ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ឆ្នាំង​ ៖​ សិស្សានុសិស្ស​ចំនួន​៤០៩​នាក់ រៀន​នៅ​សាលា​បឋម​សិក្សា ហ៊ុន ​សែន ព្រៃ​ខ្មែរ ​ស្ថិត​ក្នុងភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ​កាល​ថៃ្ង​ទី​៣​ ​កុម្ភៈ​ ២០១៦ ត្រូវ​បាន​លោកស្រី តុង ណា​រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ និង​ក្រុមការងារ​ចុះ​សាកសួរ​សុខទុក្ខ និង​នាំ​យក​សម្ភារ​សិក្សារបស់​សប្បុរសជន​ជាអាជីវករ នៅ​ក្នុង​ខេត្ត​​ទៅ​​ទៅ​ចែក​ជូន​ក្មួយ​ៗ​ដែល​កំពុង​សិក្សា​ទីនោះ​ ។

លោក អ៊ុំ ច័ន្ទ​ថា នាយក​សាលា​បឋម​សិក្សា ​ហ៊ុន​ សែន​ ព្រៃ​ខ្មែរ បានឱ្យ​​ដឹង​ថា សិស្ស​ដែលបាន​មក​ទទួល​​សសម្ភារសិក្សា​ពី​លោក​​ស្រី​ តុង ណា​រី នៅ​ថ្ងៃនេះ មាន​ចំនួន​៤០៩​នាក់ លោកគ្រូ អ្នកគ្រូចំនួន​១៨​នាក់ និង​អាជ្ញាធរ​មូលដ្ឋាន​​ ។ ​ដោយ​សិស្ស​ម្នាក់​ៗ​ទទួល​បាន​សៀវភៅ​១​ក្បាល ​ប៊ិ​ក​១​ដើម នំ​១​ក​ញ្ចា​ប់ ​ក្នុង​នោះ​សិស្ស​ជាប់​លេខ​១​ចំនួន​១៦​នាក់ ​ក្នុង​ម្នាក់​ៗ​ទទួល​បាន​​ប្រាក់​​១​ម៉ឺន​រៀល ចំណែក​លោកគ្រូ​ អ្នកគ្រូ និង​អាជ្ញាធរ​មូលដ្ឋាន​ចំនួន​២១​នាក់ ក្នុង​ម្នាក់​ទទួល​បាន​សាប៊ូ​១​កញ្ចប់ និង​សាប៊ូ១​ដប ហើយ​លោក​ស្រី ក៏​បាន​ផ្តល់​សៀវភៅ​ ប៊ិ​ក​ និង​បាល់​​សម្រាប់​​សាលា​ប្រើប្រាស់​មួយ​ចំនួន​ទៀត​​ផង​ដែរ ។

​លោកស្រី តុង ណា​រី ​បាន​មាន​ប្រសាសន៍​ថា​ ប្រទេស​កម្ពុជាក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី បាន​ធ្វើ​ឱ្យ​​ប្រទេស​​ជាតិ​មាន​សុខ​សន្តិភាព មាន​ស្ថិរ​ភាព​នយោបាយ និង​រក្សា​បាន​សណ្តាប់ធ្នាប់​សង្គម​បាន​ល្អ នៅគ្រប់​ទីកន្លែង ដែល​កត្តា​ទាំង​អស់នេះ​បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មាន​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ​និង​បាន​ធ្វើឱ្យ​​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​មាន​ភាព​រីក​​ចម្រើន​​ជា​លំដាប់​ ។

លោកស្រី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ក៏​បាន​ផ្តាំផ្ញើដល់​ក្មួយ​ៗសិក្សា​នុ​សិស្ស​​​ខិតខំ​រៀនសូត្របាន​ពិន្ទុ​ល្អ មាន​ម​ការងារ​ធ្វើ ដើម្បី​តបស្នង​សងគុណ​ដល់​មាតាបិតា​ដែល​ខិតខំ​ចិញ្ចឹម ​និងថែរក្សា ជួយ​ឧបត្ថម្ភ​ឱ្យ​ក្មួយ​ៗ​បាន​រៀន​សូត​ ដើម្បី​ក្លាយជា​ទំពាំង​ស្នង​ឫស្សី​សម្រាប់​ប្រទេស​ជាតិ និង​ក្រុម​គ្រួសារទៅ​អនាគត​ ។ ទន្ទឹម​នេះ​ដែរ ​ក្មួយ​ៗ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី និង​សូមចៀស​ឱ្យ​​ឆ្ងាយ​ពី​គ្រឿងញៀន ដែល​បំផ្លាញ​ខ្លួន បំផ្លាញ​គ្រួសារ និង​សង្គម​ជាតិ​ ៕