ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តរតនគិរី ​៖ ​រថយន្ត​​ដឹក​ឈើ​ជ​ន្លង់​​ម្រេច​​ចំនួន​៨០​ដើម ​ចេញ​ពី​ព្រៃ​តំបន់​ស្រុក​កូន​មុំ ​ត្រូវ​បាន​​កម្លាំង​​ជំនាញ​រដ្ឋបាល​ព្រៃ​សង្កាត់​កូន​មុំ​ឃាត់​ទុក​នៅ​ទីធ្លា​សង្កាត់​​ ដើម្បី​​​កសាង​សំណុំ​រឿង​ចាត់ការ​តាម​ច្បាប់​ព្រៃ​​ឈើ ។​

ការ​ឃាត់​រថយន្ត​ដឹក​ជន្លង់ម្រេច​​នេះ​​បាន​ធ្វើ​ឡើង​​នៅ​ចំណុច​ស្រែ​តា​ប៉ុក​លើ​​ផ្លូវជាតិ​៧៨ ​ស្ថិត​ក្នុងភូមិ​៣ ​ឃុំ​ត្រពាំង​ច្រេស ​ស្រុក​កូន​មុំ​ ​កាល​ពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ​ខែមករា ​ឆ្នាំ​២០១៦ ​កន្លង​មកនេះ ​ដែលរថ​យន្ត​នោះ​កំពុង​បើក​បរ​ឆ្ពោះ​ចូល​ក្រុង​បាន​លុង​ ​​ខណៈ​ដែល​​​កម្លាំង​គណៈកម្មការ​ជាតិ​កំពុង​​យុ​ទ​នា​ការ​ក្តៅ​គគុក ​និង​តាម​ប្រមាញ់​រក​បទ​ល្មើស​​ព្រៃ​​ឈើ​ផង​នោះ​ ។

តាម​សេចក្តីរាយការណ៍​ពី​ លោក ​គឹ​ម ​ឆេ​ង​លឹ​ម ​មន្ត្រីសង្កាត់​កូន​មុំ​បានឱ្យ​ដឹង​ថា រថ​​យន្ត​ដែល​បង្ក្រាប​បាន​នោះ​ម៉ាក​​ហ៊ីយ៉ាន់​ដាយ ​ពណ៌​ខៀវ​ អត់​ដែល​​ឃើញ​​មាន​ពាក់​ស្លាក​លេខ​នោះ​ទេ​ ​ហើយ​​តែងតែ​​​​ដឹក​ជញ្ជូន​ឈើ​គ្រប់​ប្រភេទ ​(​​ឈើ​គ្រឿងផ្ទះ​ និង​ជន្លង់ម្រេច​) ​ជួនកាល​​ដាក់​ពេញ​រថយន្ត​ ជួន​ដឹក​មិន​ពេញ​ទេ​ ​ហើយ​​មិន​កោតខ្លាច​ញ​​ញើត​សមត្ថកិច្ច​​ម្តង​​ណា​ឡើយ ព្រោះ​​អាង​ខ្លួន​មានបុណ្យ​ស័ក្តិ​​ធំ​ ។

លោក​បាន​បន្ត​ថា ​ដូច​ជា​ថ្ងៃ​ដែល​ត្រូវ​បង្ក្រាប​នេះ​ មាន​សមត្ថកិច្ច​ជា​​​ច្រើន​បាន​ហាមឃាត់​ឱ្យ​គាត់​ផ្អាក​ការ​ដឹក​នេះ​សិន​ទៅ​ តែ​​គាត់​មិន​ព្រម​ស្តាប់​ចំ​ពេល​គណៈកម្មការ​ជាតិ​ចុះ​បង្ក្រាប​ផង​ ឯ​បទ​ល្មើស​​ព្រៃ​​ឈើ​នេះ​ ត្រូវ​បាន​ស្ងប់ស្ងាត់​ផង​ដែរ ​ស្រាប់តែ​រថយន្ត​មួយ​គ្រឿង​នេះ​ហាក់ដូចជា​ផ្គើន​​សមត្ថកិច្ច​ ​ទើប​ឈាន​ដល់​ការ​បង្ក្រាប​នេះ​តែ​ម្តង​ ។

​ក្នុង​ពេល​បង្ក្រាប​មិន​បាន​ឃាត់ខ្លួន​អ្នក​បើក​​បរ​នោះ​ទេ​ ​គ្រាន់តែ​​​ធ្វើ​កំណ​ត់​ហេតុ​ផាកពិន័យ​ និង​កិច្ចសន្យា​ឱ្យ​ផ្អាក​សកម្មភាព​ដឹក​ជញ្ជូន​បន្ត​ទៀត​ ​បើ​មិន​រាងចាល​ថ្ងៃក្រោយ​នៅ​តែ​ប្រ​ព្រឹត្ត​​នឹង​​ចាត់​​វិ​​ធាន​ការ​តាម​ច្បាប់​ព្រៃ​​ឈើ ។ ​​ចំណែក​​អ្នក​​បើក​​បររថ​យន្ត​នោះ​​ឈ្មោះ​ ណា​ក់​ ទី​ឡូ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ​​បាន​ប្រាប់​ថា​ ចាំ​ឱ្យ​ចៅហ្វាយ​របស់​គេ​មក​ដោះ​ស្រាយ​​តាម​ក្រោយ​ ។​ ​ចៅ​ហ្វាយ​របស់​គាត់​​ជា​នាយ​រង​កណ្តាល​​នគរ​បាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​​ខេត្ត ​ជា​អ្នក​​រក​ស៊ី​បទ​ល្មើស​ព្រៃ​ឈើ​ធំ​មួយ​មិន​ដែល​បង្ក្រាប ៕