បណ្តឹងសារទុក្ខ នៃសំណុំរឿង០០២ វគ្គ១ នឹងបើកសវនាការ នៅពាក់កណ្តាល ខែកុម្ភៈ

ភ្នំពេញ៖ អង្គជំនុំជម្រះ តុលាការកំពូល នៃតុលាការខ្មែរក្រហម នឹងបន្តសវនាការ លើបណ្តឹងសារទុក្ខ ក្នុងសំណុំរឿង០០២ វគ្គ១ នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខ ខណៈដែលសវនាការនេះ បានផ្អាកកាលពីចុងឆ្នាំមុន ដោយសារខ្វះការ ការពារក្ដីស្របច្បាប់សម្រាប់លោក នួន ជា។

យោងតាម សេចក្ដីជូនដំណឹង របស់តុលាការខ្មែរក្រហម នាថ្ងៃទី០៤  ខែកុម្ភៈ បានឲ្យដឹងថា អង្គជំនុំជម្រះតុលាការកំពូល និងស្តាប់សារណាផ្ទាល់មាត់លើបញ្ហានានា ដែលបានលើកឡើងនូវក្នុងបណ្តឹងសារទុក្ខ ដែលនឹងប្រព្រឹត្តទៅ នៅម៉ោង០៩ព្រឹក ដល់ម៉ោង០៤រសៀល ថ្ងៃទី១៦-១៨ ខែកុម្ភៈ ហើយបើចាំបាច់នឹងបន្ថែម ពេលវេលា១ថ្ងៃទៀត។

សេចក្ដីជូនដំណឹងបន្តថា សវនាការនេះ ពាក់ព័ន្ធទៅនឹងបណ្តឹងសារទុក្ខ របស់សហព្រះរាជអាជ្ញា នួន ជា និងខៀវ សំផន ប្រឆាំងនឹង សាលក្រមរបស់អង្គជំនុំជម្រះ សាលាដំបូងក្នុងសំណុំរឿង០០២ វគ្គ១ ដែលប្រកាស កាលពីថ្ងៃទី៧ សីហា ឆ្នាំ២០១៤ លើអំពើ ឃោរឃៅដ៏ធ្ងន់ធ្ងរ ដែលរងការចោទប្រកាន់។

ក្នុងករណីពុំទាន់មានការសម្រេច លើបញ្ហានៃបណ្តឹងសារទុក្ខនេះទេ ជនជាប់ចោទនៅតែ ត្រូវបានសន្មត់ថាគ្មានទោស៕