អង្គជំនុំជម្រះ​តុលាការ​កំពូល កំណត់​កាលបរិច្ឆេទ​ ​បន្ត​សវនាការ លើ​បណ្តឹងសាទុក្ខ​នៃ​សំណុំរឿង ០០២/០១

ភ្នំពេញ: អង្គជំនុំជម្រះ​តុលាការ​កំពូល​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) បានកំណត់​កាលបរិច្ឆេទ​​បន្ត​សវនាការ​លើ​បណ្តឹង​សាទុក្ខ​ក្នុង​សំណុំរឿង ០០២/០១ បន្ទាប់ពី​បាន​ផ្អាក​ដោយសារតែ​កង្វះ​ការការពារ​ក្តី​ស្របច្បាប់ សមស្រប​សម្រាប់​នួន ជា ដែល​បណ្តាលមកពី​សហ​មេធាវី​ការពារ​ក្តី​អន្តរជាតិ​របស់គាត់ មិនបាន​ចូលរួម​សវនាការ​លើ បណ្តឹងសាទុក្ខ​ដែល​បានរៀបចំ​ឡើង​កាលពី​ថ្ងៃទី​១៧-១៩ ខែវិច្ឆិកា ឆ្នាំ ២០១៥ ហើយ​សហ​មេធាវី​ជាតិ​របស់គាត់​ក៏បាន​ចាក​ចេញពី​បន្ទប់​សវនាការ​ដែរ បើទោះបីជា​មានការ​បង្គាប់​របស់​អង្គជំនុំជម្រះ តុលាការ​កំពូល​ឱ្យ​បន្ត​មាន​វត្តមាន​
​យ៉ាងណាក៏ដោយ​។

​អង្គជំនុំជម្រះ​តុលាការ​កំពូល នឹង​ស្តាប់​សា​រណា​ផ្ទាល់មាត់​លើ​បញ្ហា​នានា ដែល​បានលើកឡើង​នៅ​ក្នុង​បណ្តឹងសាទុក្ខ ហើយ​សវនាការ​នេះ​នឹង​ប្រព្រឹត្តទៅ​នៅវេលា​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ៤​រសៀល នៅ​ថ្ងៃទី ១៦, ១៧, ១៨ ខែកុម្ភៈ ហើយ​ថ្ងៃទី​១៩ ខែកុម្ភៈ គឺជា​ថ្ងៃ​បម្រុង ប្រសិនបើ​ត្រូវការ​ពេលវេលា​បន្ថែម​។​
         
​សវនាការ​នេះ ពាក់ព័ន្ធ​ទៅនឹង​បណ្តឹងសាទុក្ខ​របស់​សហ​ព្រះរាជអាជ្ញា នួន ជា និង ខៀវ សំផន ប្រឆាំងនឹង​​សាលក្រម​របស់​អង្គជំនុំជម្រះ​សាលាដំបូង​ក្នុង​សំណុំរឿង​០០២/០១ ដែល​បានប្រកាស ថ្ងៃទី​៧ ខែ សីហា ឆ្នាំ​២០១៤​។ បណ្តឹងសាទុក្ខ​នេះ មាន​ទំហំធំធេង និង​ស្មុគស្មាញ ប្រសិនបើ​ប្រៀបធៀប​នឹង​កិច្ចដំណើរការ​នីតិវិធី​ដទៃទៀត ពាក់ព័ន្ធ​​ទៅនឹង​អំពើ​ឃោរឃៅ​ដ៏​ធ្ងន់ធ្ងរ​ដែល​រង​ការចោទប្រកាន់​នោះ​។​
​សវនាការ​នឹង​បើកទូលាយ​សម្រាប់​សាធារណជន និង​តំណាង​សារព័ត៌មាន ហើយ​កន្លែង​អង្គុយ​នៅក្នុង​សាល​សវនាការ​នឹងត្រូវ​ចែកជូន​ដោយ​គោរព​តាម​គោលការណ៍ អ្នក​មក​មុន បាន​មុន លើកលែងតែ​កន្លែង​អង្គុយ ដែល​ត្រូវ បាន​រក្សាទុក​សម្រាប់​ដើម​បណ្តឹងរដ្ឋប្បវេណី​នៅក្នុង​សំណុំ​រឿងនេះ​។
        
