អនាគត​ហ្វ៊ុនស៊ិនប៉ិច​កំពុង​ស្ថិតនៅ​មាត់ជ្រោះ​មរណៈ​…

​ភ្នំពេញ​៖ ប្រសិនបើ​គេ​និយាយ​ពី​ការបែកបាក់​ធំៗ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​ប្រេះឆា​គ្នា​ចំនួន​បី​លើក​រួចមកហើយ​។ ប៉ុន្តែ​ប្រសិនបើ​គេ​បូក​ជាមួយ​ការចាកចេញ​របស់​ឯក​ឧ​ត្ត​ម សម រង្ស៊ី ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​កាលពី​ឆ្នាំ​១៩៩៤​ម្តងទៀត ការបែកបាក់​បាន​កើន​ដល់​ចំនួន​៤​ដង​។ តើ​ការបែកបាក់​ចុងក្រោយ​នេះ ធ្វើ​ឲ្យ​អនាគត​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ស្ថិតនៅ​មាត់ជ្រោះ​មរណៈ​មែនឬ​?

​បង្កើតឡើង​នៅ​ឆ្នាំ​១៩៨១​ដោយ​អតីតព្រះមហាក្សត្រ​សម្តេច នរោត្តម សីហនុ គណបក្ស​ហ្វ៊ុន​ស៊ិន​ត្រូវបាន​ព្រះអង្គ​ប្រគល់ជូន​បុត្រា​ព្រះអង្គ គឺ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពី​ឆ្នាំ​១៩៩១ មុននឹង​គណបក្ស​នេះ ទទួលបាន​ជ័យជម្នះ​លើ​ការបោះឆ្នោត​ដែល​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ​នៅ​ឆ្នាំ​១៩៩៣ ។

​នៅ​ឆ្នាំ​១៩៩៣ ក្រោយពី​មានការ​សម្របសម្រួល​ផ្នែក​នយោបាយ​ជាមួយ​បុរស​ខ្លាំង​សម្តេច ហ៊ុន សែន​, ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ បានទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី​ទី​១ រីឯ​សម្តេច ហ៊ុន សែន ទទួលបាន​តំណែង​ជា​នាយករដ្ឋមន្ត្រី​ទី​២ ក្នុង​អាណត្តិ​ទី​១ ។ រថយន្ត​មួយ​តៃកុង​ពីរ ពិតជា​មិនមាន​សុខដុម​រមនីយ​កម្ម​ល្អ​ឡើយ​។ ជាក់ស្តែង នៅ​ឆ្នាំ​១៩៩៧ ព្រឹត្តិការណ៍​ផ្ទុះអាវុធ​ថ្ងៃទី​៥ និង​៦​កក្កដា បាន​បង្ក​ឲ្យ​ពលទាហាន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ពល​ទា​ហាន​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មួយចំនួន​បាត់បង់​ជីវិត​។

​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​១៩៩៣ និង​មុន​ព្រឹត្តិការណ៍​ផ្ទុះអាវុធ​ឆ្នាំ​១៩៩៧ ការបែកបាក់​តូច​មួយ​បានកើត​ឡើង​រវាង​ឯកឧត្តម សម រង្ស៊ី មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច​។ នៅ​ទីបំផុត ឯកឧត្តម សម រង្ស៊ី បាន​ដើរ​ចេញពី​បក្ស ហើយ​ទៅ​បង្កើត​គណបក្ស​ខ្លួនឯង​នៅ​ឆ្នាំ​១៩៩៥ ។

​ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃ​៥ និង​៦​កក្កដា​នេះ ព្រះអង្គម្ចាស់ រណឫទ្ធិ បាន​និរទេស​ព្រះកាយ​ទៅ​ស្នាក់​នៅឯ​បរទេស​ ដោយ​បើកផ្លូវ​ឲ្យ​មានការ​តែងតាំង​លោក អ៊ឹង ហ៊ួ​ត មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជា​នាយករដ្ឋមន្ត្រី​រយៈ​ពេល​មួយឆ្នាំ មុន​ការបោះឆ្នោតជាតិ​ឆ្នាំ​១៩៩៨ ។ ក្នុងអំឡុង​ព្រឹត្តិការណ៍​ឆ្នាំ​១៩៩៧ និង​១៩៩៨​នោះ​ហើយ ​ដែល​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច ​បាន​បែកបាក់​គ្នា​យ៉ាងខ្លាំង ពីព្រោះមន្ត្រី​មួយចំនួន​បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា មន្ត្រី​មួយចំនួនទៀត​បាន​ទៅ​បង្កើត​គណបក្ស​ដោយ​ខ្លួនឯង និង​មួយចំនួនទៀត​បានសម្រេច​ចិត្ត​ ស្ថិតនៅ​ជាមួយ​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ​។

​ការបែកបាក់​លើក​ទី​៣​ដែលមាន​ទំហំ​ធំ​ដែរនោះ គឺ​នៅ​ឆ្នាំ​២០០៦ ។ នៅក្នុង​ឆ្នាំ​នោះ ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ដែលជា​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ត្រូវបាន​សមាជិក​ថ្នាក់​ក្រោម​ធ្វើ​បក្ស​ប្រហារ​ទម្លាក់​ចេញពី​តំណែង​។ ក្រោយពី​ទម្លាក់​ចេញពី​តំណែង ព្រះអង្គម្ចាស់ រណឫទ្ធិ មិន​ស្ងប់​ព្រះទ័យ​ឡើយ​។ ជា​លទ្ធផល ព្រះអង្គ​បាន​បង្កើត​គណបក្ស និង​ដឹកនាំ​ដោយផ្ទាល់​ព្រះកាយ​ព្រះអង្គ​។

