វិធី​ដើម្បី​ពង្រឹង​ដល់​​ លទ្ធភាព​មាន​កូន​របស់​បុរស​ យ៉ាង​មាន​ប្រសិទ្ធភាព​

នៅពេលយើងនិយាយដល់ការមានកូននោះ មនុស្សយើងភាគច្រើនខ្វល់តែសុខភាពមនុស្សស្រីទេ ហើយក៏គ្មាននរណានិយាយច្រើនថាតើបុរសគួរធ្វើអ្វីខ្លះដើម្បីជួយ ឲ្យខាងស្រីអាចមានផ្ទៃពោះបានដែរ។ ដូច្នេះដើម្បីអាចមានកូនបាន ទាល់តែអ្នកទាំងពីរខិតខំជាមួយគ្នា។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីរឿងមួយចំនួនដែលធ្វើឲ្យបុរសងាយ នឹងអាចមានលទ្ធភាពមានកូនខ្លាំង។

លះបង់អំពើបាប
ត្រង់នេះខ្ញុំចង់និយាយថា ចូរលះបង់ការជក់បារីទៅ ព្រោះវាប៉ះពាល់យ៉ាងខ្លាំងដល់ចំនួនមេជីវិតឈ្មោល។ អ្វីដែលពិសេសនោះគឺគ្រឿងស្រវឹងតែម្តង ព្រោះវាទៅកាត់បន្ថយការបញ្ចេញអ័រម៉ូនភេទរបស់មនុស្សប្រុស ដែលជាហេតុនាំឲ្យខ្សោយផ្លូវភេទ។ វាក៏ទៅបំផ្លាញគុណភាព និងរចនាសម្ព័ន្ធរបស់មេជីវិតឈ្មោលបានដែរ។ វាមិនអាចធ្វើឲ្យអ្នកមានកូនបានតាមរយៈការបញ្ឈប់សកម្មភាពថ្លើម ដើម្បីប្រើប្រាស់វីតាមីន A ដែលជាសារធាតុដ៏ចាំបាច់មួយក្នុងការផលិតមេជីវិតឈ្មោល។

កុំឲ្យមានតានតឹង
ចូរលុបបំបាត់ភាពតានតឹងក្នុងជីវិត ចូរព្យាយាមបន្ធូរអារម្មណ៍ដោយការហាត់ប្រាណ ឬនៅកន្លែងណាដែលស្ងាត់ដើម្បីបន្លប់ចិត្តខ្លួនឯង។ អ្នកក៏អាចបន្ធូអារម្មណ៍តាមរយៈការដកដង្ហើមជ្រៅៗប្រហែល ១០ ទៅ២០នាទីដែរ។ ចូរធ្វើបែបនេះរាល់ថ្ងៃដើម្បីអាចឲ្យរាងកាយ និងផ្លូវចិត្តមានភាពធូរស្រាល។ អ្នកក៏អាចបន្ធូរអារម្មណ៍តាមរយៈការស្តាប់សម្លេងទឹកសមុទ្រ ទឹកជ្រោះ និងភ្លៀងក្នុងព្រៃដែរ។

ឈប់ជិះកង់
បើសិនជាអ្នកកំពុងតែព្យាយាមចង់បានកូនរយៈពេលច្រើនជាង មួយឆ្នាំហើយមិនបានជោគជ័យនោះ របៀបរស់នៅដែលអ្នកត្រូវតែផ្លាស់ប្តូរនោះគឺការឈប់ជិះកង់នៅកន្លែង ហាត់ប្រាណ ឬឈប់ជិះកង់នៅក្រៅផ្ទះមួយរយៈពេលខ្លីសិនទៅ។ ព្រោះការជិះកង់នឹងបង្កើនកម្តៅដល់ពងស្វាស ដែលជាហេតុនាំឲ្យមេជីវិតឈ្មោលអាចងាប់ច្រើនបាន។

កាត់បន្ថយការលើករបស់ធ្ងន់ៗ
ខណៈពេលដែលការមានរូបរាងសមសួនធ្វើឲ្យមានសុខភាពល្អ និងធ្វើឲ្យពងស្វាសអាចផលិតមេជីវិតឈ្មោលកាន់តែល្អនោះ ការហាត់ប្រាណដោយលើកទម្ងន់ធ្ងន់ៗក៏នឹងជួយពង្រឹងដល់កំហាប់របស់មេ ជីវិតឈ្មោលបានដែរ ប៉ុន្តែបើសិនជាធ្វើច្រើនជ្រុលពេក វាអាចនឹងក្លាយទៅជាបញ្ហាវិញ។ ដូច្នេះនៅពេលអ្នកមានគម្រោងយកកូន ចូរកាត់បន្ថយការលើករបស់ធ្ងន់ធ្ងរឲ្យបានច្រើនបំផុតតាមតែអាច ធ្វើទៅបាន។

ចៀសវាងការងូតទឹកក្តៅ
ចូរកុំប្រើពេលងូតទឹកក្តៅយូរៗទៀតអីព្រោះ ជាតិក្តៅនឹងប៉ះពាល់ដល់គុណភាព និងបរិមាណមេជីវិតឈ្មោល។

យកចិត្តទុកដាក់លើរបបអាហារ
ចូរញ៉ាំអាហារណាដែលផ្តល់សុខភាពដូចជា បន្លែសម្បូរជីវជាតិ គ្រាប់ធញ្ញជាតិ និងផ្លែឈើស្រស់ៗ ព្រោះវានឹងទៅពង្រឹងដល់គុណភាពមេជីវិតឈ្មោលបាន។

ចៀសវាងសាច់ក្រហម
ចូរបញ្ឈប់ការញ៉ាំសាច់ក្រហម និងអាហារលឿនមួយរយៈសិន។ គេជឿថា សាច់ក្រហមក៏ដូចជាគ្រឿងស្រវឹងដែរ ព្រោះវានឹងទៅកាត់បន្ថយសមត្ថភាពមានកូនរបស់បុរសតាមរយៈការបន្ថយចំនួន និងគុណភាពមេជីវិតឈ្មោល។

គេងគ្រប់គ្រាន់
ចូរគេងយ៉ាងហោចណាស់ ៧ ទៅ៨ម៉ោងក្នុងមួយយប់ ព្រោះវានឹងជួយស្តារឡើងវិញនូវប្រព័ន្ធប្រដាប់បន្តពូជ និងបន្ថយស្ត្រេស។ ការគេងមិនគ្រប់គ្រាន់អាចរំខានដល់វដ្តនៃការផលិតមេជីវិតឈ្មោលបាន ។

ញ៉ាំទឹកឲ្យបានច្រើន
ចូរប្រាកដថា អ្នកញ៉ាំទឹកស្អាតចំនួន ៨កែវជារៀងរាល់ថ្ងៃ ព្រោះវាជាវិធីដែលអាចច្រោះជាតិពុលចេញពីក្នុងខ្លួន និងរក្សាសុខភាពឲ្យនៅល្អ។

ស្វែងរកជំនួយ
ជាចុងក្រោយ អ្នកគួរតែស្វែងរកជំនួយពីអ្នកជំនាញខាងវេជ្ជសាស្ត្របើសិនជាអ្នកព្យាយាមផ្លាស់ប្តូររបៀបរស់នៅគ្រប់យ៉ាងអស់ហើយ៕

វិធី​ដើម្បី​ពង្រឹង​ដល់​​ លទ្ធភាព​មាន​កូន​របស់​បុរស​ យ៉ាង​មាន​ប្រសិទ្ធភាព​

ប្រភពពី៖http://www.health.com.kh/