ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយ​ការ​ណ៍​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​រាជធានី​ភ្នំពេញឆ្នាំ​២០១៥​កន្លង​មក ក្មេង​ទំនើង​ដែល​បង្កទំនាស់​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​តាម​ទី​សាធារណៈ និង​ក្នុង​មូលដ្ឋាន​ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប និង​ចាប់​ឃាត់ខ្លួន​បាន​ចំនួន​៣៤៧​ករណី ឃាត់ខ្លួន​បាន​ចំនួន​៥៣៥​នាក់ (ស្រី​២​នាក់) កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចំនួន​៤១០​នាក់ ធ្វើ​កិច្ចសន្យា​អប់រំ​ដោះ​លែង​១២៣​នាក់ និង​បញ្ជូន​ទៅ​មណ្ឌល​អប់រំ២​នាក់ ។ នៅ​សល់​មុខសញ្ញា​ខ្លះ​ទៀត​ដែល​អាជ្ញាធរ​ត្រៀម​វិធានការ​បង្ក្រាប​ឲ្យ​អស់​នា​ពេល​ខាង​មុខ នេះ​មិន​ទាន់​គិត​ពី​ចាស់​ទំនើង​នោះ​ទេ​ ។​

របាយ​ការ​ណ៍នេះ​ ត្រូវ​បាន​អាន​ដោយ​លោក មាន ចាន់​យ៉ា​ដា នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​អនុវត្ត​​​ការងារ​របស់​ខ្លួន​ឆ្នាំ​២០១៥ និង​ទិស​ដៅ​ឆ្នាំ​២០១៦ នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៩ ​មក​រា ​២០១៦ ​ក្រោម​​អធិបតីភាព​លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ដោយ​មាន​ការ​​ចូលរួម​ពី​មន្ត្រី​ក្រោម​ឱ​វាទ​សាលា​រាជធានី​ភ្នំពេញ​យ៉ាងច្រើន​កុះករ ។

គួរ​រំលឹក​ថា កាលពី​ឆ្នាំ​២០១៤​កន្លង​មក អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ដែល​បង្ក​បទល្មើស និង​អុកឡុក​បង្ក​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​បាន​ចំនួន​១៨៩​ករណី ឃាត់ខ្លួន​បាន​ចំនួន​៤៥៩​នាក់ (ស្រី​៧​នាក់) ។ ​ក្រៅពី​ចាប់​ក្មេង​ទំនើង​ដែល​បង្ក​ការ​អុកឡុក​​ ​អាជ្ញាធរ​បាន​ស្រង់​ទិនន័យ​​មុខសញ្ញា​ក្មេង​ទំនើង​ទូ​ទាំង​រាជ​ធានី​ភ្នំពេញ ​ដែល​នៅ​សេសសល់ ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង ​។

ចំណែកឯ​ល្បែងស៊ីសង​វិញ សម្រាប់​ឆ្នាំ​២០១៥ កន្លង​មកនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ​បង្ក្រាប​បាន​៦២​ករណី ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​២៣៣​នាក់ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចំនួន​១១០​នាក់ និង​ធ្វើ​កិច្ចសន្យា​អប់រំ​រួច​ដោះ​លែង​ចំនួន​១២៣​នាក់​ផង​ដែរ ៕​