ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖  ការ​ប្រកួត​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម នៅ​លើ​សង្វៀន​ស៊ី​ធី​អិន ថ្ងៃ​សៅរ៍​ទី​៦ កុម្ភៈ ខានស្អែក​នេះ ឈាន​ចូល​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ ។ កីឡាករ​៤​រូប​ដែល​មានឱកាស​បាន​ឡើង​ប្រកួត​នៅ​វគ្គ​នេះ​មាន​កីឡាករ​កម្ពុជា អ៊ុំ ចំរើន មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​ឫទ្ធិ ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ឈ្មោះ​យ៉​ត​ឃុន​ភុ​ន អេក​បាង​សៃ ចំណែក​កីឡាករ​ថៃ​ឈ្មោះ​ណាត​តា​ផុ​ន គៀត​អា​វ៉​ន ប្រកួត​ជាមួយ​កីឡាករ​ឡាវ ឈ្មោះ​អូ​រ៉ូ​ណូ ចំប៉ា​សក្តិ ។

សមាសភាព​កីឡាករ​ទាំង​៤​រូប​នេះ​សុទ្ធតែ​ជា​ជើង​ខ្លាំង​ដែល​បាន​យកឈ្នះ​គូប្រកួត​នៅ​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​ដែល​មាន​ទាំងអស់​៨​រូប ក្នុង​នោះ​កីឡាករ​កម្ពុជា​៤​រូប កីឡាករ​ឡាវ​២​រូប និង​ថៃ​២​រូប ។ ក្នុង​ចំណោម​កីឡាករ​កម្ពុជា​ទាំង​៤​រូប មាន​តែ អ៊ុំ ចំរើន ម្នាក់​ប៉ុណ្ណោះ​ដែល​មានសំណាង​បាន​ឡើង​មក​ប្រកួត​នៅ​វគ្គ​នេះ ។

អ៊ុំ ចំរើន ដែល​បាន​ឡើង​មក​ប្រកួត​ជាមួយ​កីឡាករ​ឡាវ​លើក​នេះ មិន​ទាន់​ដឹង​ថា​យ៉ាងណា​នោះ​ទេ​ព្រោះ​សមត្ថភាព​កីឡាករ​ឡាវ​រូប​នេះ​ពិតជា​មិនធម្មតា​នោះ​ឡើយ ។ ឆ្លងកាត់​ការ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​វិល​ជុំទាំង​៤​លើក​មកនេះ គេ​អត់​ដែល​ស្គាល់​ចាញ់​ម្តងណា​ទេ ឯ​អ៊ុំ ចំរើន ឈ្នះ​តែ​២​លើក​ប៉ុណ្ណោះ ។ បើ​មើល​លើ​ប្រវត្តិ​ប្រកួត​របស់​ពួក​គេ​ទាំង​២​នាក់​កន្លង​មកនេះ​គឺ​មិន​លើសខ្វះ​គ្នា​ប៉ុន្មាន ដោយ​កីឡាករ អ៊ុំ ចំរើន ប្រកួត​បាន​៨២​ដង ឈ្នះ​៧៣​ដង ចាញ់​៧​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​១៩​ដង ។ ចំណែក​កីឡាករ យ៉​ត​ឃុន​ផុ​ន អេក​បាង​សៃ វិញ ប្រកួត​បាន​៨៣​ដង ឈ្នះ​៦៨​ដង ចាញ់​១៣​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​៣​ដង ។ គូ​នេះ​ថ្វី​ដ្បិត​ប្រវត្តិ​ប្រកួត​ប្រហាក់ប្រហែល​គ្នា​មែន ប៉ុន្តែ​សម្រាប់ អ៊ុំ ចំរើន បើ​ចង់​យកឈ្នះ​កីឡាករ​ឡាវ​ប្រហែលជា​មិន​ងាយ​នោះ​ទេ​។ ទាំង​កម្លាំង​និង​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​គឺ​កីឡាករ​ឡាវ​ល្អ​ជាង អ៊ុំ ចំរើន ដាច់​តែ​ម្តង ។ ចាំ​មើល​អ៊ុំ ចំរើន មានសំណាង​បាន​ឡើង​ទៅ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​យក​ចំណាត់ថ្នាក់​លេខ​១ បាន​ឬ​អត់ បើ​គូប្រកួត​ដែល​គេ​ត្រូវ​ជួប​ខ្លាំង​បែប​នេះនោះ ។

ចំណែក អូ​រ៉ូ​ណូ ចំប៉ា​សក្តិ ជួប​ប្រកួត​ជាមួយ ណាត់​តា​ផុ​ន គៀត​អា​វ៉​ន លើក​នេះ​ក៏​មិន​ទាន់​ដឹង​ថា​យ៉ាងណា​នោះ​ដែរ ។ កីឡាករ​ឡាវ​រូប​នេះ​គឺជា​ជើង​ខ្លាំង​មួយ​រូប​ដែល​មិន​ងាយ​នរណា​បង្ក្រាប​បាន​ឡើយ ។ ជាក់ស្តែង ឆ្លងកាត់​ការ​ប្រកួត​នៅ​ក្នុង​វគ្គ​ជម្រុះ​ទាំង​៤​លើក​មកនេះ គេ​មិន​ដែល​ស្គាល់​ចាញ់​ទាល់តែ​សោះ រីឯ​កីឡាករ​ថៃ​ធ្លាប់​ចាញ់​១​លើក។  បើ​ពិនិត្យ​ទៅ​លើ​ប្រវត្តិ​ប្រកួត​របស់​ពួក​គេ​ទាំង​២​នាក់​កន្លង​មក អូ​រ៉ូ​ណូ ចំប៉ា​សក្តិ ប្រកួត​បាន​៦៦​ដង ឈ្នះ​៥៤​ដង ចាញ់​១២​ដង និង​ធ្លាប់​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​៥​ដង ។ ចំណែក​ណាត់​តា​ផុ​ន គៀត​អា​វ៉​ន ប្រកួត​បាន​៨៩​ដង ឈ្នះ​៦៩​ដង ចាញ់​១៥​ដង ស្មើ​៥​ដង និង​ធ្លាប់​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​២​ដង ។ ចាំ​មើល​រវាង​ពួក​គេ​ទាំង​ពីរ​នាក់​នេះ​តើ​នរណា​មាន​វាសនា​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​យក​ចំណាត់ថ្នាក់​លេខ​១ ។

នៅ​លើ​សង្វៀន​ដដែល​ក៏​មានការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​រវាង​កីឡាករ​កម្ពុជា​គ្នា​ឯង​ផង​ដែរ ដូច​ជា​កីឡាករ​ព្រំ វី មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ គង់ ហូ​វ មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ និង​កីឡាករ ឡុ​ង សំណាង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ សុខ វាសនា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ៕