ក្រុមបាតុករ អនាធិបតេយ្យ ១៣នាក់ នៅផ្លូវវេងស្រេង នៅតែត្រូវផ្តន្ទាទោស ចន្លោះ២-៦ ឆ្នាំ

ភ្នំពេញ៖ សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ បានសម្រេចតម្កល់ សាលក្រមសាលាដំបូង រាជធានីភ្នំពេញ ដែលបានផ្តន្ទា ទោស ដាក់ពន្ធនាគារ ក្រុមបាតុករ អនាធិបតេយ្យចំនួន១៣នាក់ នៅផ្លូវវែងស្រេង ពីចន្លោះ ២ឆ្នាំ ទៅ៦ឆ្នាំ ដោយបានច្រានចោលចម្លើយ របស់ជនជាប់ចោទ ដោយអះអាងថា នេះជាចម្លើយដោះ សារតែប៉ុណ្ណោះ។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាឧទ្ធរណ៍ លោកចៅក្រម ចាយ ច័ន្ទតារាវណ្ណ បានសម្រេចថា តម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ដោយយល់ឃើញថា ការសម្រេចរបស់តុលាការថ្នាក់ក្រោម មានលក្ខណៈត្រឹមត្រូវ។ លោកចៅក្រុម ក៏បានច្រានចោល ចម្លើយបដិសេធរបស់ក្រុមជនជាប់ចោទ ដោយបញ្ជាក់ថា ជាចម្លើយដោះសារប៉ុណ្ណោះ ដោយបានទុកសិទ្ធិឲ្យក្រុមជនជាប់ចោទ ប្តឹងទាស់ នឹងសាលដីកានេះក្នុងកំណត់ច្បាប់ ។

ជនជាប់ចោទទំាង ១៣នាក់ ដែលក្នុងនោះ មាន លោក វន់ ពៅ ជាប្រធានសមាគម ឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធម្នាក់ផងនោះ ត្រូវបានសាលាឧទ្ធរណ៍រកឃើញថា នៅតែជាក្រុមបាតុករ អនាធិបតេយ្យ បង្កអំពើហិង្សា នៅផ្លូវវេងស្រេង បណ្តាលឲ្យខូចខាត ទ្រព្យសម្បត្តិ សាធារណៈនិងឯកជន គិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារអាមេរិក ហើយក្នុងនោះនគរបាលម្នាក់ បានខ្វាក់ភ្នែក ពិការអចិន្ត្រៃយ៍ រហូតមកទល់ពេលបច្ចុប្បន្ននេះ។

សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ កន្លងទៅ ផ្តន្ទាទោសជនជាប់ចោទទំាង ១៣នាក់នេះ ចន្លោះពី ២ឆ្នាំ ៦ខែ ទៅ៤ឆ្នាំ និង៦ឆ្នាំ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និង បទធ្វើឱ្យខូចខាត ដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីថ្ងៃទី២ និងទី៣ ខែមករា ឆ្នាំ២០១៤ តាមផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។  ប៉ុន្តែទោសទាំងអស់នេះ តុលាការបានសម្រេចព្យួរ ហើយដោះលែង ក្រុមជនជាប់ចោទ ឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃប្រកាសសាលក្រមតែម្ដង។

ទ្រព្យសម្បត្តិរដ្ឋ និង ទ្រព្យសម្បត្តិឯកជន ពោលគឺមន្ទីរពេទ្យឯករាជ្យពីរ ត្រូវបានក្រុមបាតុករ អនាធិបតេយ្យ វាយកម្ទេចចោល គិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ ប៉ុន្តែ សាលក្រមនេះ ត្រូវបានក្រុមជនជាប់ចោទទាំង១៣នាក់ ប្តឹងមកសាលាឧទ្ធរណ៍ ដោយអះអាងថា ពួកគេពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។ នាពេលសវនាការសាលាឧទ្ធរណ៍ កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ក្រុម ជនរងគ្រោះ ដែលជាសមត្ថកិច្ចកងរាជអាវុធហត្ថ និង នគរបាល នៅតែសំណូមពរ ឲ្យតុលាការផ្តន្ទាទោស ក្រុមជនជាប់ចោទ ទៅតាមច្បាប់ដដែល៕

ក្រុមបាតុករ អនាធិបតេយ្យ ១៣នាក់ នៅផ្លូវវេងស្រេង នៅតែត្រូវផ្តន្ទាទោស ចន្លោះ២-៦ ឆ្នាំ

ក្រុមបាតុករ អនាធិបតេយ្យ ១៣នាក់ នៅផ្លូវវេងស្រេង នៅតែត្រូវផ្តន្ទាទោស ចន្លោះ២-៦ ឆ្នាំ

ក្រុមបាតុករ អនាធិបតេយ្យ ១៣នាក់ នៅផ្លូវវេងស្រេង នៅតែត្រូវផ្តន្ទាទោស ចន្លោះ២-៦ ឆ្នាំ

ក្រុមបាតុករ អនាធិបតេយ្យ ១៣នាក់ នៅផ្លូវវេងស្រេង នៅតែត្រូវផ្តន្ទាទោស ចន្លោះ២-៦ ឆ្នាំ