គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចាត់​ទុក​ក្រុម​លោក ញឹក ប៊ុនឆៃ​ថា​ជា​អ្នក​ល្មោភ​អំណាច

មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ដឹកនាំ​ដោយ​សម្ដេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ ចាត់​ទុក​ក្រុម​លោក ញឹក ប៊ុនឆៃ ថា​ជា​អ្នក​ល្មោភ​អំណាច និង​កំពុង​ប្រើប្រាស់​ឈ្មោះ​រាជា​និយម ដើម្បី​កេង​ចំណេញ​នយោបាយ។ គណបក្ស​រាជា​និយម​មួយ​នេះ កំពុង​ជួ​បន​វិបត្តិ​បែកបាក់​ផ្ទៃ​ក្នុង​រហូត​ជំរុញ​ឲ្យ​លោក ញឹក ប៊ុនឆៃ អតីត​អនុ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច បង្កើត​គណបក្ស​ថ្មី​មួយ​ទៀត ឈ្មោះ​ថា «គណបក្ស​ខ្មែរ​រួបរួម​ជាតិ»។

មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ដឹកនាំ​ដោយ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ អំពាវនាវ​ឲ្យ​អ្នក​សមាជិក​សមាជិកា​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច រក្សា​ភាព​ស្ងៀមស្ងាត់ និង​កុំ​ជឿ​តាម​ការ​ញុះញង់​របស់​លោក ញឹក ប៊ុនឆៃ ឲ្យ​ស្អប់​សម្ដេច​ក្រុមព្រះ។

អនុ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ជា​អ្នក​នាំ​ពាក្យ លោក ញ៉េប ប៊ុនជិន មាន​ប្រសាសន៍​កាល​យប់​ថ្ងៃ​ទី​៣ កុម្ភៈ ថា ការ​បែកបាក់​គ្នា​លើក​នេះ ដោយសារ​លោក ញឹក ប៊ុនឆៃ មិន​ទទួល​ស្គាល់​ភាព​ទន់ខ្សោយ​របស់​ខ្លួន​ក្នុង​ការ​ដឹកនាំ​កន្លង​មក ហើយ​ក៏​ចិញ្ចឹម​ចិត្ត​មិន​ចង់​ឲ្យ​សម្ដេច​ក្រុមព្រះ​ដឹកនាំ​គណបក្ស​រាជា​និយម​មួយ​នេះ​ឲ្យ​មាន​ឈ្មោះ​ល្បី​ឡើង​វិញ៖ «៩​ឆ្នាំ​មុន​ពេល​សម្ដេច​ក្រុមព្រះ យាង​ចេញ​មាន ២៦​កៅអី មាន​ទីស្នាក់ការ​គណបក្ស​ត្រឹមត្រូវ មាន​សមាជិក​ក្នុង​រដ្ឋាភិបាល នៅ​តាម​ខេត្ត ជា​ចៅហ្វាយ​ខេត្ត។ ៩​ឆ្នាំ​ក្រោយ​ពេល​ព្រះអង្គ​យាង​មក បាត់​អស់​រលីង សព្វថ្ងៃ​កុំ​ថា​ឡើយ​អាសនៈ​ក្នុង​រដ្ឋសភា សូម្បីតែ​ទីស្នាក់ការ​គណបក្ស​កន្លែង​អង្គុយ​ធ្វើ​ការ​ក៏​គ្មាន​ដែរ ប៉ុណ្ណឹង​ហើយ​គាត់​អត់​រៀនសូត្រ​បទពិសោធន៍​ជូរចត់​នេះ​សោះ គាត់​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន គិត​តែ​ពី​អំណាច»

