ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្តព្រះ​វិហារ ៖ កាលពី​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦​ ក្មេង​ស្រី​សិស្សសាលា​ចំនួន​៧នាក់ បាន​ទន់ដៃទន់ជើង និង​ដួល​សន្លប់ ​ខណៈ​ពេលដែល​សិស្សសាលា​ប្រុស​ៗ បាន​នាំ​គ្នា​​ដុត​ផាវ​លេង​​ជា​ល្បែង​សប្បាយ​បោះ​ចូល​ទៅ​ក្នុង​ថ្នាក់រៀន ធ្វើ​ឲ្យ​មានផ្សែង​​ហុយទ្រលោម​​និង​​ធុំក្លិន​ពុល ។

​តាម​ការ​បញ្ជាក់​ពី​លោក ពៅ លី​ហៀ​ង នាយក​សាលា​វិទ្យាល័យ ជា ស៊ី​ម ត្បែងមាន​ជ័យ បានឱ្យ​​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​មាន​សិស្ស​ប្រុស​ចំនួន​៦នាក់ ​​១-​ឈ្មោះ ពុំ ម៉េ​ង​ហុង ​​២-​ឈ្មោះ សំ​ងា​ន ឧត្តម ​​៣-​ឈ្មោះ សំ ចាន់​ចាវ ​​៤-​ឈ្មោះ សៀង​ហៃ ឆៃ​ណា ​​៥-​ឈ្មោះ សុខ សំណាង ​និង​៦-​ឈ្មោះ ស៊ុន ដេ​វី​ដ ​អ្នក​ទាំង​៦នាក់​នេះ​បាន​នាំ​គ្នា​ទិញ​ផាវប្រភេទ​បាល់ពី​ផ្សារ​យកមក​ដុត​លេងនៅ​ក្នុង​សាលា ខណៈនោះ​ពួក​គេ​បាន​ដុត​ផាវបោះ​ចូល​ទៅ​ក្នុង​ថ្នាក់រៀន​បណ្តាល​ឱ្យ​ក្មេងស្រី​រង​គ្រោះខាងលើ ដែល​កំពុង​ជជែក​គ្នា​លេង​ក្នុង​ថ្នាក់រៀន​ចំនួន៧​នាក់ ដួល​សន្លប់ និង​ទន់ដៃទន់ជើង ដោយសារ​តែ​ពុលផ្សែង​រំសេវផាវ​តែ​ម្តង ។

​ក្រោយ​កើតហេតុ សិស្ស​​ស្រី​រង​គ្រោះ​​ទាំង​៧​នាក់​នេះ ​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ​បង្អែក​១៦​មក​រា ក្រុង​ព្រះ​វិហារ ។ ចំណែកឯ​សិស្ស​ប្រុស​ៗ​ទាំង​៦​នាក់​ខាងលើជា​អ្នក​បង្ក ត្រូវ​បាន​នាំ​ខ្លួន​យក​ទៅ​ប៉ុស្តិ៍​នគរបាល​កំពង់ប្រណាក ដើម្បី​ធ្វើការអប់រំ ​ណែនាំ ​​​​ធ្វើ​កិច្ច​សន្យា​​កុំ​ឱ្យ​មាន​ជា​លើក​​ទី២​​ និង​បាន​​ឱ្យ​អាណាព្យាបាលមក​​​​ធានា ទើប​សមត្ថកិច្ច​អនុញ្ញា​ឱ្យ​វិល​ត្រឡប់​ទៅ​​ផ្ទះ​វិញ​ ៕​