ឮ​ថា តុលាការ​ដោះ​លែង​ថៅកែ​ផលិត​ស្ករត្នោត​លាយថ្នាំ​គីមី ?

ឮ​ថា តុលាការ​ដោះ​លែង​ថៅកែ​ផលិត​ស្ករត្នោត​លាយថ្នាំ​គីមី ?

នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​លោក ផែង វណ្ណៈ បាន​លើក​ឡើង​ថា «​តុលាការក្រុង​ដោះ​លែង​អ្នក​ផលិត​ស្ករត្នោត​លាយ​គីមី? បន្ទាប់​ពី​ផ្ទុះ​រឿងអាស្រូវ​ដោះ​លែង​ជនសង្ស័យ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន២៥​នាក់ នៅ​ល្ងាច​នេះ ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា ៖ ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ផលិត​ស្ករត្នោត​លាយ​សារធាតុ​គីមី​ដែល​ សមត្ថកិច្ច​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ចាប់​បញ្ជូន​ទៅ​សាលាដំបូង​ កាលពី​ថ្ងៃ​ទី ២៧ ខែមករា ត្រូវ​បាន​ចៅក្រម និង​ព្រះរាជអាជ្ញា​រង​ម្នាក់​ដោះ​លេង់​តាំងពី ២​ថ្ងៃមុន មក​ម្ល៉េះ ។ ការ​ដោះ​លែង​នេះ​មិន​ត្រូវ​បាន​អ្នកកាសែត​ដឹង​ទេ គឺ​គេ​ធ្វើ​ដោយ​បិត​បាំង​ជិត​ល្អ​ណាស់ ។ បើសិនជា​មានការ​ដោះ​លែង​បែប​នេះ​មែន មហាជន​ដែល​មិនសូវ​មាន​ជំនឿ​លើ​តុលាការ​ស្រាប់​ផង​នោះ​រឹតតែ​អស់ជំនឿ​លើ​ តុលាការ​ខ្លាំង​ឡើង​ៗ» ។

បន្ទាប់​ពី​លោក ផែង វណ្ណៈ បាន​ផ្សាយ​អំពី​ថៅកែ​ផលិត​ស្ករត្នោត​លាយ​គីមី​ត្រូវ​បាន​លោក​ចៅក្រម និង​លោក​ព្រះរាជអាជ្ញារ​រង​ម្នាក់​ដោះ​លែង​នោះ នៅ​យប់​ថ្ងៃ​ទី​៣ លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​កាន់​សំណុំរឿង​នេះ​បាន​ទូរស័ព្ទ​បំភ្លឺ​ថា ៖ លោក​ពិតជា​បាន​អនុញ្ញាត​អោយ​ថៅកែ​ផលិត​ស្ករត្នោត​នោះ​ត្រលប់​ទៅ​ផ្ទះ​វិញ​ មែន ដោយសារ​តែ​មាន​ហេតុផល​សុខភាព និង​បទល្មើស​នេះ​មិន​ធ្ងន់ធ្ងរ ។

លោក មាស ច័ន្ទ​ពិសិដ្ឋ បាន​បញ្ជាក់​ថា ថៅកែ​ផលិត​ស្ករត្នោត​រូប​នេះ មាន​ជំងឺ​ធ្ងន់ធ្ងរ ហើយ​មាន​លិខិត​ពេទ្យ​បញ្ជាក់​ទៀត​ផង ទើប​លោក​អនុញ្ញាតិ​អោយ​វិល​ត្រលប់​ទៅ​ព្យាបាល​វិញ ប៉ុន្តែ​ការ​ចោទប្រកាន់​គឺ នៅ​តែ​ចោទ​ដដែល ។

លោក​ព្រះរាជអាជ្ញា​រង​ បាន​បន្ថែម​ថា ការ​ដោះ​លែង​នេះ​គឺ​មានការ​ឯកភាព ពី​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ដែរ លោក​មិនមែន​អត្តនោម័តិ​ដោះ​លែង​ម្នាក់ឯង​ទេ ។