 ក្នុងករណី​ដែល​ពុំទាន់​មានការ​សម្រេច​លើ​បញ្ហា​នៃ​បណ្តឹងសាទុក្ខ​នេះ​ទេជនជាប់ចោទ​នៅតែ​ត្រូវបាន​សន្មត​ថា​​គ្មាន​ទោស​។ អង្គជំនុំជម្រះ​តុលាការ​កំពូល​រំពឹងទុក​ថា សាធារណៈជន មន្ត្រីរាជការ ប្រព័ន្ធ​ផ្សព្វផ្សាយ​សារព័ត៌មាន គោរព​គោលការណ៍​សច្ចធារណ៍នៃនិរទោស​នេះ​នៅក្នុង​សេចក្តីថ្លែងការណ៍​ណាមួយ​ដែល​ខ្លួន​មានបំណង​ធ្វើឡើង​ស្តី​អំពី​រឿងក្តី​នេះ​និង​ជនជាប់ចោទ​។   
​តំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលមាន​បំណង​ចូលរួម​ក្នុង​សវនាការ​លើ​បណ្តឹងសាទុក្ខ​នេះ​ត្រូវមាន​ប័ណ្ណ​សម្រាប់​អ្នកសារព័ត៌មាន និង​ត្រូវ​ចុះឈ្មោះ​ជាមុន​។ សូម​អនុវត្តតាម​លក្ខខណ្ឌ​ដូចខាងក្រោម​ដើម្បី​ស្នើសុំ​ប័ណ្ណ​ព័ត៌មាន​៖​ក​)​អ្នកសារព័ត៌មាន​ដែល​មិនទាន់មាន​ប័ណ្ណ​ព័ត៌មាន​ដែល​ចេញ​ដោយ អ​.​វ​.​ត​.​ក ត្រូវបំពេញ​ទម្រង់​បែបបទ​សុំ​
​ប័ណ្ណ​សារព័ត៌មាន​ដោយមាន​ចុះហត្ថលេខា ភ្ជាប់​រូបថត​ទម្រង់ jpg មួយ​សន្លឹក និង​ច្បាប់​ចម្លង​លិខិតឆ្លងដែន​មួយច្បាប់ ផ្ញើមក​ជាមួយ​សំណើសុំ​ចុះឈ្មោះ​ដើម្បី​ចូលរួម​តាមដាន​សវនាកា​រលើប​ណ្តឹ​ង​សាទុក្ខ តាមរយៈ​សារ​អេឡិចត្រូនិក [email protected]
     ខ​)​អ្នកសារព័ត៌មាន​ដែលមាន​ប័ណ្ណ​មាន​សុពល​ភាពជា​ផ្លូវការ​របស់ អ​.​វ​.​ត​.​ក ត្រូវ​ចុះឈ្មោះ​ដើម្បី​ចូលរួម​តាមដាន​សវនាការ​បណ្តឹងសាទុក្ខ​នៅ​ផ្នែក​កិច្ចការ​សាធារណៈ តាមរយៈ​ការផ្ញើ​សារ​អេឡិចត្រូនិក​ទៅកាន់ [email protected]
    គ​)​អ្នកសារព័ត៌មាន​ដែលមាន​ប័ណ្ណ​ព័ត៌មាន​ជា​ផ្លូវការ​របស់ អ​.​វ​.​ត​.​ក ប៉ុន្តែ​ផុតកំណត់ ត្រូវបំពេញ​ទម្រង់​បែបបទ​សុំ​ប័ណ្ណ​ព័ត៌មាន​សារជាថ្មី ដោយមាន​ចុះហត្ថលេខា​ផ្ញើមក​ជាមួយនឹង​សំណើសុំ​ចុះឈ្មោះ​ដើម្បី​ចូលរួម​តាមដាន​សវ​នា​​ការ​បណ្តឹងសាទុក្ខ តាមរយៈ​សារ​អេឡិចត្រូនិក [email protected] [email protected][email protected]​កំណត់​ផង​! ទម្រង់​បែបបទ​សម្រាប់​សុំ​ប័ណ្ណ​ព័ត៌មាន អាច​ទាញ​យកបាន​ពី​គេហទំព័រ​របស់ អ​.​វ​.​ត​.​កៈ http://www.eccc.gov.kh/sites/default/files/ECCC_Accreditation_Media_Appl...
