ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃអាទិត្យ ​ទី​៦ កុម្ភៈ​ ​នេះ កីឡាករ​កម្ពុជា​២​រូប​នឹង​ត្រូវ​គេ​ឱ្យ​ឡើង​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​ស្រា​បៀរ ​Black Cat របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ចំ​ថ្ងៃ​សែន​ចិន​ដូច​គ្នា​នឹង​កីឡាករ ព្រំ សំណាង និង​កីឡាករ វ៉ា​ន់ ចាន់​វ៉េ​ត ដែរ ដោយ​គ្រាន់តែ​ពួក​គេ​ត្រូវ​ប្រកួត​នៅ​ពេល​យប់ គឺ​បន្ទាប់​ពី​ពិធី​សែន​ចិន​ត្រូវ​បាន​បញ្ចប់​រួចរាល់​តែ​ប៉ុណ្ណោះ ។ កីឡាករ ផង់ សុភាព មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​ឫទ្ធិ និង​កីឡាករ មាស ច័ន្ទ​មាន មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ គឺជា​អ្នក​ឡើង​ប្រកួត​សម្រាប់​ព្រឹត្តិការណ៍​នោះ ។

ការ​ប្រកួត​អន្តរជាតិ​ដែល​ត្រូវ​គេ​រៀបចំ​ឡើង​នៅ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​សែន​ចិន​នេះ នឹង​ចាប់ផ្ដើម​ពី​ម៉ោង​៨​យប់​រហូត​ដល់​ម៉ោង​១០​និង​៣០​នាទី​យប់​ដែល​ជា​ព្រឹត្តិការណ៍​«​កំពូល​អ្នក​ប្រដាល់​របស់​ស្រា​បៀរ​Black Cat » ។ កីឡាករ ផង់ សុភាព ត្រូវ​គេ​ឱ្យ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​ថៃ​ឈ្មោះ ថា​ហាន អ៊េ​ក (Thahan Ek) ដែល​ត្រូវ​គេ​ស្គាល់​យូរ​មក​ហើយ​ថា ជា​ជើង​ខ្លាំង​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​ឡើង​មក​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​៦​ដង ចាញ់​តែ​កីឡាករ​ផល សោ​ភ័​ណ្ឌ ម្នាក់​គត់ ចំណែក​កីឡាករ​កម្ពុជា​៥​រូប​ផ្សេង​ទៀត​ត្រូវ​គេ​ស៊ី​ផុយ ។ កីឡាករ ថា​ហាន អ៊េ​ក ទោះ​មិន​មាន​អ្នក​ណា​ធានា​ពី​គុណភាព​ប្រកួត​ក៏​មាន​អ្នក​ចាំ​មិន​តិច​នោះ​ដែរ ជា​ពិសេស​ក្នុង​រង្វង់​អ្នក​ចូល​ចិត្ត​តាមដាន​ការ​ប្រកួត​អន្តរជាតិ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

គេ​ធ្លាប់​វាយ​ឈ្នះ​កីឡាករ ឃី​ម ឌី​ម៉ា និង​កីឡាករ កន ច​ន្ថា ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង ខណៈ​ដែល​កីឡាករ​ដែល​បាន​ឡើង​ប្រកួត​ជាមួយ​គឺ​សូ​ម្បី​តែ​ផល សោ​ភ័​ណ្ឌ ក៏​ឈ្នះ​ទាំង​តឹង ។ រវាង​គេ និង​កីឡាករ​ផង់ សុភាព គេ​ទុកចិត្ត​កីឡាករ​ថៃ​ច្រើន​ជាង ដោយសារ​តែ​កីឡាករ​ថៃ​ធ្លាប់​បាន​ឡើង​ប្រកួត​សុទ្ធតែ​បង្ហាញ​ថ្វីដៃ​បាន​ល្អ ចំណែក​ភាគី​កីឡាករ​កម្ពុជា​ពេល​ខ្លះ​ប្រកួត​ល្អ ពេល​ខ្លះ​ប្រកួត​មិន​បាន​ល្អ​។

