ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជ​ធានី​ភ្នំពេញ ​៖ លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា ការ​ដាក់​គោលដៅ​ត្រួតពិនិត្យបទល្មើស​ចរាចរណ៍ និង​ការ​ពិនិត្យ​ជាតិ​អាកុល រយៈ​ពេល​​មួយ​ខែ​កន្លង​មកនេះ ​​ដើម្បី​ដាស់តឿន​ដល់​ប្រជាពលរដ្ឋ​ឱ្យ​​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ថ្មី​​​ទាំង​អស់​គ្នា ។​ លោក​បន្ត​ថា បើ​ស្រវឹង​បើកបរ​នោះ​​ ត្រូវ​តែ​ឃាត់ខ្លួន​ហើយ តែ​​​នៅ​ពិបាក​ត្រង់​ថា បើ​ចាប់​អ្នក​ស្រវឹង​បាន​ច្រើន​មាន​កន្លែង​ណា​សម្រាប់​ដាក់​ពួក​គាត់ ត្រង់នេះ​ហើយ​ដែល​យើង​ត្រូវ​តែ​មាន​កិច្ចសហការឱ្យ​​បាន​ល្អ​បំផុត​ជាមួយ​ស្ថាប័ន​តុលាការ ដើម្បី​ចាត់ការ​រឿង​នេះ​ឱ្យ​បាន​ប្រសើរ​ឡើង​ ។​

លោក ប៉ា សុ​ជាតិ​វង្ស ​បាន​មាន​ប្រសា​ស​ន៏​បែប​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ​កុម្ភៈ ២០១៦ ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នៅ​សាល​ប្រជុំ​សាលា​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​លោក​​ឧត្តម​សេនី​យ៏ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​​មាន​ការ​ចូលរួម​ពី​អភិបាល​ខណ្ឌ​ទាំង​១២​ផង​ដែរ ។

លោក ប៉ា សុ​ជាតិ​វង្ស ​បាន​លើក​ឡើង​ទៀត​ថា ​ជុំវិញ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ ឬ​ការ​ពិនិត្យ​ជាតិ​អាកុល​នេះ តើ​​​គួរ​អនុវត្ត​បែប​ណា​ដើម្បី​កាត់​បន្ថយ​អ្នកបើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​នេះ ដោយ​យើង​ត្រូវ​កំណត់​ម៉ោង​ពេល​ប៉ុន្មាន​ចំពោះ​ហាង​ផឹក​​ស៊ី​ និង​ម្ចាស់​ហាង ​ត្រូវ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​​​ក្នុង​កម្រិត​ណាមួយ​នៅ​ក្នុង​ហាង​របស់​ពួក​គាត់​​​​ដែល​មាន​អ្នក​ស្រវឹងស្រា​ខ្លាំង​នោះ ។ ​អ្នកបើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ប្រៀប​បាន​នឹង​អ្នកមាន​អាវុធ​អ​ញ្ចឹ​ង​ដែរ ផុយ​ស្រួយ​​ និង​បង្ក​គ្រោះថ្នាក់​យ៉ាង​ខ្លាំង ដែល​យើង​គ្រប់​គ្នា​ត្រូវ​តែ​​​ចៀសវាង ។

ទាក់ទិនទៅ​នឹង​បញ្ហា​គ្រឿងញៀននេះ​ លោក ប៉ា សុ​ជាតិ​វង្ស បាន​លើក​ឡើង​ថា គ្រឿងញៀន​ជា​បញ្ហា​ធំ​ ដែល​កងកម្លាំង​ត្រូវ​រួម​គ្នា​ដើម្បី​បង្ក្រាប ដែល​បញ្ហា​នេះជាដើម​ចម​បង្ក​ឱ្យ​​កើត​មាន​បទល្មើស​លួច ឆក់ ប្លន់​ និង​បទល្មើស​ជា​ច្រើន​ផ្សេងៗ​ទៀត ដោយ​កន្លង​មកនេះ​ ជនសង្ស័យ​ដែល​បង្ក​បទល្មើស​ផ្សេង​ៗ​ប្រមាណ​៧០%​ជា​មនុស្ស​ញៀន​ថ្នាំ​តែ​ម្តង ៕​