ចំណែកឯ​លោក ផែង វណ្ណៈ បាន​បញ្ជាក់​ថា ទោះជា​លោក មាស ច័ន្ទ​ពិសិដ្ឋ បំភ្លឺ​ថា ការ​ដោះ​លែង​នេះ គឺ​ស្ថិត​នៅ​ក្រោម​ហេតុផល​សុខភាព​ក៏​ដោយ មហាជន​នៅ​តែ​ចាត់​ទុក​ថា ជា​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ដោះ​លែង​នេះ ។ ជា​ពិសេស បើ​ទោះបី​លោក មាស ច័ន្ទ​ពិសិដ្ឋ អះអាង​ថា បទល្មើស​នេះ​មាន​លក្ខណៈ​តូចតាច​មែន តែ​វា​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​ដែល​បាន​ទិញ​ស្ករ​លាយ ​គីមី​នេះ​ទៅ​ប្រើប្រាស់ ។

មហាជន​យល់​ឃើញ​ថា ថៅកែ​ស្ករត្នោត​មាន​បញ្ហា​សុខភាព​លោក​តុលាការ​យកចិត្តទុកដាក់​បាន​ល្អ​ណាស់​ ! ចំណែក​ប្រជាពលរដ្ឋ​ដែល​អាច​រង​គ្រោះ​ដល់​សុខភាព​ដោយសារ​តែ​ការ​ផលិត​ស្ករ​ លាយ​គីមី​នេះ មិន​ត្រូវ​បាន​តុលាការ​យល់​ឃើញ​ឡើយ ។

សូម​រំលឹក​ឡើង​ វិញ​ថា ទីតាំង​ផលិត​កែ​ច្នៃ​ស្ករអំពៅ ទៅ​ជា​ស្ករត្នោត​លាយ​សារធាតុ​គីមី​មួយ​កន្លែង ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ធ្វើការ​ចុះ​ត្រួតពិនិត្យ និង​ធ្វើការ​បង្ក្រាប ដែល​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ចាប់តាំងពី​ម៉ោង​១០​ព្រឹក រហូត​ដល់​ម៉ោង​០២ និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២៧ មក​រា ២០១៦ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​០៨ ផ្លូវ​៦៦៤ ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ដោយ​ត្រូវ​កម្លាំង​រក​ឃើញ​ស្ករ​ជា​វត្ថុធាតុដើម​រាប់​តោន និង​សារធាតុ​គីមី (​អ៊ី​សូល​ដ្យូ​ម​) រាប់​សិប​ធុង ។

លោក​ឧត្តមសេនីយ៍ត្រី ឡុ​ង ស្រេង ក៏​បានឱ្យ​ដឹងផង​ដែរ​ថា ទីតាំង​ខាងលើ​នេះ ជា​កន្លែង​កែ​ច្នៃ​ស្ករអំពៅ​ប្រភេទ​លេខ​៤ យក​មក​កែ​ច្នៃ​ធ្វើ​ជា​ស្ករត្នោត​ប្រភេទ​លេខ​១ ដោយ​មាន​លាយ​សារធាតុ​គីមី (​អ៊ី​សូល​ដ្យូ​ម​) ដែល​សារធាតុ​នេះ ត្រូវ​បាន​គេ​ហាម​ប្រើប្រាស់​លើ​ចំណីអាហារ​គ្រប់​ប្រភេទ ព្រោះ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ក្រពះ និង​ពោះវៀន​មនុស្ស​ជា​ខ្លាំង ។

ការ ​បង្ក្រាប​ទីតាំង​ទី​២ ផ្ទះ​លេខ​០៩ ផ្លូវ​លេខ​២៥៥ ក្នុង​សង្កាត់​បឹង​សាឡា​ង ក៏​មានការ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ ចាន់ វ៉ា​ន់​ធឿ​ន ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ផង​ដែរ រក​ឃើញ​ថា គឺជា​ទីតាំង​ខុសច្បាប់ ដែល​បាន​ចែកចាយ​សារធាតុ​គីមី និង​ជាតិ​អាស៊ីត​ជា​ច្រើន ។

ទីតាំង​ទី​២​នោះ ត្រូវ​កម្លាំង​ដកហូត​សំបក​ធុង​ដែល​មាន​សារធាតុ​គីមី sodium hydrosulfite បាន​ចំនួន​២០​ធុង​, សំបក​ធុង​មិន​ទាន់​ប្រើប្រាស់​ចំនួន​១២​ធុង និង​សារធាតុ​គីមី​ជា​ច្រើន​ទៀត​នៅ​ក្នុង​ឃ្លាំង​ខាងលើ ។ គួរ​បញ្ជាក់​ថា ទីតាំង​ទី​២​នេះ មាន​ម្ចាស់​ឈ្មោះ​គ្រុយ សុខ អាយុ​៣៣​ឆ្នាំ ជា​អ្នក​ចែកចាយ​តែ​ម្តង ៕