ស្នងការ​រាជធានី​ព្រមាន​ដកតំណែង​មេ​ប៉ុស្តិ៍​និង​អធិការ​ប៉ូលិស បើ​មានការ​បង្ក្រាប​គ្រឿងញៀន ក្នុង​មូលដ្ឋាន​របស់ខ្លួន ២ លើក​

ភ្នំពេញ: ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ជា​អគ្គស្នងការ​នគរបាល​ជាតិ លោក​ជួន សុវណ្ណ បានដាក់​បទបញ្ជា​ផ្ទាល់មាត់​យ៉ាង​តឹងរ៉ឹង​ឲ្យ​មេ​ប៉ុស្តិ៍ និង​អធិការ ត្រូវតែ​ចាប់​គ្រឿងញៀន​នៅក្នុង​តំបន់​របស់ខ្លួន បើ​ពុំនោះ នឹង​ប្រឈម​ការដកតំណែង​
​។​

​លោក​ឧ​ត្ត​ម​សេនីយ​ឯក ជួន សុវណ្ណ បាន​ថ្លែងថា "​ក្នុង​អង្គប្រជុំ​ប្រចាំខែ​កាលពី​ម្សិល​ម៉ិ​ញ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ គឺ​ឯ​ឧ​ត្ត​ម​បានដាក់​បទបញ្ជា​ដ៏​តឹង​រ៉ឹ​២​ង​មួយ ចំពោះ​មេ​ប៉ុស្តិ៍ និង​អធិការនគរបាល​ទូទាំង​រាជធានី​ភ្នំពេញ ត្រូវតែ​ចុះបង្ក្រាប​ករណី​គ្រឿង​នៅក្នុង មូលដ្ឋាន របស់ខ្លួន បើ​ពុំ​នោះទេ​គឺ​ប្រឈម​នឹង​ការដកតំណែង​។ បទបញ្ជា​នោះ បាន​បញ្ជាក់ថា ប្រសិនបើ​ថ្នាក់​អធិការ​ណា ចុះទៅ​បង្ក្រាប​គ្រឿងញៀន ក្នុង​មូលដ្ឋាន​មេ​ប៉ុស្តិ៍​ណាមួយ​ចាប់ពី​២​ដង​ឡើងទៅ គឺ​ត្រូវតែ​ដក​មេ​ប៉ុស្តិ៍  ហើយ​ប្រសិនបើ​ខាង​ស្នងការដ្ឋាន​ចុះបង្ក្រាប​គ្រឿងញៀន នៅក្នុង​ដែនដី​អធិការ​ណាមួយ​ចាប់ពី​២​ដង គឺ​អធិការ នោះ​នឹងត្រូវ​ដកចេញ​ពី​តំណែង​"​។​

​ការលើកឡើង​របស់លោក​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បែបនេះ ខណៈដែល​លោក​រាយការណ៍​ជូន ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ​ដែល​ដឹកនាំ​ប្រជុំ​ដោយ​លោក ប៉ា សុជាតិ​វង្ស អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៤​ខែកុម្ភៈ​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក​បាន​បន្តថា បញ្ហា​បង្ក្រាប​គ្រឿងញៀន​ជា​បញ្ហា​ដ៏​ស្មុគស្មាញ​បំផុត ព្រោះ​ពួក​ជួញដូរ​គ្រឿងញៀន​ទាំងនោះ គឺមាន​អំណាច​លើស​សមត្ថកិច្ច​ទៅទៀត​។ ក្នុងនោះ​គ្រឿងញៀន ក៏ត្រូវ​បាន​ចរាចរ​បើក​លក់​និង​ប្រើប្រាស់ នៅតាម​បណ្តា​ក្លិប​កម្សាន្ត​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​។ ជា​ដំណោះស្រាយ​បញ្ហា​ប្រឈម​ចំពោះ​អ្នកមានអំណាច​នេះ លោក​ក៏បាន​ណែនាំ​ឲ្យ​គ្រប់​បណ្តា​ប៉ុស្តិ៍ និង​អធិការ បើ​មិន​ហ៊ាន​ចាប់ ក៏​ត្រូវធ្វើ​របាយការណ៍ រាយការណ៍​ជូន​ថ្នាក់លើ​របស់ខ្លួន ហើយ​លោក​ផ្ទាល់​ក៏​រាយការណ៍​ជូន​ថ្នាក់លើ​បន្តទៀត​ដែរ ប្រសិនបើ​ហួស​ពី​សមត្ថភាព​របស់ខ្លួន​។

