ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ មក​រា ២០១៦ នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្ក​ឡើង​ដោយសារ​រថយន្ត​ដឹក​ថ្ម​ធុន​ធំ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន ណឹ​ម ម៉េ​ង បើក​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន ក៏​ជ្រុល​បុក​រះ​ម៉ូតូ​៣​គ្រឿង រួច​ជ្រុល​បុក​ផ្ទប់​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​មួយ​គ្រឿង​ទៀត បណ្តាល​ឱ្យ​ម៉ូតូ​មួយ​គ្រឿង​ត្រូវ​គៀប​ជាប់​ក្រោម​រថយន្ត និង​២​គ្រឿង​រួម​ទាំង​រថ​យន្ត​ក្រ​ឡុ​ង​ស៊ីម៉ង់ត៍​ត្រូវ​រង​ការ​ខូចខាត តែ​សំណាងល្អ មិន​មាន​អ្នក​រង​របួស ។

ហេតុការណ៍​នេះ កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េ​ត ​ច្រកចូល​ទៅ​ទីលាន​ចាក់សំរាម​ចាស់ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​រៀបរាប់​ថា នៅ​មុន​ពេល​មាន​ហេតុការណ៍​កើតឡើង គឺ​ដំបូង​ឡើយ គេ​ស​ង្គេ​ត​ឃើញ​រថយន្ត​ដឹក​ថ្ម​ធុន​ធំ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន ណឹ​ម ម៉េ​ង ពណ៌​ខៀវ គ្មាន​ស្លាក​លេខ បើក​ដោយ​ដោយ​បុរស​ម្នាក់ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េ​ត ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន ។ លុះ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​បាន​បត់​បម្រុង​បត់​ចូល​ទៅ​កាន់​ផ្លូវ​ទីលាន​ចាក់សំរាម​ចាស់ ស្រាប់តែ​វ៉ា​ក់​អឺ​ជាមួយ​ម៉ូតូ​២​គ្រឿង (​មួយ​គ្រឿង​ម៉ាក CBR ពណ៌​លឿន ពាក់​ស្លាក​លេខ 1CE-5659 ជិះ​ធ្វើ​ដំណើរ​ដោយ​បុរស​២​នាក់ និង​មួយ​គ្រឿង​ទៀត​ម៉ាក Today ជិះ​ដោយ​ក្មេង​ៗ​សិស្សសាលា​៤​នាក់​) បណ្តាល​ឱ្យ​រថយន្ត​ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​បុក​ពីក្រោយ​ម៉ូតូ​ទាំង​២​គ្រឿង ដួល​រង​ការ​ខូចខាត​ម៉ូតូ​តែ​មនុស្ស​មិន​មាន​រង​របួស​ធ្ងន់ធ្ងរ​ទេ ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​បុក​ម៉ូតូ​ទាំង​២​គ្រឿង​ខាងលើ​ហើយ​នោះ ដោយ​ក្នុង​សភាព​ស្លន់ស្លោរ​ពេក​តៃកុង​រថយន្ត​បាន​បួង​ចង្កូតរថយន្ត​មក​ឆ្វេង​វិញ ក៏​ជ្រុល​បុក​ម៉ូតូ​សង់​ឌ្រី​ម​ស៊េរី ឆ្នាំ​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1V-5587 ជិះ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ស្របគ្នា ពីក្រោយ​ពេញទំហឹង បណ្តាល​ឱ្យ​ម្ចាស់​ម៉ូតូ​ខ្ទាត​ចេញពី​ម៉ូតូ​ដួល​បោក​ផ្ទប់​នឹង​ថ្នល់​រង​របួស ។ ចំណែក​ម៉ូតូ​ខ្ទាត​ចូល​ក្រោម​រថយន្ត​អូស​ជាង​៥​ម៉ែត្រ រង​ការ​ខូចខាត​យ៉ាងដំណំ ។ ភ្លាម​រថយន្ត​បង្ក​នៅ​មិន​ទាន់​អស់​ល្បឿន ក៏​ជ្រុល​ទៅ​បុក​ផ្ទប់​នឹង​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ធុន​ធំ​មួយ​គ្រឿង​ទៀត​ចំ​ចំហៀង​ខាងឆ្វេង​ពេញទំហឹង បណ្តាល​ឱ្យ​រង​ការ​ខូចខាត​មួយ​តង់​ទៀត​ផង​ដែរ ។

ភ្លាម​ៗ បន្ទាប់​ពី​បង្កហេតុ​តៃកុង​រថយន្ត​បង្ក បាន​បើកទ្វារ​រថយន្ត​ចេញ​មក​ខាងក្រៅ រួច​ព្យាយាម​រត់គេច​ខ្លួន​បាត់​ស្រមោល​បន្សល់​ទុក​តែ​រថយន្ត​ចោល​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​បាន​ចុះ​អន្តរាគមន៍ ធ្វើការ​វាស់វែង​ផង​ដែរ​ ប៉ុន្តែ​ដោយសារ​ករណី​ខាងលើ​នេះ ​មិន​បាន​បណ្តាល​ឱ្យ​​ខូចខាត​ដល់​ទ្រព្យសម្បត្តិ​រដ្ឋ ​ឬ​ធ្វើ​ឱ្យ​​រង​របួស​ធ្ងន់ធ្ងរ និង​បង្កឱ្យ​​មាន​មនុស្ស​ស្លាប់​នោះទេ​ ដូច្នេះ​ហើយ​ខាង​តំណាង​ក្រុមហ៊ុន​រថយន្ត​បង្កហេតុ សុំធ្វើការ​ចរ​ចា ​ជា​សំណង​ជាមួយ​ជន​រង​គ្រោះ ​ដោយ​សុខចិត្ត​ចេញថ្លៃ​ខូចខាត​ទាំងអស់នៃ​សម្ភារ ​ដែល​បាន​​ខូចខាត ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ​ ។