អ្នករត់កាណូត ដឹកភ្ញៀវទេសចរ នៅផ្សារក្រោមប្រឈម នឹងការដាច់បាយ ខណៈក្រុមម្ចាស់ផែចាស់ បង្កការស្មុគស្មាញ

ភ្នំពេញ៖ ប្រជាពលរដ្ឋ ដែលជាម្ចាស់កាណូត ដឹកភ្ញៀវទេសចរ ពីផែកាណូតផ្សារក្រោម ទៅកាន់តំបន់ទេសចរណ៍មួយចំនួន ក្នុងខេត្តកំពង់ឆ្នាំង បានប្រឈម នឹងការដាច់បាយ ខណៈក្រុមម្ចាស់កាណូតដាច់កុងត្រា និងគ្មានកាតព្វកិច្ចបង់ពន្ធ នៅតែមកដណ្តើមភ្ញៀវ និងបញ្ចុះតម្លៃធ្វើដំណើរថោកខុសពីតម្លៃទីផ្សារ។

បុរសម្ចាស់កាណូត ដឹកភ្ញៀវទេសចរ ឈ្មោះ វ័ន្ត គីអាន បានប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ថា បើភ្ញៀវទេសចរ ជិះកាណូតទស្សនាកំសាន្ត តាមដងទន្លេ ក្នុងរយៈពេល ១ម៉ោង គឺគិតតម្លៃចំនួន ១០ដុល្លារ ហើយបើធ្វើដំណើរ ទៅតាមគោលដៅណាមួយ តាមជិត ឬឆ្ងាញ គិតចាប់ពី២០ ទៅ៣០ដុល្លារ។

លោក បានបន្តថា ប៉ុន្តែ ការធ្វើអាជីវកម្មរបស់ពួកគាត់នេះ ត្រូវបានជួបឧបសគ្គ ដោយសារតែមានក្រុមកាណូតមួយ ដែលជាក្រុមម្ចាស់ផែពីមុន ដែលផុតក្រុងត្រា ក្នុងការគ្រប់គ្រងផែកាណូត ដឹកភ្ញៀវទេសចរ ក្នុងផ្សារក្រោម បានមកឆាឆៅ ប្រទាញប្រទើស ដណ្តើមភ្ញៀវពីពួកគាត់ និងបានបញ្ចុះតម្លៃដឹកភ្ញៀវ ខុសពីតម្លៃធម្មតា ដែលដឹកភ្ញៀវម្តង ១៥ដុល្លារ ទៅ ២០ដុល្លារ តែពួកកាណូតចាស់យកតែ ៣ម៉ឺន ទៅ៥ម៉ឺនរៀលប៉ុណ្ណោះ ដែលបញ្ហានេះហើយ ធ្វើឲ្យពួកគាត់ មិនអាច និងមានលទ្ធភាពបញ្ចុះតម្លៃដូចបាន ព្រោះមិនចំណេញ និងថែមទំាងខាតទៀតផង ដែលកត្តានេះហើយ ទើបធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ដែលទើបនឹងធ្វើការណូតរត់ថ្មីៗនេះ ត្រូវប្រឈមនឹងការដាច់បាយ និងក្ស័យធន ខណៈម្នាក់ៗបានខ្ចីលុយពីធនាគារដើម្បីធ្វើកាណូតដឹកភ្ញៀវ បន្ទាប់ពីទទួលបានភ្លើងខៀវពីម្ចាស់ផែថ្មី ដែលផ្តល់ឱកាសឲ្យពួកគាត់មានសិទ្ធិប្រកបអាជីវកម្មរត់កាណូតឡើងវិញ។

លោក លីម គ្រី ដែលជាអ្នកម្ចាស់កាណូត ម្នាក់ទៀត បានលើកឡើងថា បញ្ហាដណ្តើមភ្ញៀវគ្នា មិនគោរពច្បាប់ទម្លាប់ របស់ក្រុមម្ចាស់ផែចាស់ ដែលមានគ្នាប្រហែល ៦ទៅ៧ កាណូតនេះ បានបង្កផលវិបាក ដល់គ្រួសាររបស់គាត់ ខណៈដែលកាណូតរបស់លោក គ្រី អាចរត់បានមួយជើង ក្នុងរយៈពេល ២ទៅ៣ថ្ងៃ តើអាចនិងមានលទ្ធភាពឯណារកប្រាក់ចិញ្ចឹមគ្រួសារ ដែលមានកូនពីរនាក់ក្នុងបន្ទុកថែមទៀតនោះ។

