ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃអាទិត្យ​ ទី​៦ កុម្ភៈ  កីឡាករ​កម្ពុជា​២​រូប​ត្រូវ​គេ​ឲ្យ​ឡើង​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ចំ​ថ្ងៃ​សែន​ចិន​តែ​ម្ដង ។ ទោះ​ពលរដ្ឋ​ខ្មែរ​ដែល​ជា​កូនកាត់​ចិន​មមាញឹក​នឹង​ការ​សែនព្រេន​យ៉ាងណា​ក៏​ដោយ ក៏​នៅ​តែ​មានការ​រំពឹង​ថា​នឹង​មាន​អ្នក​ចាំ​ទស្សនាការ​ប្រកួត​នេះ​ច្រើន​កកកុញ​មិន​ខុស​ពី​ស​ប្ដា​ហ៍​កន្លង​ទៅ​នោះ​ទេ ។

ការ​ប្រកួត​អន្តរជាតិ​ដែល​ត្រូវ​គេ​រៀបចំ​ឡើង​ចំ​ថ្ងៃ​សែន​ចិន​នេះ នឹង​ចាប់ផ្ដើម​ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​១០​និង​៣០​នាទី​ព្រឹក នៅ​ក្នុង​ស្ទី​ឌី​យោ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ដោយ​ក្រៅពី​ការ​ប្រកួត​របស់​គូ​អន្តរជាតិ ក៏​នឹង​មានការ​ប្រកួត​រវាង​កីឡាករ​ល្អ​ៗ​ក្នុងស្រុក​ផង​ដែរ ។ កីឡាករ​ព្រំ សំណាង ត្រូវ​គេ​ឲ្យ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ឃូ​បា (Khuo Ba) ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម ដោយ​សមាសភាព​កីឡាករ​ទាំង​ពីរ​សុទ្ធតែ​ល្អ និង​មិន​ទាន់​ដឹង​នៅឡើយ​ទេ​ថា​អ្នក​ណា​នឹង​ទទួល​ជ័យជម្នះ ។ កីឡាករ​ព្រំ​សំណាង ត្រូវ​គេ​ស្គាល់​យូរ​មក​ហើយ​ថា​ជា​ជើង​ខ្លាំង​ទម្ងន់​ធ្ងន់ ដែល​មាន​កម្ពស់​១,៧៥​ម៉ែត្រ និង​មាន​ដៃជើង​រហ័សរហួន​ពិបាក​ឲ្យ​គូប្រកួត​ស៊ូ​បាន ណាស់ ។ ប៉ុន្តែ​សម្រាប់​កីឡាករ​ថៃ​ក៏​មានការ​អះអាង​ដោយ​ផ្ទាល់មាត់​ថា មិន​អន់​នោះ​ដែរ ដោយសារ​កីឡាករ​រូប​នេះ​មាន​ប្រវត្តិ​ឡើង​ប្រកួត​ឈ្នះ​កីឡាករ​ខ្លាំង​ៗ​ច្រើន​នាក់​មក​ហើយ ។ រវាង​ពួក​គេ​ទាំង​ពីរ​នាក់ បើ​និយាយ​ពី​ដៃជើង និង​បច្ចេកទេស​ក្នុង​ការ​វាយលុក គឺ​អាច​និយាយ​បាន​ថា​មាន​ចំណុច​ល្អ​ម្យ៉ាង​ម្នាក់ ។

