ពលករខ្មែរម្នាក់ ត្រូវឃាតក សម្លាប់កប់ដី នៅក្នុង ខេត្តប៉ាធុមថានី

 បាត់ដំបងៈ បុរសម្នាក់ដែលជាពលករខ្មែរ ចំណាកស្រុក  ទៅរកការងារ ធ្វើនៅឯប្រទេសថៃ  ត្រូវបានឃាតក វាយប្រហារ  ដោយបានយកសព ទៅកប់ចោលនៅក្នុងព្រៃរបោះ ក្បែរទីតាំងកសាងមួយកន្លែង ក្នុងប្រទេសថៃ  បន្ទាប់ពីជនរងរូបនេះ បានផឹកស៊ីជាមួយមនុស្ស មួយក្រុម ដែលជាកម្មករកសាង ហើយទំនងជាមានទំនាស់ អ្វីមួយបានកើតឡើង  ទើបធ្វើអោយមានករណីឃាតកម្ម កើតឡើងបែបនេះ ។

ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី៣  ខែកុម្ភៈ  ឆ្នាំ២០១៦ នាពេលរំលងអធ្រាត្រ ត្រង់ចំណុចក្បែរប្រព័ន្ធធារាសាស្ត្រទី៣ ត្រើយខាងកើតអូរ  ស្ថិតក្នុងភូមិ១  ឃុំបឹងយីថូ  ស្រុកថាន់បូរី  ខេត្តប៉ាធុមថានី  ប្រទេសថៃ  ដោយជនរងគ្រោះមានឈ្មោះ ម៉ៃ  ភេទប្រុស  អាយុ២៣ឆ្នាំ  ជាពលករខ្មែរ  ដែលកំពុងតែដើររកការងារធ្វើនៅក្នុងតំបន់នោះ ។

តាមការរៀបរាប់ពីសាក្សីម្នាក់ឈ្មោះ ច័ន្ទ  ភេទប្រុស  អាយុ២៥ឆ្នាំ  ជាពលករខ្មែរនិងជាកម្មករកសាងនៅក្នុង  បូរីសុភាល័យ  នោះបាននិយាយថា ជនរងគ្រោះជាមួយនឹងប្រពន្ធរបស់គេ  បានមករកសុំធ្វើជាកម្មករសំណង់នៅទីនេះតាំងពីថ្ងៃទី១  ខែកុម្ភៈ មកម៉្លេះ  ប៉ុន្តែសុំគេមិនបាន ក៏ចេះតែនៅសម្រាកជាមួយកម្មករដទៃទៀតជាបណ្តោះអាសន្ន សិនទម្រាំរកការងារបាន ។

 សាក្សីបានបន្តថា  នៅព្រលប់ថ្ងៃទី២  ខែកុម្ភៈ  គឺជនរងគ្រោះបានអង្គុយផឹកស៊ីលេងជាមួយនឹងកម្មករចំនួន៦នាក់ នៅក្បែទីតាំងកសាងនោះរហូតដល់យប់ជ្រៅ ។  ពេលនោះគេឃើញស្ត្រីជាភរិយាក៏បានចូលទៅសម្រាកមុន  ដោយទុកអោយស្វាមីនៅផឹកស៊ីលេង ជាធម្មតាជាមួយគេឯង  ឯរូបសាក្សីផ្ទាល់ក៏បានចូលសម្រាកដែរ  ដោយសារតែការផឹកស៊ី នេះបានអូសបន្លាយពេលយប់ជ្រៅពេក ។

 លុះព្រឹកថ្ងៃទី៣  ខែកុម្ភៈ  ក៏ស្រាប់តែបានឮស្ត្រីដែលជាភរិយានោះឆោឡោឡើង  ដោយារ តែបាត់ប្តីមិនឃើញចូលទៅសម្រាក អស់រយៈពេលពេញមួយយប់  ទើបក្រុមកម្មករដែលនៅទីនោះបាននាំគ្នាជួយដើររក  ក៏បានប្រទះឃើញមានដាវសាំម៉ូរ៉ៃមួយដើម  និងដំបងឈើ ជ្រុងដែលឃាតកបន្សល់ទុកនៅក្បែរកន្លែងកើតហេតុ  ដែលជាកន្លែងផឹកស៊ីកាលពីយប់ ទើបអ្នកគ្រប់គ្រងនៅទីនោះបាន រាយការណ៍ទៅក្រុមតម្រួតនៅក្នុងមូលដ្ឋាននោះឲ្យ ចុះមកត្រួតពិនិត្យ ។