​ថ្ងៃ​ផុតកំណត់​ឈប់​ទទួល​ការចុះឈ្មោះ​របស់​អ្នកសារព័ត៌មាន និង​សំណើសុំ​ប័ណ្ណ​ព័ត៌មាន​៖ ថ្ងៃ​សុក្រ ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៥ វេលា​ម៉ោង ៤​រសៀល​។​
​សំណុំរឿង​០០២/០១ គឺជា​ការជំនុំជម្រះ​លើកទីមួយ​នៃ​ការជំនុំជម្រះ​យ៉ាងតិច​ពីរ​ប្រឆាំងនឹង ខៀវ សំផន អតីត ​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង នួន ជា អតីត​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា​។ បទ​ចោទ​នៅក្នុង​សំណុំ​​រឿង ០០២/០១ គឺ​ផ្តោតលើ​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ដែល​រង​ការចោទប្រកាន់​ក្នុងអំឡុងពេល​ជម្លៀស​នៅ​ទីក្រុង​​ភ្នំពេញ ក្នុង​ខែមេសា ឆ្នាំ ១៩៧៥ និង ការផ្លាស់​ទី​ដោយ​បង្ខំ​បន្ត​បន្ទាប់ពី​តំបន់​ដទៃទៀត រួមទាំង ការកាប់សម្លាប់​​ដែល​រង​ការចោទប្រកាន់​នៅ​ទួល​ពោធិ៍​ជ្រៃ ក្នុង​ខេត្តពោធិ៍សាត់​។ នៅ​ថ្ងៃទី ៧ ខែ សីហា ២០១៤ អង្គជំនុំជម្រះ​សាលា​
​ដំបូង រកឃើញថា ជនជាប់ចោទ​មាន​ពិរុទ្ធភាព​ពីបទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ និង​បានសម្រេច​ប្រកាស​ទោស​ដាក់​ពន្ធ​​នាគារ​ជនជាប់ចោទ​ទាំងពីរ​អស់​មួយជីវិត​។ នួន ជា និង ខៀវ សំផន បានធ្វើ​បណ្តឹងសាទុក្ខ​ប្រឆាំងនឹង​សាលក្រម​​របស់​អង្គជំនុំជម្រះ​សាលាដំបូង ដោយ​ម្នាក់ៗ​បាន​លើក​ទឡ្ហីករណ៍​បណ្តឹងសាទុក្ខ​រៀងៗ​ខ្លួន​ចំនួន ២២៣ និង ១៤៨​។ បន្ថែម​លើ​នេះ សហ​ព្រះរាជអាជ្ញា បានដាក់​បណ្តឹងសាទុក្ខ ដោយ​កម្រិត​ត្រឹមតែ​ស្វែងរក​ដំណោះស្រាយ​ដែល​ប្រកាស​​ដោយ​អង្គជំនុំជម្រះ​តុលាការ​កំពូល ទាក់ទង​នឹង​ភាព​អាច​អនុវត្តបាន​នូវ​ទម្រង់​ពង្រីក​បន្ថែម​នៃ​សហ​ឧក្រិដ្ឋកម្ម​រួម ដែល​
​ហៅថា “​សហ​ឧក្រិដ្ឋកម្ម​រួម​ទម្រង់​ទី III” (JCE III) នៅ​ចំពោះមុខ អ​.​វ​.​ត​.​ក​៕​