នាយករដ្ឋមន្រ្តីថៃ និយាយថា “កុំឲ្យខ្ញុំដើរតែម្នាក់ឯង”

បាងកក៖ វាជាការយកតម្រាប់តាមពាក្យស្លោកក្រុមបាល់ទាត់ Liverpool ដែលថា “អ្នកនឹងមិនដើរតែម្នាក់ឯង” នៅពេលដែលអ្នកនាំពាក្យរដ្ឋាភិបាលថៃ តាំងនាមឲ្យលោក ប្រាយុទ្ធ ចាន់អ៊ូឆា នាយករដ្ឋមន្រ្តី ថ្លែងការសុំទោសចំពោះក្រុមអ្នកសារព័ត៌មាន ដែលរូបលោក បានសម្ដែងការអាក់អន់ចិត្តនៅមុខពួកគេកាលពីថ្ងៃមុន ហើយបន្សល់ពាក្យថា “កុំទុកឲ្យខ្ញុំដើរតែម្នាក់ឯង”។

ទីភ្នាក់ងារសារព័ត៌មានថៃបាងកកប៉ុស្ដិ៍ ចេញផ្សាយថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបន្ដទៀតថា ការថ្លែងរបស់លោក នាយករដ្ឋមន្រ្តីបែបនេះ ដោយសារតែលោកស្ថិតក្រោមសម្ពាធជាច្រើនចំពោះគោលបំណងដើម្បីជួយបម្រើផលប្រយោជន៍សាធារណៈ និងដោះស្រាយបញ្ហាប្រទេសជាតិជាច្រើនទៀត។

នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អ៊ូឆា ប្រហែលជាឆ្ងល់ហើយ ប្រសិនបើលោកមើលឃើញថា លោកកំពុងដើរតែម្នាក់ឯង នៅពេលដែលពលរដ្ឋក្នុងសង្គមថៃទាំងមូល នៅតែបន្ដស្ងៀមស្ងាត់ និងចាំតែស្ដាប់នោះ ដែលកត្តានេះធ្វើឲ្យមនុស្សម្នាក់តែកំពុងព្យាយាមយ៉ាងពេញទំហឹង ដើម្បីដោះសា្រយបញ្ហាជាតិជាច្រើននោះ មានអារម្មណ៍ថា ឯកា។

គួរបញ្ជាក់ថា វាជាចំណុចមួយដែលអ្នកសារព័ត៌មានគួរយល់ដឹង បន្ទាប់ពីលោក ប្រាយុទ្ធ ចាន់អ៊ូឆា ថ្លែងថា អ្នកកាសែតគួរតែបែងចែកចំណុចខុស និងត្រូវ ដើម្បីជៀសវាងការរាយការណ៍អាក្រក់ ដែលនាំឲ្យសង្គមជាតិយលច្រឡំ និងធ្វើឲ្យប្រជាជនកំពុងព្យាយាមធ្វើកំណែទម្រង់ជាតិមានអារម្មណ៍ថាឯកា៕

នាយករដ្ឋមន្រ្តីថៃ និយាយថា “កុំឲ្យខ្ញុំដើរតែម្នាក់ឯង”