​លោក​បន្ត​ថា មេដឹកនាំ​រចនាសម្ព័ន្ធ​សំខាន់ៗ​របស់​បក្ស​នៅ​រឹងមាំ​ដដែល ហើយ​អ្នក​ដែល​ជឿ​ចេញ​ទៅ​តាម​លោក ញឹក ប៊ុនឆៃ នោះ ដោយសារ​ពាក់ព័ន្ធ​នឹង​ការ​សន្យា​រក្សា​តំណែង​ក្នុង​រដ្ឋាភិបាល​បច្ចុប្បន្ន៖ «គាត់​ថា​ចេញ​ទៅ​ទាំង​ផ្ទាំង​នោះ​មាន​តែ​គាត់​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច បើ​អ្នក​ណា​នៅ​មាន​តួនាទី​មក​តាម​គាត់​សម្ដេច​នាយក អត់​ដក​ចេញ​ពី​តួនាទី​នោះ​ទេ តែ​បើ​អ្នក​ណា​នៅ​ជាមួយ​សម្ដេច​ក្រុមព្រះ​ប្រហែល​ជា​គេ​ដក»

​ទាក់ទង​រឿង​នេះ​ដែរ អតីត​អនុ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ បាន​សម្រេច​ចិត្ត​ភ្លាមៗ បង្កើត​គណបក្ស​ថ្មី ដោយ​លោក​មើល​ឃើញ​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ដឹកនាំ​ដោយ​សម្ដេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ នៅ​តែ​មាន​អំពើ​ពុករលួយ បក្ស​ពួក​និយម និង​មិន​ស្មោះត្រង់​នឹង​គ្នា ពិសេស​មិន​គោរព​តាម​កិច្ចព្រមព្រៀង​នៃ​ការ​បង្រួម​គ្នា​ចុង​ក្រោយ​ដែល​មាន​រយៈពេល​ប្រមាណ​មួយ​ឆ្នាំ​កន្លង​មក​នេះ៖ «ព្រះអង្គ​នៅ​ក្នុង​វេទិកា ជួប​ជាមួយ​សកម្មជន​នានា​គ្រប់​កន្លែង​តែងតែ​លើក​ឡើង​ដដែលៗ ពី​រឿង​បក្ស​ប្រហារ​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០០៦ រឿង​លក់​ទីស្នាក់ការ រឿង​សូន្យ​កៅអី ហើយ​ទម្លាក់​កំហុស​មក​លើ​ខ្លួន​ខ្ញុំ​តែ​ម្នាក់​ឯង»

ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​តំណាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច បដិសេធ​ថា ជា​ការ​មួលបង្កាច់​ទាំង​ស្រុង។

ការ​បង្កើត​គណបក្ស​ថ្មី​នេះ​បន្ទាប់​ពី​មាន​ភាព​មិន​ចុះ​សម្រុង​គ្នា​រវាង​លោក ញឹក ប៊ុនឆៃ និង​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​ញឹកញាប់។

​កាល​ពី​ចុង​ខែ​មករា សម្ដេច​ក្រុមព្រះ​មាន​បន្ទូល​ថា "គណបក្ស​ហ៊្វុនស៊ិនប៉ិច​រលាយ​ដោយសារ​អ្នក​ស៊ី​បាយ​បោក​ឆ្នាំង" ហើយ​ថា បើ​សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច ណា​ម្នាក់ មិន​ពេញ​ចិត្ត​ការដឹកនាំ​របស់​ព្រះអង្គ ពួកគេ​អាច​ដើរ​ចេញ​ពី​គណបក្ស​នេះ​បាន ប៉ុន្តែ​ព្រះអង្គ​បញ្ជាក់​ថា មិន​បណ្ដេញ​អ្នក​ណា​ម្នាក់​ចេញ​ពី​បក្ស​ទេ។

ចំណែក​ក្រុម​លោក ញឹក ប៊ុនឆៃ ភាគ​ច្រើន​អះអាង​ថា ពួកគេ​ចាក​ចេញ​លើក​នេះ​ជា​ពេល​ចុង​ក្រោយ​ហើយ​នៃ​ការ​សាកល្បង​សម្របសម្រួល​ដើរ​ចូល​ទៅ​ធ្វើ​ការ​ជាមួយ​សម្ដេច​ក្រុមព្រះ​បន្ត​ទៀត​នោះ។ លោក ញឹក ប៊ុនឆៃ ប្រកាស​ថា គណបក្ស​ថ្មី ឈ្មោះ «គណបក្ស​ខ្មែរ​រួបរួម​ជាតិ» របស់​លោក នឹង​ធ្វើ​សមាជ​ជា​ផ្លូវការ​នៅ​ចុង​ខែ​កុម្ភៈ ឆាប់ៗ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។