អាថ៌កំបាំង​រឿង​រណ្ដៅ​ដី​នៅក្នុង​ខេត្តកណ្ដាល ត្រូវបាន​លាតត្រដាង​

បញ្ហា​រណ្ដៅ​ដី​ធំៗ​នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ការបាក់​ដីស្រែ​ចម្ការ​រប​ស់​ពួកគាត់​ចូលទៅក្នុង​រណ្ដៅ​ដី​នោះ ហើយ​រថយន្ត​ដឹក​ដី​ធំៗ​ក៏បាន​ធ្វើ​ឲ្យ​ខូច​ផ្លូវលំ​ក្នុងភូមិ​-​ឃុំ​ជា​បន្តបន្ទាប់​។ ជាពិសេស​រណ្ដៅ​ដី​មួយកន្លែង​ដែលមាន​ម្ចាស់​ឈ្មោះ ឌី​ន នៅក្នុង​ភូមិ​ស្រី​ស្តំ ឃុំ​ក​ណ្ដោ​ក ស្រុក​កណ្ដាលស្ទឹង ក្បែរ​ស្ពាន​ព្រែកកំពឹស កំពុង​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នាំគ្នា​តវ៉ា​ជា​បន្តបន្ទាប់ ដើម្បី​ឲ្យ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកណ្ដាល ក៏ដូចជា​អាជ្ញាធរ​ខេត្តកណ្ដាល ចាត់វិធានការ​ទប់ស្កាត់​។

ទាក់ទង​បញ្ហា​ខាងលើនេះ លោក ចក់ គង់ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកណ្ដាល កាលពីពេល​ថ្មីៗ​នេះ​បាន​ទម្លាក់​ការទទួលខុសត្រូវ​ទៅលើ​ក្រសួង​រ៉ែ​និង​ថាមពល ថា​មាន​ភាពយឺតយ៉ាវ​ក្នុងការ​សម្រេច​តាម​សណើ​របស់​ថ្នាក់​ខេត្ត ដើម្បី​បិទ​អាជីវកម្ម​រណ្ដៅ​ដី​ខុសច្បាប់​។ ប្រការនេះ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​សង្ស័យថា លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ក៏ដូចជា​មន្ត្រីជាន់ខ្ពស់​មួយចំនួន​ក្នុង​ក្រសួង​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍ ទើប​មិន​សម្រេច​តាម​សំណើរ​របស់​ថ្នាក់​ខេត្ត​ក្នុង​ការបិទ​អាជីវកម្ម​រណ្ដៅ​ដី​ខុសច្បាប់​នៅ​ខេត្តកណ្ដាល​។ ប្រសិនបើ​លោក ស៊ុយ សែម និង​មន្ត្រីជាន់ខ្ពស់​មួយចំនួន​មិន​ទទួលបាន​ផលប្រយោជន៍​ទេនោះ ប្រាកដជា​ចាត់វិធានការ​តាម​សំណើ​របស់​មន្ទីរជំនាញ​និង​អាជ្ញាធរ​ខេត្តកណ្ដាល​ជាមិនខាន​។

តាម​ការអះអាង​របស់​លោក ចក់ គង់ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកណ្ដាល បាន​ឲ្យ​ដឹង​ទៀតថា រូបលោក​ព្រមទាំង​អភិបាលខេត្ត​កណ្ដាល បានដាក់​លិខិត​ទៅកាន់​ក្រសួង​រ៉ែ​និង​ថាមពល​រួចហើយ ដើម្បី​ស្នើសុំ​គោលការណ៍​បិទ​រណ្ដៅ​ដី​ដែល​អនុវត្តន៍​បំពាន​ច្បាប់​នៅ​ទូទាំង​ខេត្តកណ្ដាល ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​នៅ​មិនទាន់​ឃើញ​មាន​សេចក្ដីសម្រេច​ពី​ក្រសួង​នោះទេ​។ គេ​មិនដឹងថា​លោក ស៊ុយ សែម ជាប់រវល់​ខ្លាំង​ឬ​មាន​បញ្ហា​អ្វី​ផ្សេង​ទើប​មិន​ធ្វើតាម​សំណើ​របស់​ថ្នាក់​ខេត្ត​នោះឡើយ ព្រោះ​បច្ចុប្បន្ន​ម្ចាស់​រណ្ដៅ​ដី​ខុសច្បាប់​មួយចំនួន​នៅ​ខេត្តកណ្ដាល កំពុង​បន្ត​អាជីវកម្ម​យ៉ាង​គឃ្លើន​។ ម្ចាស់​រណ្ដៅ​ដី​ខុសច្បាប់​ទាំងនោះ​បាន​ជីក​កាយ​យក​អាចម៍ដី​ក្នុង​ជម្រៅ​ជ្រៅៗ ហើយ​ដឹកជញ្ជូន​តាម​រថយន្ត​ធំ​រាប់រយ​គ្រឿង មិន​គ្រប​ឲ្យ​បាន​ត្រឹមត្រូវ​នាំ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន ក៏ដូចជា​ការរស់នៅរ​បស់​ប្រជាពលរដ្ឋ​និង​ធ្វើ​ឲ្យ​ខូច​ផ្លូវ​ក្នុង​មូលដ្ឋាន​ស្រុក​កណ្ដាលស្ទឹង និង​ក្រុង​តាខ្មៅ ជា​បន្តបន្ទាប់​៕

vayofm_3លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល IMG_0093