បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​ក្នុង​ខេត្តក្រចេះ នៅតែ​បន្ត​កើតមាន​ដោយសារ​មន្ត្រី​អាជ្ញាធរ​មិន​ទប់ស្កាត់​

លោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា អសមត្ថភាព​ក្នុងការ​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ដូចជា បទល្មើស​បំផ្លាញ​ព្រៃឈើ និង​គ្មាន​ឆន្ទៈ​ក្នុងការ​ដោះស្រាយ​ជម្លោះដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឡើយ​។ ប្រជាពលរដ្ឋ​ក្នុងស្រុក​សំបូរ ស្រុក​ចិត្រ​បុរី និង​ស្រុក​ព្រែកប្រសប់ បាន​ឲ្យ​ដឹងថា បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅតែ​បន្ត​កើតមាន បើទោះបី​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ កំពុងបើក​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​យ៉ាងណាក៏ដោយ​។ ជាក់ស្តែង​បច្ចុប្បន្ននេះ​សកម្មភាព​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​នៅតែ​កើតមាន​យ៉ាង​អនាធិបតេយ្យ​ក្នុង​ឃុំ​ជ្រោយ​បន្ទាយ ហើយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ចាត់វិធានការ​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​។​

ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែកប្រសប់ ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ពួកគាត់​កំពុង​ព្រួយបារម្ភ​ពី​មហន្តរាយ​ព្រៃឈើ ព្រោះ​បច្ចុប្បន្ននេះ​អ្នកមាន​លុយ​អ្នកមានអំណាច​បាន​បន្ត​សកម្មភាព​កាប់​គាស់​ឈូសឆាយដី​ព្រៃរបស់​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ មេឃុំ​ជ្រោយ​បន្ទាយ ឈ្មោះ ប៊ិច ង​ន់​ស្រឺ​ន ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា ជា​អ្នក​ឃុបឃិត​ឲ្យ​មន្ត្រី​មានអំណាច​និង​ឈ្មួញ​មាន​លុយ​កាប់​គាស់​ឈូសឆាយ​ដីព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ចំណែក​លោក អ៊ី ស៊ីណា​ង នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែកប្រសប់ ក៏​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ដែរ​ទើប​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​។

ប្រជា​សហគមន៍​នៅ​ឃុំ​ជ្រោយ​បន្ទាយ បាន​ឲ្យ​ដឹងថា ព្រៃឈើ​ក្នុង​មូលដ្ឋាន​ពួកគាត់​ដែល​ត​ភ្ជាប់​ជាមួយ​ព្រៃ​ឡង់​ក្នុង​ទឹកដី​ខេត្តកំពង់ធំ កំពុង​ទទួលរង​នូវ​ការកាប់​ទន្ទ្រាន​យក​ដី​ពី​សំណាក់​មន្ត្រី​មានអំណាច​និង​ឈ្មួញ​មាន​លុយ​អស់​មួយផ្នែក​ទៅហើយ​។ មន្ត្រី​អាជ្ញាធរ​ថ្នាក់ឃុំ និង​ថ្នាក់ស្រុក ក៏ដូចជា​សមត្ថកិច្ច​ជំនាញ​មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​អស់​រាប់រយ​ហិកតា​មកហើយ​នោះទេ គឺ​ពួកគេ​រក្សា​ភាពស្ងប់ស្ងាត់​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែកប្រសប់ បាន​អំពាវនាវ​ឲ្យ​លោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ក្នុងស្រុក​ព្រែកប្រសប់​ជាបន្ទាន់​បំផុត​៕

649165a9-cf32-4a7f-a22c-ffb11e6c3ef5លោក សរ ចំរ៉ុង អភិបាលខេត្តក្រចេះ ra-tracter-500x373 ra-tree-kro-500x373