ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ឆ្នាំង ៖ ​លោក​ជំទាវ ដោក សុទ្ធា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង អមដំណើរ​ដោយ​​ប្រធាន​មន្ទីរ​ទេសចរ​ណ៍​ មន្ទីរ​ព័ត៌មាន​ខេត្ត​ កាលពី​ថ្ងៃ​០៣ កុម្ភៈ​​ ​២០១៦ បាន​ចុះ​សិក្សា​ពិនិត្យ​ស្ថានភាព និង​ស្វែង​យល់​ពី​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​អណ្តូង​ប្ញស្សី ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ដែល​បាន​រក្សា​វប្បធម៌ ប្រពៃណី ឡើងត្នោត​រំងាស់​ស្ករ ផលិត​​ក្អមឆ្នាំង តាំងពីបុរាណ និង​ផលិត​កុលា​ភា​ជ​វត្ថុ​អនុស្សាវរីយ៍​ថ្មី​ៗ​​អំពី​ដីឥដ្ឋ ។

​កន្លង​ទៅ​ដល់​បច្ចុប្បន្ន បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​​ជាតិ-អន្តរជាតិ ចូល​មក​ទស្សនា​ផលិតផល​ខាងលើ​នេះ នៅ​ក្នុងភូមិ​ជា​រៀង​រាល់​ថ្ងៃ មិនសូវ​លោះ​ឡើយ ។ ដោយហេតុ​នេះ​ហើយ ទើប​អា​ជ្ញ​ធរ​ខេត្ត​​ត្រៀម​បង្កើត​គោលដៅ​សហគមន៍​ទេសចរណ៍ វប្បធម៌​នៅ​ភូមិ​អណ្តូង​​ប្ញស្សី ដើម្បី​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាព​លរដ្ឋ​។

​លោក ឡេ​ង ហេង មេ​ភូមិ​អណ្តូង​ប្ញ​ស្សី​បាន​រាយការណ៍​ឱ្យ​​ដឹង​ថា​​ ប្រជាពលរដ្ឋ​ក្នុងភូមិ​អណ្តូងប្ញ​ស្សី​មាន​ចំនួន​៣៩២​គ្រួសារ ស្មើ​និង​មនុស្ស​១.៦០៩​នាក់ ក្រៅពី​ធ្វើស្រែ​ប្រជាពលរដ្ឋ​ជាង​២៥០​គ្រួសារ បាន​ប្រកប​មុខរបរ​ផលិត​ក្អមឆ្នាំង កុលា​ភា​ជ ​និង​វ​ត្តុ​អនុស្សាវរីយ៍ ដឹក​លក់​តាម​បណ្តា​ខេត្ត  និង​លក់ឱ្យ​ភ្ញៀវ​ទេសចរ ដែល​មក​ដើរ​លេងកម្សាន្ត​​ក្នុងភូមិ ។ ដោយឡែក ​ប្រជាពលរដ្ឋ​ជាង​៥០​គ្រួសារ ទៀត ប្រកប​មុខរបរ​ឡើងត្នោត​រំងាស់​ស្ករ​លក់ និង​មួយ​ចំនួន​ទៀត​​ឡើង​ទឹកត្នោតជូរ​លក់​​ប្រចាំ​ថ្ងៃ​។

​បុរស​ឈ្មោះនូ អាត អាយុ​៤២​ឆ្នាំ ជា​អ្នក​ឡើងត្នោត​ម្នាក់​​​បាន​ឱ្យ​​ដឹងថា​ ការ​ឡើងត្នោត​ក្នុង​១​ឆ្នាំ​ មាន​រយៈ​ពេល​តែ​៣​ខែ​ប៉ុណ្ណោះ ក្នុង​១​ថ្ងៃ​ គាត់​ឡើងត្នោត​បាន​២៥​ដើម យក​មក​រំងាស់​យក​ស្ករ​បាន​២០​គីឡូ​ក្នុង​១​ថ្ងៃ ដោយ​លក់​​បាន​១​គីឡូក្រាម​តែ​២៥០០​រៀល​ប៉ុណ្ណោះ​។

ស្ត្រី​អ្នក​ផលិត​កុលា​ភា​ជ​ពី​ដីឥដ្ឋ​ម្នាក់​បាន​​​និយាយ​ថា ក្នុង​១​ថ្ងៃ​គាត់​ផលិត​បាន​កុលា​ភា​ជ​ពី​៨ ​ទៅ​១០ ពេល​ដុត​ឆ្អិន​​យក​ទៅ​លក់​បាន តម្លៃ​៣៥០០​​រៀល ក្នុង​កុ​លា​ភា​ជ​១ ។ និយាយ​រួម​ប្រជាពលរដ្ឋ​អាច​រក​ចំណូល​ពី​៣០.០០០​រៀល ទៅ​៤០.០​០០​រៀល ពីមុខ​របរ​ខាងលើ​នេះ​​ក្នុង​មួយ​ថ្ងៃ ។ ដោយឡែក​ អ្នកដឹកនាំ​ភ្ញៀវ​ទេសចរ​​បរទេស​បានឱ្យ​ពួក​គាត់​ឡើងត្នោត ឬ​ផលិត​កុលា​ភា​ជ​អោយ​ភ្ញៀវ​ទេសចរ​​មើល​ក្នុង​១​លើក​ៗ ​គេ​ឱ្យ​ប្រាក់​កម្រៃ​១​ម៉ឺន​រៀលផង​ដែរ ​។

​លោក​ជំទាវ ដោក សុទ្ធា និង​ស៊ុន សុវណ្ណ​រិ​ទ្ធ បាន​​​សំណេះសំណាល​ជាមួយប្រជា​ពលរដ្ឋ​ក្នុងភូមិ​អណ្តូង​ប្ញ​ស្សីថា​ ខាង​មុខ​នេះ​អាជ្ញាធរ​ខេត្ត និង​អង្គភាព​ពាក់​ព​ន្ធ័​នឹង​ជួយ​គិតគូរ​រៀបចំលំនៅ​ឋាន​ប្រជាពលរដ្ឋ​ចំនួន​១០​គ្រួសារ មាន​អ្នក​រំងាស់​ស្ករត្នោត  អ្នក​ផលិត​​កុលា​ភា​ជ វត្ថុ​អនុស្សាវរីយ៍​ឱ្យ​មាន​សណ្តាប់ធ្នាប់ និង​សោភ័ណ​ភាព​ទាក់ទាញ​សិន ហើយ​ជួយ​រៀបចំ​​ឱ្យ​ពួក​គាត់​មាន​សួន បន្លែ​​ធម្មជាតិ សួនផ្កា មាន​ទ្រុង​​ចិញ្ចឹម​មាន់​ ដើម្បី​ធ្វើ​ម្ហូប​លក់ដូរ​ជូន​ភ្ញៀ​រ​ទេសចរ​ ​ដែល​មក​លេង​កម្សាន្ត​ និង​ទស្សនា​ភូមិ​ទស្សនា​ផលិតផល​ ក្នុងភូមិ​របស់​ពួក​គាត់​ ។