យ៉ាងណា​ក៏​ដោយ​កីឡាករ​ព្រំ សំណាង មួយ​រយៈ​នេះ​ក៏​មិនសូវ​ឃើញ​ឡើង​រេញ​ញឹកញាប់​ណាស់​ដែរ​ទើប​មិន​ទាន់​ដឹង​ថា​តើ​ការ​លេចមុខ​ចំ​ថ្ងៃ​សែន​ចិន​គេ​រហ័ស​ដូច​មុន​ឬ​ក៏​ស្ទក់​ដៃជើង​អស់ហើយ​។ កីឡាករ​ព្រំ សំណាង ប្រកួត​បាន​៧៥​ដង ឈ្នះ​៦៤​ដង ចាញ់​៩​ដង និង​ស្មើ​២​ដង ក្នុង​ពេល​កីឡាករ​ថៃ​មាន​កម្ពស់​១,៧៦​ម៉ែត្រ​លើស​កីឡាករ​កម្ពុជា​បន្តិច មាន​ប្រវត្តិ​ប្រកួត​បាន​៩៩​លើក ឈ្នះ​៨៧​លើក ចាញ់​១១​លើក និង​ចាញ់​១​លើក ។ ផ្អែក​តាម​ការ​ប្រកួត​នេះ គឺ​កីឡាករ​កម្ពុជា​ស្គាល់​រេញ និង​មានបទពិសោធន៍​តិច​ជាង​កីឡាករ​ថៃ ដែល​ត្រូវ​បញ្ជូន​ឲ្យ​មក​ប្រកួត​ជាមួយ​លើក​នេះ ។ អ្នកគាំទ្រ​កីឡាករ​ព្រំ សំណាង ហាក់​មិនសូវ​មាន​ជំនឿ​ចិត្ត​ពី​ជ័យជម្នះ​របស់​គេ​សម្រាប់​ថ្ងៃ​ខានស្អែក​ប៉ុន្មាន​ទេ បន្ទាប់​ពី​វត្តមាន​របស់​កីឡាករ​ថៃ​កាន់តែ​ប្លែក​មុខ​កាន់តែ​ត្រឡប់​ទៅ​វិញ​ដោយ​មោទនភាព​ក្នុង​ពេល​ប៉ះ​ជាមួយ​កីឡាករ​កម្ពុជា​។ ការ​ប្រកួត​របស់​កីឡាករ​ឃូ​បា ត្រូវ​គេ​ជឿ​ថា​ខ្លាំង​ច្រើន​ជាង​អន់ បើ​ទោះជា​សមត្ថភាព​របស់​កីឡាករ​រូប​នេះ​នៅ​មិន​ទាន់​ដឹង​ថា​ខ្លាំង​ប៉ុនណា​។ ហេតុផល​នៃ​ការ​ជឿជាក់​នេះ គឺ​ដោយសារ​តែ​លោក​ថៃ អ៊ូ ជា​អ្នកដឹកនាំ​កីឡាករ​ថៃ​ឲ្យ​មក​ប្រកួត​បាន​ចេញ​មុខ​ប្រកាស​ថា​គេ​ល្អ​ដៃ កែង និង​ទាត់​ឆ្វេង​ស្ដាំ ហើយ​ភាគច្រើន​នៃ​កីឡាករ​ថៃ​ដែល​មិន​ធ្លាប់​មក​ប្រកួត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ច្រើន​តែ​ខ្លាំង​មិន​ខុស​ពី​ការ​ចេញ​មុខ​អះអាង​នេះ​ទេ ។

លោក​ថៃ អ៊ូ បាន​អះអាង​ថា កីឡាករ ព្រំ សំណាង ប្រកួត​ល្អ​ថែម​ទាំង​ធ្លាប់​ឈ្នះ​ទាំង​កែវ រំ​ចង់ ផង​នៅ​លើ​សង្វៀន ។ ប៉ុន្តែ​លោក​ថា សម្រាប់​ការ​ប៉ះ​គ្នា​ជាមួយ​កីឡាករ​ឃូ​បា​របស់​លោក​នៅ​ថ្ងៃ​ខានស្អែក គឺ​មិន​អាច​ប្រដូច​គ្នា​ដោយ​ស្រួល​បាន​ទេ ដោយសារ​តែ​កីឡាករ​ឃូ​បា គឺ​ល្អ​ព្រម​គ្នា ហើយ​បើ​និយាយ​ពី​កម្លាំង​របស់​គេ​ក៏​មិនមែន​ធម្មតា ។ លោក​ហាក់​មាន​ជំនឿ​ទៅ​លើ​កីឡាករ​របស់​ខ្លួន​ដោយសារ​តែ​ការ​ប្រកួត​នៅ​ក្នុង​ប្រទេស​របស់​គេ​មុន​ពេល​យក​មក គឺ​សុទ្ធតែ​ឈ្នះ​កីឡាករ​ល្អ​ៗ​ទាំងអស់ ។

យ៉ាងណា​ក៏​ដោយ លោក​ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក៏​មាន​ជំនឿ​ចិត្ត​ទៅ​លើ​កីឡាករ​កម្ពុជា​គូ​នេះ​មិន​តិច​ជាង​គ្នា​នោះ​ដែរ ដោយ​សារ​តែ​ក្រុម​គ្រូបង្វឹក​របស់​ព្រំ សំណាង ជា​ពិសេស​គឺ​លោក​ហង់ សឿ​ន បាន​ចេញ​មុខ​អះអាង​ថា ព្រំ សំណាង​ហ្វឹកហាត់​បាន​ម៉ត់ចត់ ដើម្បី​កុំ​ឲ្យ​បាក់មុខ​នៅ​លើ​សង្វៀន​អន្តរជាតិ​នៅ​ថ្ងៃ​សែន​ចិន ។ លោក​ថា កីឡាករ​ព្រំ សំណាង បើ​ទោះជា​ថៃ​វាយ​ល្អ​ប៉ុនណា​ក៏​កីឡាករ​កម្ពុជា​រូប​នេះ អាច​ទប់​ជាប់​ដែរ ហើយ​បើ​លទ្ធផល​ចុង​ក្រោយ​ស្រាប់តែ​ព្រំ សំណាង​បាន​ឈ្នះ​ពិតមែន គឺ​មាន​ន័យ​ថា​កីឡាករ​កម្ពុជា​រូប​នេះ នឹង​កាន់តែ​មានការ​ចាប់អារម្មណ៍​ទៀត​ហើយ​នៅ​លើ​សង្វៀន ។

