ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ដោយ​ដកស្រង់​ប្រភព​ព័ត៌មាន​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី ទីភ្នាក់ងារ​ព័ត៌មាន RIA NOVOSTI គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៣ កុម្ភៈ ថា ទីប្រឹក្សាយោធា​រុ​ស្ស៊ី​ម្នាក់​បាន​ត្រូវ​ស្លាប់​ដោយសារ​គ្រាប់​ផ្លោង​មួយ​គ្រាប់​នៅ​ស៊ី​រី ។

ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី​នេះ​បញ្ជាក់​ថា នា​ថ្ងៃ​ទី​១ កុម្ភៈ ពេល​មានការ​វាយប្រហារ​ដោយ​កាំភ្លើងត្បាល់​របស់​ក្រុម​ភេរវកម្ម​រដ្ឋ​អ៊ិ​ស្លា​ម​លើ​បន្ទាយ​មួយ​របស់​កងទ័ព​ស៊ី​រី នាយ​ទាហាន​​រូប​នេះ​ត្រូវ​របួសធ្ងន់ ហើយ​ក៏​បាត់បង់​ជីវិត ។ ទីប្រឹក្សាយោធា​រូប​នេះ​បាន​ទៅ​កាន់​ស៊ី​រី ដើម្បី​ជួយ​កងទ័ព​ប្រទេស​នេះ​ឱ្យ​ចេះ​ប្រើប្រាស់​អាវុធ​ថ្មី​ៗ ដែល​ផ្តល់​ឱ្យ​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​យោធា និង​បច្ចេកទេស​រវាង​រដ្ឋ​ទាំង​២ ។

នាយទាហាន​រូប​នេះ​ជា​ទាហាន​រុ​ស្ស៊ី​ទី​៣ ដែល​ស្លាប់​នៅ​ស៊ី​រី​ចាប់តាំងពី​ក្រុង​មូ​ស្គូ​ចាប់ផ្តើម​យុទ្ធនាការ​វាយប្រហារ​តាម​អាកាស ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី​ពី​ខែកញ្ញា ឆ្នាំ​២០១៥ មក ។ រុ​ស្ស៊ី​និយាយ​ថា ខ្លួន​ធ្វើ​អន្តរាគមន៍​យោធា​នេះ​ទៅ​តាម​សំណើ​របស់​ប្រធានាធិបតី​ស៊ី​រី លោក​បា​ចា អាល់​អាសា​ដ ។ កង​យន្តហោះ​រុ​ស្ស៊ី​ដាក់​ពង្រាយ​នៅ​ឯ​មូលដ្ឋាន​អាកាសចរណ៍ HMEIMI ជិត​ទីក្រុង LATTAQUIE ៕