 នៅពេលនោះដែរគេសង្កេតឃើញមានក្រុមតម្រួត  ក្រុមគ្រូពេទ្យ  និងក្រុមត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ  បានដើរពិនិត្យជុំវិញបរិវេណ ទីតាំងដែលមានបញ្ហា  រហូតដល់ ក្នុងព្រៃរបោះក្បែរខាង  និងបានឆ្លងទៅម្ខាងអូរនៃប្រព័ន្ធធារាសាស្ត្រក៏បានប្រទះឃើញ រាងកាយ និងដៃជើងមនុស្សបានអណ្តែតឡើងមកលើដីបន្តិចបន្តួច  ដោយសារតែឃាតករសម្លាប់ហើយ  នាំសពយកទៅកប់ដោយសារ តែការប្រញាប់ប្រញាល់ពេក  ទើបមិនអាច កប់ជ្រៅបាន ក៏មានការភ្ញាក់ផ្អើល ហើយខាងជំនាញក៏បានកាយដីនោះ ដើម្បីយកសពជនរងគ្រោះមកពិនិត្យ  ។

 នៅលើដងខ្លួននៃសព របស់ពលករខ្មែររូបនោះមានស្នាមមុខរបួសចំនួនពីរកន្លែង  ដែលត្រូវ ឃាតកកាប់នឹងដាវសាំម៉ូរ៉ៃត្រង់លើស្មាខាងស្តាំ  ចំណែកក្បាលក៏មានស្នាមវាយនឹង ដំបងឈើជ្រុងបណ្តាលអោយផុងលលាដ៍ក្បាលផ្នែកខាងស្តាំចំនួនពីរកន្លែងផងដែរ រីឯវត្ថុតាង  ដែលមានដំបងឈើជ្រុង  និងដាវដែលប្រលាក់ដោយឈាមគឺមានប្រវែង ៨០សង្ទីម៉ែត្រ ។

 នៅពេលនោះដែរ  សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា  បញ្ហានេះអាចកើតឡើងដោយសារតែមានទំនាស់ក្នុងពេលផឹកស៊ី  ហើយជនល្មើសអាចមានគ្នាមិនក្រោមពី២នាក់ឡើយ  ព្រោះការវាយសម្លាប់  និងការនាំសពយកទៅកប់ក្នុងព្រៃរបោះគឺមានចម្ងាយឆ្ងាយគ្រាន់បើ  និងត្រូវលី សពឆ្លងអូរថែមទៀត  ដូច្នេះបើម្នាក់ឯងគឺមិនអាចធ្វើបាននោះទេ ប៉ុន្តែក្រោយពេលកើតហេតុ  ខណៈដែលសមត្ថកិច្ចបើកការស្រាវជ្រាវដើម្បីរកអ្នកដែលចូលរួមផឹកស៊ីកាលពីយប់ដែលមានគ្នាចំនួន៦នាក់  គឺបានបាត់ម្នសក់ទៅហើយ  ដោយ មិនដឹងថាគេគេចខ្លួនទៅទីណា  ទោះជាយ៉ាងនេះក្តីក៏ក្រុមតម្រួតកំពុងតែព្យាយាមដុតដៃដុតជើង  ដើម្បីតាមរកមុខឃាតកយកមកផ្តន្ទាទោសតាមផ្លូវច្បាប់អោយបានក្នុងពេល   ឆាប់ៗខាងមុខនេះ ។ រីឯសពយើងមិនទាន់ដឹងថា  ជាអ្នករស់នៅក្នុងខេត្តណានោះទេ ហើយក៏មិនដឹងថា  ស្ត្រីជាភរិយានឹងនាំយកត្រឡប់មកកម្ពុជាវិញនៅពេលណាដែរក្រោយពីរត់ការច្បាប់រួច ៕

ពលករខ្មែរម្នាក់ ត្រូវឃាតក សម្លាប់កប់ដី នៅក្នុង ខេត្តប៉ាធុមថានី

ពលករខ្មែរម្នាក់ ត្រូវឃាតក សម្លាប់កប់ដី នៅក្នុង ខេត្តប៉ាធុមថានី

ពលករខ្មែរម្នាក់ ត្រូវឃាតក សម្លាប់កប់ដី នៅក្នុង ខេត្តប៉ាធុមថានី