មិន​ខុស​គ្នា​ដែរ កីឡាករ វ៉ា​ន់ ចាន់​វ៉េ​ត ដែល​បាន​បាត់​មុខ​អស់​មួយ​រយៈ ក៏​អះអាង​ពី​ការ​ប្រឹង​ឲ្យ​ឈ្នះ​សម្រាប់​ការ​ប្រកួត​នៅ​ព្រឹក​ថ្ងៃ​សែន​ចិន​នោះ​ដែរ ។ គេ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ផា យ៉ាក់​ឡេ​ក (Pha Yaklek) ដែល​មិន​ធ្លាប់​មក​ប្រកួត​ទាល់តែ​សោះ ប៉ុន្តែ​ត្រូវ​បាន​គេ​អះអាង​ថា​ជា​កីឡាករ​កូនភ្លោះ​មួយគូ​ថ្មី ដែល​ល្អ​មិន​ណ​យ ។ កីឡាករ​កម្ពុជា​គូ​នេះ ត្រូវ​គេ​ជឿ​ថា​ឈ្នះ​ច្រើន​ដោយសារ​លោក​ថៃ អ៊ូ មិន​ហ៊ាន​ធានា​ពី​កម្រិត​ប្រកួត​របស់​កីឡាករ ផា យ៉ាក់​ឡេ​ក ដូច​គ្នា​ការ​ធានា​ពី​សមត្ថភាព​របស់​កីឡាករ​ឃូ​បា ដែល​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ដូច​គ្នា​។ កីឡាករ​វ៉ា​ន់ ចាន់​វ៉េ​ត ប្រកួត​បាន​៨៨​លើក ឈ្នះ​៦៣​លើក ចាញ់​១៥​លើក និង​ស្មើ​៣​លើក ក្នុង​ពេល​ដែល​កីឡាករ​ថៃ​ឯណេះ​វិញ ធ្លាប់​ប្រកួត​បាន​៦៧​លើក ឈ្នះ​៥៧​លើក ចាញ់​១០​លើក និង​មិន​ដែល​ស្មើ ។

ក្រុម​អ្នក​ទស្សនា​បាន​អះអាង​ថា កីឡាករ​ព្រំ សំណាង នឹង​ពិបាក​យកឈ្នះ​សម្រាប់​ព្រឹកថ្ងៃ​អាទិត្យ ហើយ​កីឡាករ​វ៉ា​ន់ ចាន់​វ៉េ​ត នឹង​អាច​មាន​សង្ឃឹម​ច្រើន​ជាង បើ​ផ្អែក​តាម​ប្រវត្តិ​ឡើង​រេញ​របស់​កីឡាករ​ម្នាក់​ៗ និង​ការ​ធានា ឬ​មិន​ធានា​របស់​លោក​ថៃ​អ៊ូ ដែល​ច្បាស់​ទៅ​លើ​សមត្ថភាព​របស់​កីឡាករ​ថៃ ។

យ៉ាងណា​ក៏​ដោយ​គេ​មិន​ទាន់​ដឹង​ថា​ប្រវត្តិ​អ្នក​ប្រកួត​បាន​ច្រើន​នឹង​ឈ្នះ​១០០% ឬ​អ្នក​ចាញ់​នឹង​ក្លាយជា​អ្នក​ទទួល​បាន​មោទនភាព​នោះ​ទេ ។ អ្វី​ៗ​មាន​តែ​ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​សែន​ចិន​ប៉ុណ្ណោះ ទើប​អាច​សម្រេច​បាន ខណៈ​អ្នកគាំទ្រ​កីឡាករ​កម្ពុជា​សុទ្ធតែ​ជឿ​ថា​ការ​ប្រកួត​របស់​ពួក​គេ​ទាំង​៤​នឹង​ល្អមើល ៕