ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ប្រឈម​មុខ​នឹង​ការ​ប្រើ​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ​ប្រើ​តេឡេកុំម៉ង់​កាន់តែ​ច្រើន​ពីលើ​បណ្តា​តំបន់ហាមឃាត់​ដូច​ជា​លើ​បណ្តា​ព្រ​លាន​យន្តហោះ ឬ​លើ​បណ្តា​កន្លែង​ប្រមូលផ្តុំ​មនុស្ស ប៉ូលិស​ហូ​ឡង់​បាន​ងាក​មក​ប្រើ​វិធីសាស្ត្រ​ប្រមាញ់​បុរាណ​បំផុត​មួយ ដើម្បី​ចាប់​របស់​ហោះ​ទាំងនេះ​ដោយ​សត្វ​ឥន្ទ្រី ។

ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​សាកល្បង​មួយ​ចំនួន ដែល​សំដៅ​កំណត់​ថា វិធីសាស្ត្រ​នេះ​ជា​វិធី​ដ៏​ប្រសើរ​សម្រាប់​ចាប់​យន្តហោះ​គ្មាន​មនុស្ស​បើក​តូច​ៗ ក្រុមហ៊ុន​ឯកទេស​មួយ GUARD FROM ABOVE បាន​បង្ហាត់​សត្វ​ឥន្ទ្រី​ជា​ច្រើន​ក្បាល​សម្រាប់​ប៉ូលិស ។

លោក DENNIS JANUS អ្នកនាំពាក្យ​ម្នាក់​របស់​ប៉ូលិស​ហូ​ឡង់​និយាយ​ថា នេះ​ជា​ដំណោះស្រាយ LOW-TECH សម្រាប់​បញ្ហា HIGH-TECH ។ គេ​ប្រើ​មធ្យោបាយ​ប្រមាញ់​រាប់​ពាន់​ឆ្នាំ​មក​ហើយ គឺ​ប្រើ​បក្សី​ដែល​ចាប់​សត្វ​ជា​ចំណី​ដើម្បី​ចាប់ និង​កម្ទេច​បណ្តា​យន្តហោះ​គ្មាន​មនុស្ស​បើក ។

វី​ដេ​អូ​មួយ​នៃ​ការ​សាកល្បង​ចេញផ្សាយ​ដោយ​ប៉ូលិស​បង្ហាញ​សត្វ​ឥន្ទ្រី​មួយ​ក្បាល​ហើរ​ឆាប​ចាប់​យន្តហោះ​តេឡេកុំម៉ង់​មួយ ដោយ​ចាប់​របស់​នេះ​ជាប់​នឹង​ក្រ​ញ៉ាំ​វា ហើយ​បន្ទាប់​យក​មក​ដាក់​កន្លែង​មួយ ។

ដូច​នៅ​កន្លែង​ឯទៀត​ៗ​នៃ​ពិភពលោក​ដែរ​ការ​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​មានការ​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ហូ​ឡង់ ។ លោក JANUS ដែល​លើក​ឡើងជា​ពិសេស​ពី​ព្រ​លាន​យន្តហោះ ឬ​កន្លែង​ប្រមូលផ្តុំ​មនុស្ស​គូសបញ្ជាក់​ថា គេ​មិន​អាច​ឱ្យ​មានការ​ហោះហើរ​ទោះជា​យន្តហោះ​គ្មាន​មនុស្ស​បើក​លើ​តំបន់​ទាំងនោះ​ទេ មក​ពី​ហេតុផល​សន្តិសុខ ។ លោក​បន្ត​ថា បើ​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ​ប្រើ​តេឡេកុំម៉ង់​មួយ​ធ្លាក់​លើ​មនុស្ស​ដែល​កំពុង​ប្រមូលផ្តុំ​គ្នា​នោះ​វា​អាច​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់ ។

ក្រៅពី​ពពួក​បក្សី​ឆាប​ចាប់​ចំណី ប៉ូលិស​ហូ​ឡង់​នៅ​សាកល្បង​ប្រព័ន្ធ​មួយទៀត​ដែល​អាច​ត្រួតពិនិត្យ​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយ​ពេល​កំពុង​ហោះហើរ ព្រមទាំង​សំណាញ់​ដែល​បំពាក់​ឱ្យ​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយទៀត ៕