លោក​ថៃ អ៊ូ បាន​ប្រាប់​ថា កីឡាករ ថា​ហាន អ៊េ​ក មក​ប្រកួត​៦​លើក​ស្គាល់​ចាញ់​តែ​ម្ដង​គត់ អ​ញ្ចឹ​ង​ហើយ​ទើប​លោក​ហាក់​មាន​ជំនឿ​ខ្ពស់​ថា​កីឡាករ​កម្ពុជា​នឹង​ទប់​កីឡាករ​រូប​នេះ​មិន​បាន​នោះ​ទេ សម្រាប់​ការ​ប៉ះ​គ្នា​នៅ​ក្នុង​ព្រឹត្តិការណ៍ «​កំពូល​អ្នក​ប្រដាល់​របស់​ស្រា​បៀរ​Black Cat នៅ​យប់​ថ្ងៃស្អែក ។ លោក​ថា ក្រុមហ៊ុនស្រា​បៀរ​Black Cat ហ៊ាន​ផ្ដល់​តម្លៃ​ខ្លួន​ឱ្យ​កីឡាករ​រូប​នេះ​ខ្ពស់ ទើប​កីឡាករ​ជើង​ខ្លាំង​ថា​ហាន អ៊េ​ក សម្រេចចិត្ត​ទទួល​ប្រកួត​ចំ​ថ្ងៃ​សែន​ចិន ដោយ​អះអាង​ថា នឹង​ធ្វើ​ឱ្យ​ការ​ប្រកួត​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នៅ​វេលា​យប់​នោះ​ល្អមើល ។ លោក​ថា កីឡាករ ផង់ សុភាព បើ​ទោះជា​ទប់​ជាប់​កីឡាករ ថា​ហាន អ៊េ​ក ក៏​ទំនង​មិន​ងាយស្រួល​នោះ​ដែរ ដោយសារ​តែ​កីឡាករ​ថៃ​របស់​លោក​គឺ​មាន​សមត្ថ​ភាពល្អ ។

យ៉ាងណា​ក៏​ដោយ​លោក​អះអាង​ថា ការ​ប្រកួត​ជាក់ស្ដែង​គឺ​មិន​ខុស​ពី​គ្រាប់​បាល់​មូល​នោះ​ទេ ដែល​មាន​ន័យ​ថា ពេល​ខ្លះ​អ្នក​ខ្លាំង​ក៏​ត្រូវ​ចំ​ក្រឡា​ផ្ងារជើង​ឡើង​លើ​ដោយសារ​អ្នក​ខ្យោ​យ​ដែរ ដែល​មិន​អាច​កំណត់​ដោយ​ការ​ព្យាករ​បាន ។ លោក​ថា​កីឡាករ​កម្ពុជា​ទើបតែ​ប្រកួត​បាន​៦៨​លើក ឈ្នះ​៥០​លើក ចាញ់​១៣​លើក និង​ស្មើ​៥​លើក​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​កីឡាករ​ថៃ ថា​ហាន អ៊េ​ក វិញ ប្រកួត​បាន​១២៧​លើក ឈ្នះ​១០៥​លើក ចាញ់​២០​លើក និង​ស្មើ​២​លើក ដែល​មាន​ន័យ​ថា ប្រវត្តិ​ប្រកួត​របស់​គេ​ខុស​គ្នា​នឹង​កីឡាករ​កម្ពុជា​ដូច​មេឃ​និង​ដី ។

លោក ញាណ សុធី បាន​អះអាង​ថា ហេតុផល​ដែល​នាំ​ឱ្យ​មានការ​ផ្គូផ្គង​កីឡាករ ផង់ សុភាព ប៉ះ​ជាមួយ​កីឡាករ ថា​ហាន អ៊េ​ក គឺ​បណ្ដាល​មក​ពី​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូ​ក្រាម មិន​មាន​កីឡាករ​ណា​ល្អ​ស្មើនឹង ផង់ សុភាព បន្ទាប់​ពី​កីឡាករ​ផ្សេង​ទៀត​សុទ្ធតែ​ជាប់​ភារៈ​មិន​អាច​ឡើង​ប្រកួត និង​ត្រូវ​ចំ​ថ្ងៃ​សែន​និង​ចូល​ឆ្នាំ​ចិន​ដែល​កីឡាករ​ខ្លះ​មិនសូវ​ចង់​ឡើង​ប្រដាល់ នោះ​ទេ ។

យ៉ាងណា​ក៏​ដោយ​លោក​ថា កីឡាករ ផង់ សុភាព បាន​ធ្វើការ​ហ្វឹកហាត់​ច្បាស់លាស់​ណាស់ ដោយ​មុន​នឹង​ផ្គូផ្គង​ឱ្យ​ប៉ះ​ប្រកួត​ជាមួយ​ថា​ហាន អ៊េ​ក លោក​ក៏​បាន​សួរនាំ​ហើយ​គេ​ពេញចិត្ត​ចង់​សាកល្បង​ដោយ​ខ្លួនឯង ។ លោក​ថា ភាព​ក្លាហាន​របស់​ផង់ សុភាព បើ​គេ​អាច​ឈ្នះ​នោះ​នឹង​កាន់តែ​ល្បី ប៉ុន្តែ​បើ​ទៅ​មិន​រួច​ក៏​មិន​ថ្វី​នោះ​ដែរ ដោយសារ​តែ​កីឡាករ​ថៃ​រូប​នេះ មាន​គេ​ដឹង​យូរ​មក​ហើយ​ថា ជើង​ខ្លាំង​នៅ​កម្ពុជា​គឺ​មាន​តែ ផល សុ​ភ័​ណ្ឌ ទើប​ទប់​ជាប់ ។

