លោក សម រង្ស៊ី រិះគន់​អ្នក​ចង់​បង្កើត​ច្បាប់​សញ្ជាតិ​មួយ​ថា​មានបំណង​រាំងស្ទះ​ការអភិវឌ្ឍ​ជាតិខ្មែរ​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បានបញ្ជាក់​ថា​នៅ​ប្រទេស​អ៊ីស្រាអែល​គេ​បាន​ប្រមូល​ជនជាតិ​គេ​ទាំងអស់​មកពី​គ្រប់​ជ្រុង​នៃ​ពិភពលោក​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​របស់គេ បើទោះជា​ជនជាតិ​អ៊ីស្រាអែល​មាន​សញ្ជាតិ​អ្វី​ក៏ដោយ ដូច្នេះ​ប្រទេស​កម្ពុជា​ក៏​ត្រូវតែ​ផ្តល់ឱកាស​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​ទាំងអស់​អាចមាន​ឱកាស​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ផងដែរ​ឲ្យ​តែ​ពួកគេ​មាន​ដើមកំណើត​ខ្មែរ ឈាមជ័រ​ជា​ខ្មែរ មាន​មនសិការ​ខ្មែរ និង​មាន​បេះដូង​ខ្មែរ​។​

​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បានបញ្ជាក់​នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កាណាដា​កាលពីពេល​ថ្មីៗ​នេះ​ថា គេ​មិន​ត្រូវមាន​ការរើសអើង​ចំពោះ​ខ្មែរ​ដែលមាន​សញ្ជាតិ​បរទេស​នោះទេ ផ្ទុយទៅវិញ​យើង​ត្រូវតែ​អំពាវនាវ និង​កៀងគរ​ខ្មែរ​ក្រៅប្រទេស​ទាំងអស់​ដែលមាន​សមត្ថភាព មាន​ធនធាន មាន​ឆន្ទៈ​ចង់​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​ឡើង​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់ថា​កន្លងមក​ប្រធាន​បក្ស​ប្រជាជន​កម្ពុជា និង​ប្រមុខ​រដ្ឋាភិបាល​ផង​នោះ បានស្នើ​ឲ្យ​មានការ​ពិនិត្យ និង​រៀបចំ​បង្កើត ច្បាប់​សញ្ជាតិ​មួយ​ចំពោះ​ប្រធាន​គណបក្សនយោបាយ​នៅ​កម្ពុជា​។ លោក សម រង្ស៊ី បាន​បន្តថា ការតម្រូវ​ឲ្យ​មានច្បាប់​សញ្ជាតិ​មួយ​នេះ គឺជា​ការរើសអើង និង​មានបំណង​ធំ ចង់​បញ្ចប់ជីវិត​នយោបាយរ​ប​ស់លោក ហើយក៏​ប៉ះពាល់​ដល់​ខ្មែរ​ដែល​រស់នៅ​បរទេស​ផងដែរ​។​

​គួរ​បញ្ជាក់ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កន្លងមក បានលើកឡើង​ថា​សព្វ​ថ្វៃ​នេះ ជនជាតិខ្មែរ​ដែល​រស់​នៅ​ឯនាយសមុទ្រ មាន​ចំនួន​ដល់​ទៅ ១​លាន​នាក់ ហើយ​នៅពេលនេះ​បើ​គិត​ទាំង​កូនចៅ​របស់​ពួកគាត់​ដែល​កើត​នៅក្រៅ​ប្រទេស​ផង តាំងពី​ឆ្នាំ ១៩៧៥ មក​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា ជនរួមជាតិ​ខ្មែរ​ដែល​រស់នៅ​ឯនាយសមុទ្រ ជា​ធនធានមនុស្ស​ដ៏​សំខាន់ សម្រាប់​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃមុខ ពីព្រោះ​ពួកគេ​ភាគច្រើន ជាពិសេស​ក្មេងៗ​ជំនាន់​ក្រោយ​មានចំណេះដឹង​ខ្ពង់ខ្ពស់ និង​មាន​ជំនាញ​គ្រប់​វិស័យ ហើយ​ចេះ​និយាយ​ច្រើន​ភាសា ដែលមាន​ប្រយោជន៍​ក្នុងការ​ទំនាក់ទំនង​អន្តរជាតិ​៕

10458898_10204313954113295_4451576252759914799_n 1380848_10202494350944353_1455882105_n