សាលាឧទ្ធរណ៍​​​តម្កល់​​​សាល​​​ក្រម​​​តុលាការ​​​ក្រុង​​​ទាក់ទង​​​​​​​​​​​​បាតុកម្ម​​​នៅ​​​ផ្លូវ​​​វែង​​​ស្រេង

សាលាឧទ្ធរណ៍​​​នៅ​​​ថ្ងៃ​​​នេះ​​​បាន​​​​​​តម្កល់​​​សាល​​​ក្រម​​​តុលាការ​​​ក្រុង​​​ដែល​​​​​​បាន​​​ផ្តាន្ទាទោស​​​​​​​​​មន្ត្រី​​​សហជីព និង​​​កម្មករ​​​​​​​​​រោង​​​ចក្រ១៣​​​នាក់​​​​​​​​​ ឲ្យ​​​ជាប់​​​ពន្ធនាគារ​​ទាក់​​​ទង​​​នឹង​​​បទ​​​ចោទ​​​ប្រើ​​​​​​​​​ហិង្សា​​​ដោយ​​​ចេតនា និង​​​​​​បង្ក​​​ការ​​​ខូច​​​ខាត​​​ទ្រព្យ​​​សម្បត្តិ​​​​​​​​​នៅ​​​តាម​​​ផ្លូវ​​​វែង​​​ស្រេង​​​ក្នុង​​​ក្រុង​​​ភ្នំពេញ។

កាល​​​ពី​​​ថ្ងៃ​​​ទី​​​៣០ ខែ​​​ឧសភា ឆ្នាំ​​​២០១៤ តុលាការ​​​ក្រុង​​​ភ្នំពេញ​​​​​​បាន​​​ផ្តន្ទាទោស​​​ពួកគេ​​​ឲ្យ​​​ជាប់​​​​​​ពន្ធនាគារ​​​ម្នាក់ៗ​​​រវាង​​​១​​​ឆ្នាំ និង​​​៤​​​ឆ្នាំ ប៉ុន្តែ​​​ទោស​​​ត្រូវ​​​ព្យួរ។​​​ ​​​​​​

កាល​​​ពី​​​ថ្ងៃ​​​ទី​​​៣ ខែ​​​មករា ឆ្នាំ​​​២០១៤ កងរាជអាវុធ​​​ហត្ថ​​​​​​បាន​​​បាញ់​​​ទៅ​​​លើ​​​ក្រុម​​​បាតុករ​​​នៅ​​​លើ​​​ផ្លូវ​​​វែង​​​ស្រេងដែល​​​កាន់​​​ដុំ​​​ថ្ម និង​​​ដប​​​សាំង ដោយ​​​បណ្តាល​​​ឲ្យ​​​អ្នក​​​តវ៉ា​​​៥​​​នាក់​​​ស្លាប់​​​ និង​​​ជាង​​​៤០​​​ផ្សេង​​​ទៀត​​​រង​​​របួស។ មន្ត្រី​​​សហជីព និង​​​កម្មករ​​​១៣​​​នាក់​​​ត្រូវ​​​វាយ​​​ដំ ឃុំ​​​ខ្លួន និង​​​ចោទ​​​ប្រកាន់។​​​

ចៅ​​​ក្រម​​​ក្រុម​​​ប្រឹក្សាសាលាឧទ្ធរណ៍ លោក ចាយ ចន្ទតារា​​​វណ្ណ បាន​​​អាន​​​សាល​​​ដីកា​​​ថា ៉​​​ជន​​​ជាប់​​​ចោទ​​​មួយ​​​ចំនួន​​​ថា​​​មិន​​​បាន​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​ ថា​​​គ្រាន់​​​តែ​​​ឈរ​​​មើល​​​​​​គឺ​​​មិន​​​អាច​​​ឲ្យ​​​តុលា​​​ការ​​​​​​ជឿ​​​បាន​​​ទេ។ ផ្ទុយ​​​ទៅ​​​វិញ សមត្ថ​​​កិច្ច​​​បាន​​​ចាប់​​​ពួក​​​គាត់​​​​​​ក្នុង​​​បទ​​​ល្មើស​​​ជាក់​​​ស្តែង​​​។ សម្រេច​​​តម្កល់​​​សាល​​​ក្រម​​​របស់​​​សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​​​​ដែល​​​បាន​​​កាត់​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៣០ ខែ​​​៥ ឆ្នាំ​​​២០១៤​​​ទុក​​​ជា​​​បាន​​​ការ​​​ដដែល”។​​​​​​

សាលាឧទ្ធរណ៍​​​បាន​​​ជំនុំ​​​ជម្រះ​​​​​​រឿង​​​ក្តី​​​នេះ​​​​​​កាលពី​​​ថ្ងៃ​​​ទី​​​២៧ ខែមករា៕

 

The post សាលាឧទ្ធរណ៍​​​តម្កល់​​​សាល​​​ក្រម​​​តុលាការ​​​ក្រុង​​​ទាក់ទង​​​​​​​​​​​​បាតុកម្ម​​​នៅ​​​ផ្លូវ​​​វែង​​​ស្រេង appeared first on ខេមបូឌា ដេលី.