លោក លីម គ្រី បានបញ្ជាក់ថា "ក្រោយពីម្ចាស់ផែថ្មី ប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងប្រកបអាជីកម្មដឹកភ្ញៀវទេសចរ នៅផែទេសចរណ៍ផ្សារក្រោមនេះឡើងវិញ ខ្ញុំបានទៅចងការប្រាក់ពីធនាគារ ៨ពាន់ដុល្លារ ដើម្បីធ្វើកាណូត ដឹកភ្ញៀវ សង្ឃឹមថា បានជួយសម្រួលជីវភាព តែដឹងអី ក្រុមកាណូតម្ចាស់ផែចាស់ មិនស្តាប់សោះ មកដណ្តើមម៉ូយ ហើយបញ្ចុះតម្លៃថោករហូតខ្ញុំរកភ្ញៀវមិនបាន ២ ទៅ៣ថ្ងៃទើបចេញបាន មួយជើង តើបានលុយឯណាបង់ថ្លៃការប្រាក់ ហើយម្យ៉ាងទៀតត្រូវទិញអង្ករ ទិញម្ហូបផ្គត់ផ្គង់គ្រួសារផង"។

អ្នកស្ត្រី ស្រេង ឌីណា ម្ចាស់កាណូតម្នាក់ទៀត បានឲ្យដឹងថា ម្ចាស់ផែនកាណូតចាស់ ដែលមកដណ្តើមភ្ញៀវពួកគាត់នោះ មានឈ្មោះ ម៉ៅ បានដាច់កុងត្រា គិតត្រឹមដើមឆ្នាំ២០១៦ នេះហើយ ក្រោយដេញថ្លៃបានម្ចាស់ចំណតថ្មី បានប្រកាសប្រាប់ ប្រជាពលរដ្ឋណា ដែលមានបំណងចង់ធ្វើអាជីវកម្ម ដឹកអ្នកដំណើរតាមកាណូតទាំងអស់ ឲ្យទាក់ទងមកខាងផែ ដើម្បីចូលមកប្រកបរបររកស៊ីឡើងវិញ។

អ្នកស្រីបន្តថា "គ្រាន់តែឭដំណឹងនេះខ្ញុំសប្បាយចិត្តណាស់ ព្រោះថាខ្ញុំឈប់រកស៊ី ៣ឆ្នាំ ៤ឆ្នាំ ហើយ ដោយសារតែម្ចាស់ផែចាស់គេដេញថ្លៃបាន គេមិនឲ្យរកស៊ីជាមួយគេ ដល់ពេលម្ចាស់ផែថ្មីប្រកាសរបៀបនេះ ខ្ញុំចាប់ផ្តើមដើរខ្ចីលុយ ខ្ចីកាក់គេបន្តិចបន្តួច យកមកធ្វើកាណូតដឹកភ្ញៀវ តាមការរៀបចំរបស់ម្ចាស់ផែថ្មី ដាក់ឲ្យដំណើរការ ដោយកំណត់លេខរៀងក្នុងពេលដឹកភ្ញៀវម្តងម្នាក់ៗ តែដឹងអី ក្រុមអាម៉ៅនេះ មិនព្រមធ្វើតាម ដើរដណ្តើមភ្ញៀវតាមកាប៉ាល់ទេសចរណ៍ធំ ហើយថែមទំាំងដើរកហុកគេឯងថា ខ្លួនជាម្ចាស់ផែ"។

អ្នកស្រី អុន សុខុន ដែលមានប្តីជាអ្នកដឹកភ្ញៀវទេចរ នៅផែកាណូតផ្សារក្រោមនេះ បានលើកឡើងផងដែរថា ការដណ្តើមភ្ញៀវប៉ាតណា ប៉ាតណី នេះ គាត់ធ្លាប់ប្រាប់ទៅអាជ្ញាធរខេត្តរួចមកហើយ តែចំណាក់ការហាក់ដូចជាគ្មានប្រសិទ្ធិភាពសោះ ក្រុមនេះនៅតែដដែល ហើយមិនព្រមស្តាប់ថែមទៀត ហើយពេលខ្លះ បានបោះសម្តីដាក់ពួកគាត់ថា ឲ្យតែក្រុមខ្លួនរស់នៅក្នុងទីនោះ គឺនៅតែរកស៊ីធ្វើអីចឹងរហូត។

