូដ្ឋ នៅលើសង្វៀនTV5 ARENA អ្នកប្រដាល់ជើងចាស់ វង្ស ស៊ីថៃ ក្លិបកងពលតូចលេខ៧០ ជួបអ្នកប្រដាល់ ម៉ូ រដ្ឋា ក្លិបព្រៃទទឹងខេត្តបាត់ដំបង ក្នុងទម្ងន់៧១គីឡូក្រាម ខណៈអ្នកប្រដាល់ លួន សុខខេង ក្លិបអាស៊ីកីឡា ប្រកួតជាមួយអ្នកប្រដាល់ ភុំសារ៉ាយ ក្លិបកងពលតូចលេខ៣១ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម។

វង្ស ស៊ីថៃ មានកម្ពស់ប្រហាក់ប្រហែលនឹង ម៉ូ រដ្ឋា ចំពោះស្នៀតប្រកួតអ្នកទាំង២នាក់វិញ ក៏មិនជាលើគ្នាប៉ុន្មានដែរ ព្រោះស៊ីថៃ ជាអ្នកប្រដាល់មុខស្ពឹក វាយមិនចេះឈឺទេ ដែលមានរហស្សនាមថា ចៅបុកល្ហុង គឺច្រើនប្រើជង្គង់ និងកណ្តាប់ដៃ ។ វង្ស ស៊ីថៃ ប្រកួតលើកចុងក្រោយ វាយ ចាញ់ អ្នកប្រដាល់ វ៉ែន សុវណ្ណ ក្លិបកងកេងមានរិទ្ធដោយពិន្ទុ។

ចំពោះ ម៉ូ រដ្ឋា មិនអាចមានឳកាសយកឈ្នះ វង្ស ស៊ីថៃ បន្តិចណាឡើយ ដោយសាររូបគេវាយមិនមានផ្លែល្អនោះ តែអ្នកប្រដាល់រូបនេះមានចិត្តប្រដាល់ធំ រីឯស្នៀតប្រដាល់វិញពុំមានកលល្បិចក្នុងការប្រកួត។ម៉ូ រដ្ឋា ប្រកួតលើកចុងក្រោយ វាយចាញ់ហ៊ា ចាន់ថន ក្លិបគីសែមានរិទ្ធដោយពិន្ទុ។

ចំណែក អ្នកប្រដាល់ លួន សុខខេង ក្លិបអាស៊ីកីឡា ប្រកួតជាមួយអ្នកប្រដាល់ ភុំសារ៉ាយ ក្លិបកងពលតូចលេខ៣១ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម។ លួន សុខខេង ជាអ្នកប្រដាល់ដែលមានស្នៀតប្រដាល់មិនជាល្អប៉ុន្មានទេ ដោយអ្នកប្រដាល់រូបនេះមានកម្លាំងសម្រុកខ្លាំង និងស៊ូចំពោះការប្រកួតណាស់ ក៏ជាអ្នកប្រដាល់ចូលចិត្ត វាយសម្រុកដើម្បីបំបាក់ស្មារតីតែម្ដងក្នុងការបំបាក់គូប្រកួត។

ភុំសារ៉ាយ ប៉ះលួន សុខខេង រាងពិបាកដែរ ដោយសារតែសារ៉ាយជាអ្នកប្រដាល់ជើងចាស់ និងជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃខ្លាំង ជើងទាត់ក៏ខ្លាំងដែរ ទោះបីជា ភុំ សារ៉ាយ រាងចាស់បន្តិចហើយក្តីក៏កម្លាំងដៃរបស់គេនៅតែខ្លាំងដូចពីមុនដដែល ហើយវាយនៅតែមានផ្លែល្អដូចពីមុនទេ ពិសេសស្នៀតជើងទាត់ផ្កាប់ចាន និងស្នៀតលោតទាត់ក្បាច់សេះហោះរបស់គេក៏នៅតែល្អដដែល។

អ្នកប្រដាល់ ឌុន ប៊ុនឌឿន ក្លិបអេភូថងកីឡា ជួបប្រកួតជាមួយអ្នកប្រដាល់ គង់ វិចិត្រ ក្លិបកងពលតូចលេខ៧០ ក្នុងទម្ងន់៥៧ គីឡូក្រាម ខណៈអ្នកប្រដាល់ នួន ភីរក្ស ក្លិបតាព្រហ្មមានជ័យ ប្រកួតជាមួយអ្នកប្រដាល់ សុខ លាភ ក្លិបមជ្ឈមណ្ឌលកីឡា ខ.ភ.ម ក្នុងទម្ងន់៥៧គីឡូក្រាម៕

ខ្លាចចាស់ទាំង វង្ស ស៊ីថៃ និង ម៉ូ រដ្ឋា បញ្ចេញចង្កូម នៅលើសង្វៀនTV5 ARENA នាល្ងាចថ្ងៃសៅរ៍

ខ្លាចចាស់ទាំង វង្ស ស៊ីថៃ និង ម៉ូ រដ្ឋា បញ្ចេញចង្កូម នៅលើសង្វៀនTV5 ARENA នាល្ងាចថ្ងៃសៅរ៍