ខ្លាចាស់កម្ពុជា២រូបប៉ះ ខ្លាចាស់ឆ្លងដែនថៃ២ រូបនៅសង្វៀនSEATV នាព្រឹកថ្ងៃអាទិត្យ

ភ្នំពេញ៖ ការប្រកួតកីឡាប្រដាល់ក្បាច់បុរាណខ្មែរលក្ខណៈមិត្តភាពនៅសង្វៀនSEATV នាព្រឹកថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៦ចុងសប្តាហ៍នេះអ្នកប្រដាល់ជើងខ្លំាង វ៉ាន់ ចាន់វេត ក្លិបគីសែមានរិទ្ធអាជ្ញាធរជាតិអាវុធគីមី ប៉ះអ្នកប្រដាល់ថៃ Pha yaklek ក្នុងប្រភេទទម្ងន់ ៦៣.៥ គ.ក្រ និងអ្នកប្រដាល់ព្រំ សំណាង ក្លិប កងពលតូចឆ័ត្រយោង ៩១១ ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ Khuo Ba ក្នុងប្រភេទទម្ងន់៧៥គ.ក្រ។

លោក ញាន សុធី អ្នកគ្រប់គ្រងការប្រកួតប្រចាំសង្វៀនSEATV បាននិយាយថាការជួបគ្នាលើកដំបូងរវាងអ្នកទាំង២ខាងលើនេះអ្នកប្រដាល់ចាស់វស្សា វ៉ាន់ ចាន់វេត ត្រូវបានចាត់ទុកថា ជារៀមច្បងនឹងជាអ្នកប្រដាល់ចាស់វស្សាជាង Pha yaklek បើរឿងប្រដាល់លើសង្វៀនវិញ វ៉ាន់ ចាន់វេតឆ្អិនណាស់ទៅហើយទាំងបច្ចេកទេស ទាំងល្បិចកលប្រកួត ប៉ុន្តែវ៉ាន់ ចាន់វេត រាងចិត្តតូចបន្តិច នៅពេលប៉ះជាមួយអ្នកប្រដាល់ជើងខ្លាំងថៃ។

ងាកមកមើល Pha yaklek វិញស្នៀតជើង និងស្នៀតកណ្តាប់ដៃអាចវាយចេញបានរហ័ស ហើយត្រង់ល្អទៀតផង និយាយរួមល្បិចប្រយុទ្ធរបស់ Pha yaklek គឺល្អជាង វ៉ាន់ ចាន់វេតបន្តិច។វ៉ាន់ ចាន់វេត បានធ្លាប់ប្រកួតបាន ៨៨ លើក ឈ្នះ ៦៣ លើក ចាញ់១៥ លើក និងស្មើ៣លើក រីឯ Pha yaklek  បានធ្លាប់ប្រកួតបាន ៦៧ លើក ឈ្នះ ៥៧ លើក ចាញ់១០ លើក និងមិនដែរស្មើ។

ចំណែកអ្នកប្រដាល់ ព្រំ សំណាង ក្លិបកងពលតូចឆ័ត្រយោង៩១១ ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ Khuo Ba ក្នុងប្រភេទទម្ងន់៧៥គ.ក្រ ។ ព្រំ សំណាង ចាត់ទុកថា ជាអ្នកប្រដាល់មានថ្លើមធំបន្តិចហើយ ដែលមានបំណងចង់សាកកម្លាំងជាមួយ Khuo Ba ។ សំណាង តាមពិតទៅទើបតែលេចមុខលេចមាត់នៅលើសង្វៀនមិនយូរប៉ុន្មានទេ តែភាពល្បីល្បាញរបស់គេមានការរីក ចម្រើនខ្លាំងណាស់ ដោយសារគេមានក្បាច់ប្រយុទ្ធនៅលើសង្វៀនល្អ ចលនាវាយលុករហ័សរហួន ហើយបើនិយាយពីស្នៀតកែង និងជង្គង់របស់គេវិញ ក៏សាហាវណាស់ដែរ ។

អ្នកប្រដាល់ Khuo Ba មានស្នៀតជង្គង់ល្អ និងមាន ល្បិចប្រយុទ្ធនៅលើសង្វៀន ហើយស្នៀតកែង និងជង្គង់របស់គេមានប្រសិទ្ធភាពខ្លាំងជាងមុនទៅទៀត ប៉ុន្តែទោះជាយ៉ាងណាក្តី សំណាង បើចង់សាកជាមួយ Khuo Ba ក៏មិនមែនជារឿងដែលងាយស្រួលប៉ុន្មានទេ ព្រំ សំណាង បានធ្លាប់ប្រកួតបាន៧៥លើក ឈ្នះ ៦៤ លើក ចាញ់៩ លើក និងស្មើ២លើក រីឯ Khuo Ba បានធ្លាប់ប្រកួតបាន៩៩លើក ឈ្នះ ៨៧លើក ចាញ់១១ លើក និងស្មើ១លើក៕

ខ្លាចាស់កម្ពុជា២រូបប៉ះ ខ្លាចាស់ឆ្លងដែនថៃ២ រូបនៅសង្វៀនSEATV នាព្រឹកថ្ងៃអាទិត្យ

ខ្លាចាស់កម្ពុជា២រូបប៉ះ ខ្លាចាស់ឆ្លងដែនថៃ២ រូបនៅសង្វៀនSEATV នាព្រឹកថ្ងៃអាទិត្យ