ជាចុងក្រោយ ពួកគាត់នៅតែទទូច និងសង្ឃឹមចំពោះអាជ្ញាធរពាក់ព័ន្ធ ជួយដោះស្រាយបញ្ហា របស់ពួកគាត់ផង បើមិនដូច្នេះទេ បញ្ហានេះ ក៏អាចធ្វើឲ្យភ្ញៀវអន្តរជាតិ មានការអន់ចិត្តផងដែរ នៅពេលដែលឃើញម្ចាស់កាណូត ដណ្តើមភ្ញៀវគ្នាយ៉ាងរញ៉េរញ៉ៃបែបនេះ។ បញ្ហានេះ បានធ្វើឲ្យមជ្ឈដ្ឋានទូទៅ ដែលបានដឹងពីរឿងនេះ បានដាក់ចម្ងល់ថា តើបញ្ហានេះ ហេតុអ្វីដោះស្រាយមិនបាន? តើមកពី មានអ្នកមានអំណាចណាមួយ នៅពីក្រោយខ្នងជនខិលខូចទាំងអស់នោះ ឬយ៉ាងណា? ព្រោះថា កាលណាអ្នកថ្មី ដេញថ្លៃក្នុងវិនិយោគបានហើយនោះ គឺអ្នកចាស់មិនអាចធ្វើអ្វីប៉ះពាល់បាននោះទេ។

ជាមួយគ្នានោះដែរ បុគ្គលិក ផែកាណូតទេសចរណ៍ ផ្សារក្រោម ក៏សម្តែងការបារម្ភផងដែរ ចំពោះសុវត្ថិភាព របស់អ្នកទេចរ ជាតិ-អន្តរជាតិ ខណៈដែលក្រុមកាណូតមួយចំនួន ពោលគឺក្រុមម្ចាស់ចាស់នោះ បានដឹកភ្ញៀវចូលចតនៅក្នុងផែកសិផល ដែលប្រឈមនិងគ្រោះថ្នាក់ផ្សេង២ ដល់អ្នកទេសចរ បុគ្គលិករូបនេះ ក៏បានអំពាវនាវផងដែរ សូមឲ្យអាជ្ញាធរមានវិធានការ ដើម្បីការងារដល់សុវត្ថិភាពភ្ញៀវ។

ជាមួយគ្នានេះ បើតាមម្ចាស់ផែកាណូត ទេសចរណ៍ ដើមពោធិ៍ទន្លេផ្សារក្រោម សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានអះអាងថា សក្តានុពល ទេសចរណ៍នឹងកើនឡើងបន្ថែមទៀត ប្រសិនបើ មានការរៀបចំត្រឹមត្រូវ និងច្បាស់លាស់ ជាពិសេសក្រុមអាជីវករ ដែលមានកាណូតសម្រាប់ជួល ដឹកភ្ញៀវទេសចរ ត្រូវចែករំលែកគ្នា តាមលេខរៀង ហើយមិនត្រូវដណ្តើមគ្នា និងបង្កការរំខានដល់អ្នករត់កាណូតដទៃទៀត៕

អ្នករត់កាណូត ដឹកភ្ញៀវទេសចរ នៅផ្សារក្រោមប្រឈម នឹងការដាច់បាយ ខណៈក្រុមម្ចាស់ផែចាស់ បង្កការស្មុគស្មាញ

អ្នករត់កាណូត ដឹកភ្ញៀវទេសចរ នៅផ្សារក្រោមប្រឈម នឹងការដាច់បាយ ខណៈក្រុមម្ចាស់ផែចាស់ បង្កការស្មុគស្មាញ

អ្នករត់កាណូត ដឹកភ្ញៀវទេសចរ នៅផ្សារក្រោមប្រឈម នឹងការដាច់បាយ ខណៈក្រុមម្ចាស់ផែចាស់ បង្កការស្មុគស្មាញ

អ្នករត់កាណូត ដឹកភ្ញៀវទេសចរ នៅផ្សារក្រោមប្រឈម នឹងការដាច់បាយ ខណៈក្រុមម្ចាស់ផែចាស់ បង្កការស្មុគស្មាញ

អ្នករត់កាណូត ដឹកភ្ញៀវទេសចរ នៅផ្សារក្រោមប្រឈម នឹងការដាច់បាយ ខណៈក្រុមម្ចាស់ផែចាស់ បង្កការស្មុគស្មាញ

អ្នករត់កាណូត ដឹកភ្ញៀវទេសចរ នៅផ្សារក្រោមប្រឈម នឹងការដាច់បាយ ខណៈក្រុមម្ចាស់ផែចាស់ បង្កការស្មុគស្មាញ

អ្នករត់កាណូត ដឹកភ្ញៀវទេសចរ នៅផ្សារក្រោមប្រឈម នឹងការដាច់បាយ ខណៈក្រុមម្ចាស់ផែចាស់ បង្កការស្មុគស្មាញ

អ្នករត់កាណូត ដឹកភ្ញៀវទេសចរ នៅផ្សារក្រោមប្រឈម នឹងការដាច់បាយ ខណៈក្រុមម្ចាស់ផែចាស់ បង្កការស្មុគស្មាញ