​ពលរដ្ឋ​រិះគន់​សមត្ថកិច្ច​ច្រក​គីឡូ​៩ ស្រុក​សំពៅ​លូន ថាបើ​កដៃ​ឲ្យ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​

​ប្រជាពលរដ្ឋ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​បាន​រិះគន់ថា​សមត្ថកិច្ច​ជំនាញ​នៅ​ច្រកព្រំដែន​គីឡូ​៩​បាន​ឃុបឃិត​បើកដៃ​ឲ្យ​ពលករ​ខ្មែរ​ឆ្លងដែន​ដោយ​ខុសច្បាប់​ទៅធ្វើ​ការ​នៅ​ប្រទេស​សៀម ហើយ​បញ្ហា​ខាងលើនេះ​បានកើត​ឡើង​តាំងពី​ឆ្នាំ​២០១៥​មកម្ល៉េះ តែ​រហូតមក​ដល់ពេលនេះ​នៅតែ​គ្មាន​ដំណោះស្រាយ​នៅឡើយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ច្រក​ខាងលើ​ក៏មាន​ករណី​នាំចូល​ទំនិញគេចពន្ធ​ក្នុង​ទ្រង់ទ្រាយ​តូច ហើយ​លួច​នាំ​ឈើ​ចេញទៅ​លក់​ឲ្យ​ឈ្មួញ​សៀម​ផងដែរ​។​

​ច្រកព្រំដែន​តូច​ពីរ គឺ​ច្រក​ដើមអម្ពិល និង​ច្រក​ដើម​ក្ងោក ក្នុងស្រុក​សំពៅ​លូន ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​ស្រុក​សំពៅ​លូន​បញ្ជាក់ថា​មាន​ករណី​បើកដៃ​ឲ្យ​ពលករ​ឆ្លងដែន​ផងដែរ ហើយ​ភាគច្រើន​ពលករ​ត្រូវបាន​សមត្ថកិច្ច​ខិលខូច​អនុញ្ញាត​ឲ្យ​ឆ្លងដែន​ខុសច្បាប់​នៅពេល​យប់​។ ពលករ​ដែល​ឆ្លងដែន​ទៅធ្វើ​ការ​នៅ​ប្រទេស​សៀម​បាន​បង្ហើប​ថា​ពួកគាត់​បាន​បង់ប្រាក់​ប​ន្តិ​ច​បន្តួច​ប៉ុណ្ណោះ​ទៅ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ទើប​ពួកគាត់​អាច​ឆ្លងដែន​បាន តែ​សមត្ថកិច្ច​អាច​ប្រមូលប្រាក់​បាន​ច្រើន​ពី​ករណី​ឃុបឃិត​ឲ្យ​ឈ្មួញ​ខ្មែរ​នាំចូល​ទំនិញគេចពន្ធ​យកមក​លក់​ក្នុង​ខេត្តបាត់ដំបង​។​

មន្ត្រី​ច្រកព្រំដែន​គីឡូ​៩​មួយរូប​បាន​បង្ហើប​ថា ច្រក​ខាងលើ​ពិត​ជាមាន​ភាពមិនប្រក្រតី​ដូច​ការចោទប្រកាន់​រប​ស់​ប្រជាពលរដ្ឋ​ពិតប្រាកដ​មែន ព្រោះ​ដើម្បី​អាច​ប្រមូលប្រាក់​បាន​ខ្លះ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ ខណៈ​ប្រាក់ខែ​តិចតួច​ចាយ​មិន​គ្រប់​ឡើយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ប្រាក់​ដែល​រកបាន​ក៏ត្រូវ​សែនព្រេន​ឲ្យ​មន្ត្រី​ថ្នាក់លើ​ផងដែរ ព្រោះ​បើ​មិន​មានការ​ត្រូវរ៉ូវ​គ្នា​ក៏​មិនមែន​មន្ត្រី​នៅ​ច្រកព្រំដែន​តាម​មូលដ្ឋាន​អាចធ្វើ​សកម្មភាព​ដែល​នាំ​ឲ្យ​មានការ​រិះគន់​ពី​ពលរដ្ឋ​បានដែរ​។​

​ប្រជាពលរដ្ឋ​ស្រុក​សំពៅ​លូន​បាន​រិះគន់ថា មន្ត្រី​ព្រំដែន​ខាង​ភាគី​សៀម​គេ​មាន​របៀប​ធ្វើការ​ល្អ​ជាង​មន្ត្រី​ខាង​ព្រំដែន​កម្ពុជា​ស្ទើរ​គ្រប់ផ្នែក​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ទាំង​ប្រាក់ខែ ទាំង​ឯកសណ្ឋាន មធ្យោបាយ​ធ្វើការ ពិសេស​ការអនុវត្ត​ច្បាប់ របស់​មន្ត្រី​សៀម​មាន​ប្រសិទ្ធភាព​ជាង​មន្ត្រី​កម្ពុជា ដែល​បញ្ហា​ខាងលើនេះ​ធ្វើ​ឲ្យ​មន្ត្រី​ជំនាញ​នៅតាម​ព្រំដែន​តែងតែ​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​ដើម្បី​ទាញយក​ផលប្រយោន៍​ដល់​បក្ខ​ពួកខ្លួន ហើយ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ​៕

Wat-060517 67