​ជាមួយគ្នានេះ​លោក​គួច ចំរើន ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ក៏​ទទួលស្គាល់​ដែរ​ថា ការបង្ក្រាប​គ្រឿងញៀន គឺជា​បញ្ហា​មួយ​ដ៏​ស្មុគស្មាញ និង​ប្រឈម​គ្រប់ពេលវេលា ព្រោះ​បច្ចុប្បន្ន​យើង បង្ក្រាប​បានតែ​អ្នកប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​តូចៗ​នៅឡើយ រីឯ​មេខ្លោង​ជួញដូរ​ធំៗ យើង​ពុំមាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​បង្ក្រាប ។ លោក​បាន​បន្តថា ដូច្នេះ​ដើម្បី​ព​ន្លឿ​ន​នូវ​ការដោះស្រាយ​ឧបសគ្គ​រាំងស្ទះ​ទាំងនោះ គឺ​សូម​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ ដែល​ពាក់ព័ន្ធ​រួមជាមួយ​អ្នកអនុវត្ត​ច្បាប់​ផង​នោះ ត្រូវតែ​បើក​យុទ្ធនាការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ នឹង​បញ្ឈប់​ការប្រើប្រាស់​ខ្នងបង្អែក​និង​ការអន្តរាគមន៍​ផ្សេងៗ ទើប​ការបង្ក្រាប​គ្រឿងញៀន​រប​ស់​យើង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។

​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា រាជធានី​ភ្នំពេញ​នាពេល​បច្ចុប្បន្ន ពាក់ព័ន្ធ​នឹង​សណ្តាប់ធ្នាប់​សាធារណៈ គឺ​នៅមាន​បញ្ហា​ប្រឈម​ជាច្រើន​ដែល​ត្រូវ​រួមគ្នា​ដោះស្រាយ​។ ទន្ទឹមនឹង​នោះដែរ បញ្ហា​គ្រឿងញៀន ដែល​យើង​ត្រូវតែ​ឯកភាពគ្នា​កំណត់​គោលដៅ មួយ​ឈានទៅ​បំបាត់​ឬ​កាត់បន្ថយ​បញ្ហា​គ្រឿងញៀន  និង​ដើម្បី​បំបាត់​ពាក្យរិះគន់​ដែល​គេ​ចោទប្រកាន់ថា យើង​ចាប់បាន តែ​អ្នកប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​តូចតាច ប៉ុន្តែ​អ្នក​ផលិត និង​អ្នក​ចែកចាយ​គ្រឿងញៀន​កម្រិត​ធំ​នៅ​មិនទាន់​ចាប់​មិនបាន​៕​

ស្នងការ​រាជធានី​ព្រមាន​ដកតំណែង​មេ​ប៉ុស្តិ៍​និង​អធិការ​ប៉ូលិស បើ​មានការ​បង្ក្រាប​គ្រឿងញៀន ក្នុង​មូលដ្ឋាន​របស់ខ្លួន ២ លើក​

ស្នងការ​រាជធានី​ព្រមាន​ដកតំណែង​មេ​ប៉ុស្តិ៍​និង​អធិការ​ប៉ូលិស បើ​មានការ​បង្ក្រាប​គ្រឿងញៀន ក្នុង​មូលដ្ឋាន​របស់ខ្លួន ២ លើក​

ស្នងការ​រាជធានី​ព្រមាន​ដកតំណែង​មេ​ប៉ុស្តិ៍​និង​អធិការ​ប៉ូលិស បើ​មានការ​បង្ក្រាប​គ្រឿងញៀន ក្នុង​មូលដ្ឋាន​របស់ខ្លួន ២ លើក​