រដ្ឋមន្ត្រីសុខាភិបាល ឲ្យចាត់វិធានការ ថ្នាំប្រភេទ MAZETA Slim នៅលើទីផ្សាកម្ពុជា

ភ្នំពេញ៖ ដោយមានពាក្យ បណ្តឹងអនាមិក បានរាយការណ៍ថា មានចរាចរណ៍ថ្នាំ MAZETA Slim ជាឱសថមិន មាន កំណត់កាល បរិច្ឆេទច្បាស់លាស់ គ្មានច្បាប់អនុញ្ញាត ប្រើប្រាស់ពីក្រសួង និងធ្វើឲ្យប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់នោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើឲ្យចាត់វិធានការ បន្ទាន់លើថ្នាំប្រភេទនេះ ។

យោងតាមលិខិតរបស់អង្គភាព ប្រឆាំងអំពើពុករលួយ ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួលបាន នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ក្រោយទទួលបានដំណឹងថា មានចរាចរណ៍ប្រភេទថ្នាំ MAZETA Slim ជាឱសថមិនមានកំណត់ កាលបរិច្ឆេទច្បាស់លាស់ និងធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ក្រសួងសុខាភិបាលបានចាត់វិធានការចុះស្រាវជ្រាវនៅតាមបណ្តាឱសថស្ថាន មួយចំនួន នៅរាជធានីភ្នំពេញ និងបានបញ្ជូនឱសថ MAZETA Slim នេះទៅមជ្ឈមណ្ឌលេជាតិ ពិសោធន៍សុខាភិបាល ដើម្បីវិភាគ ស្រាវជ្រាវរកសារធាតុគីមីមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ។

ដោយរកឃើញនូវសារធាតុ Sibutramine ក្នុងថ្នាំ MAZETA Slim ជាសារធាតុហាមឃាត់ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសឲ្យបញ្ឈប់មិនឲ្យប្រើប្រាស់ចែកចាយនិងប្រមូលផលិតផលឱសថ ដែលមានសារធាតុ Sibutramine នេះហើយក្រសួងសុខាភិបាលបានទំនាក់ទំនងជាមួយអង្គការ JPMA ដើម្បីរៀបចំបញ្ជូនឱសថនេះ ទៅវិភាគបន្តនៅប្រទេសជប៉ុន ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០០៨  មកក្រសួងសុខាភិបាលបានសហការជាមួយអង្គការសុខភាពពិភពលោក ក្នុងការបង្កើតមជ្ឈមណ្ឌលព័ត៌មានឱសថ សម្រាប់ទទួលព័ត៌មានប្រតិកម្មរំខាន ដែលបណ្តាលមកពីការប្រើប្រាស់ ដើម្បីទប់ស្កាត់ឲ្យទាន់ពេលវេលាដូចជាការបញ្ឈប់មិនឲ្យប្រើប្រាស់ លក់ដូរ និងនាំចូលជាដើម ។ ចំពោះឱសថ ស្ថាន ដែលបានទិញនិងលក់ឱសថ MAZETA Slim នេះដែលពុំមានលេខបញ្ជីកា និងគ្មានការត្រួតពិនិត្យត្រឹម ត្រូវពីក្រសួងសុខាភិបាល នឹងត្រូវក្រសួងផាកពិន័យ និងធ្វើការព្រមាន ទៅតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុត ៕