​នៅ​ដើមឆ្នាំ​២០១៥​កន្លងមកនេះ គូសត្រូវ​បងប្អូន​បង្កើត​នឹង​គ្នា​យល់ឃើញ​ពី​ហានិភ័យ​នៃ​អនាគត​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទើប​មេដឹកនាំ​គណបក្ស គឺ​លោក ញឹក ប៊ុនឆៃ និង​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ បានសម្រេច​ចិត្ត​សម្រប​អារម្មណ៍​ជាមួយគ្នា​ដើម្បី​រួបរួមគ្នា​ឡើងវិញ ហើយ​បើកផ្លូវ​ជូន​សម្តេចក្រុមព្រះ​ឲ្យ​ឡើងកាន់តំណែង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ឡើងវិញ​។ ការរួបរួម​នេះ គឺមាន​គោលដៅ​ធ្វើ​យ៉ាងដូចម្តេច​ដើម្បី​ដណ្តើមយក​អាសនៈ​រដ្ឋសភា​មកវិញ​ខ្លះ ពីព្រោះ សំឡេងឆ្នោត​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​ដាំ​ក្បាល​ចុះ​តាំងពី​ឆ្នាំ​១៩៩៨​ដោយសារ​ជម្លោះផ្ទៃក្នុង បែកបាក់​គ្នា​គ្មាន​ទីបញ្ចប់​។

​ជាក់ស្តែង កាលពី​ឆ្នាំ​១៩៩៣ ហ្វ៊ុនស៊ិនប៉ិច គឺជា​គណបក្ស​ឈ្នះឆ្នោត​ដោយ​ទទួលបាន​អាសនៈ​ចំនួន​៥៨​កៅអី ៤៣​កៅអី​នៅ​ឆ្នាំ​១៩៩៨ ២៦​កៅអី​នៅ​ឆ្នាំ​២០០៣ ២​កៅអី​នៅ​ឆ្នាំ​២០០៨ និង​សូន្យ​កៅអី​កាលពី​ឆ្នាំ​២០១៣​កន្លងមក​។

​លទ្ធផល​បរាជ័យ​ដ៏​សម្បើម​នេះ បាន​ចាប់បង្ខំ​ព្រះអង្គម្ចាស់ រណឫទ្ធិ និង​លោក ញឹក ប៊ុនឆៃ ជាថ្មី​ម្តងទៀត ឲ្យ​មើលមុខ​គ្នា​ចំ និង​ចាប់ដៃគ្នា​ឡើងវិញ​។ ប៉ុន្តែ​ភាព​ល្អូកល្អិន​បានកើត​ឡើង​តែ​ក្នុង​រយៈពេល​មួយឆ្នាំ​ប៉ុណ្ណោះ ក្រោយមកសេចក្តីស្នេហា​នៃ​មន្ត្រី​គណបក្ស​រាជានិយម​ទាំងពីរ​ក៏​បែក​គ្នា​ឡើងវិញ​។ ការបែកបាក់​លើក​ទី​៤​នេះ គឺ​កើតឡើង​នៅក្នុង​ខែកុម្ភៈ​ឆ្នាំ​២០១៦​នេះ​។ ការបែកបាក់​លើក​នេះ បាន​បង្ខំចិត្ត​ឲ្យ​លោក ញឹក ប៊ុនឆៃ ដើរ​ចេញពី​បក្ស​ហ្វ៊ុនស៊ិនប៉ិច​ម្តង ហើយ​ទៅ​បើក​គណបក្សនយោបាយ​ថ្មី​វិញ​។

​រួបរួមគ្នា​ហើយ បែកបាក់​គ្នា​វិញ​។ បែកបាក់​គ្នា​ហើយ រួបរួមគ្នា​ឡើងវិញ​។ នេះ​គឺជា​វាល​វដ្ត​នៃ​គណបក្ស​ហ្វ៊ុន​ស៊ិន​ក្នុង​រយៈពេល​ជិត​២០​ឆ្នាំ​កន្លងមកនេះ​។

​ការបែកបាក់​លើកចុងក្រោយ​នេះ​ត្រូវបាន​គេ​គិតថា គឺជា​អ​វ​សាន្ត​ចុងក្រោយ​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ពីព្រោះ មេដឹកនាំ​នៃ​គណបក្ស​មួយ​នេះ​មាន​វ័យ​ចំណាស់​អស់​ទៅហើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នកវិភាគ​មួយចំនួន​បាន​សន្និដ្ឋានថា ការឈ្លោះគ្នា​នៅពេលនេះ គឺជា​ការ​រុញច្រាន​ឲ្យ​អនាគត​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ​រំកិល​ទៅរក​មាត់ជ្រោះ​មរណៈ​កាន់តែ​កៀក​ឡើងៗ មានន័យថា គណបក្ស​មិន​ត្រឹមតែ​បាត់បង់​អស់​អាសនៈ​ប៉ុណ្ណោះ​ទេ តែ​រូបភាព និង​ក្តី​ស្រឡាញ់​ចំពោះ​គណបក្ស​រាជានិយម​ កាន់តែ​រសាត់​ឆ្ងាយ​បន្តិច​ម្តងៗ​ពី​បេះដូង​នៃ​ពលរដ្ឋ​ខ្មែរ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​