នៅ​ក្នុង​ព្រឹត្តិការណ៍ «​កំពូល​អ្នក​ប្រដាល់​របស់​ស្រា​បៀរ​Black Cat»​នេះ​ដែរ កីឡាករ​មាស ច័ន្ទ​មាន ដែល​ត្រូវ​គេ​មើលឃើញ​ថា​ហាក់​រាង​ធ្លាក់ដៃ​បន្តិច ត្រូវ​គេ​ឲ្យ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ផង​ដែរ គឺ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​កូនភ្លោះ​ជា​បងប្អូន​របស់​ផា​យ៉ា​ឡេ​ក ដែល​ជា​គូប្រកួត​របស់​វ៉ា​ន់ ចាន់​វ៉េ​ត ឈ្មោះ ផា​យ៉ាក់​ណ​យ​។ កីឡាករ​ថៃ​រូប​នេះ លោក​ថៃ​អ៊ូ​ក៏​បញ្ជាក់​ថា ល្អ​ផង​ដែរ ប៉ុន្តែ​នៅ​ពេល​ឱ្យ​បង្ហាញ​ជំនឿ​ចិត្ត​ធៀប​នឹង​កីឡាករ​មាស ច័ន្ទ​មាន លោក​ថា​មិន​ហ៊ាន​ព្យាករណ៍ ។

លោក​ថា កីឡាករ​លោក​ធ្លាប់​បាន​ប្រកួត​ចំនួន​៧៧​លើក ឈ្នះ​៦៥​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក ហើយ​ប៉ុន្តែ​ក៏​មិន​នៅ​ក្នុង​ព្រឹត្តិការណ៍​«​កំពូល​អ្នក​ប្រដាល់​របស់​ស្រា​បៀរ​Black Cat» នេះ​ដែរ កីឡាករ​មាស ច័ន្ទ​មាន ដែល​ត្រូវ​គេ​មើលឃើញ​ថា ហាក់​រាង​ធ្លាក់ដៃ​បន្តិច ត្រូវ​គេ​ឱ្យ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ផង​ដែរ គឺ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​កូនភ្លោះ​ជា​បងប្អូន​របស់​ផា យ៉ាក់​ឡេ​ក ដែល​ជា​គូប្រកួត​របស់​វ៉ា​ន់ ចាន់​វ៉េ​ត ឈ្មោះ ផា យ៉ាក់​ណ​យ ។ កីឡាករ​ថៃ​រូប​នេះ លោក​ថៃ​អ៊ូ​ក៏​បញ្ជាក់​ថា​ល្អ​ផង​ដែរ​ប៉ុន្តែ​នៅ​ពេល​ឱ្យ​បង្ហាញ​ជំនឿ​ចិត្ត​ធៀប​នឹង​កីឡាករ​មាស ច័ន្ទ​មាស លោក​ថា​មិន​ហ៊ាន​ព្យាករ ។ កីឡាករ​លោក​ប្រកួត​បាន​ចំនួន​៧៧​លើក ឈ្នះ​៦៥​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក​ហើយ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​សមត្ថភាព​របស់​គេ​នឹង​អាច​ទៅ​រួច​ជាមួយ​កីឡាករ មាស ច័ន្ទ​មាន ឬ​យ៉ាងណា​នោះ​ទេ ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា​រូប​នេះ បើ​ទោះជា​ធ្លាក់ដៃ​ជាង​មុន​បន្តិច ក៏​នៅ​តែ​មាន​ផ្លែ​ដៃ​ល្អ​គ្រប់ពេល​ឡើង​រេញ ។ លោក​រំពឹង​ថា ការ​ប្រកួត​របស់​គូ​នេះ នឹង​បញ្ចប់​ដោយ​ភាពស្វិតស្វាញ ចំណែក​រឿង​ឱ្យ​ប្រាកដ​ចិត្ត​ថា អ្នក​ណា​នឹង​ឈ្នះ​អ្នក​ណា​នោះ គឺ​លុះត្រាតែ​ចាំ​មើល​សិន ។

ផ្អែក​តាម​ការ​ប្រកួត​កីឡាករ​មាស ច័ន្ទ​មាន​គឺជា​ម្ចាស់​ខ្សែក្រវាត់​របស់​ក្រុមហ៊ុន​K-Cement វគ្គ​១​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ដោយ​ធ្លាប់​ប្រកួត​១១៧​លើក ឈ្នះ​៩៤​លើក ចាញ់​២៣​លើក និង​មិន​ដែល​ស្មើ ។ ការ​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ​របស់​គេ​មាន​ល្អ មាន​មិនល្អ ប៉ុន្តែ​សម្រាប់​ការ​ប៉ះ​គ្នា​ជាមួយ​កីឡាករ​ថៃ ផា យ៉ាក់​ណ​យ គឺ​កីឡាករ​កម្ពុជា​រូប​នេះ​ហាក់​មាន​ជំនឿ​ចិត្តច្រើន​ក្នុង​ការ​ដណ្ដើម​ជ័យជម្នះ ៕