ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ចាម ​៖​ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​មួយ​ទាក់ទង​ការ​រៀបចំ​បុណ្យ​ទន្លេ​ ​កាលពី​ថ្ងៃ​ទី៤ កុម្ភៈ ២០១៦ ​នេះ នៅ​ខេត្ត​កំពង់​ចាម លោក​ថោ​ង ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​អះអាង​ថា ​បុណ្យ​ទន្លេ​ គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​សា​រ​សំខាន់​បំផុត​ ក្នុង​ការ​លើក​​កម្ពស់​អរិយធម៌​ និង​វប្បធម៌​ជាតិ​ ក្នុង​ពេល​ដែល​បុណ្យ​ទន្លេ​ បាន​បង្ហាញ​នូវ​​ទំនៀមទំលាប់​ប្រពៃណី​ និង​ផលិតផល​ដែល​ជា​ស្នាដៃ​​របស់​ប្រជាជន​កម្ពុជា​ ។

កិច្ចប្រជុំ​នោះ​ ក៏​មានការ​ចូលរួម​ពី​លោក​អភិបាលខេត្ត​កំពង់ចាម ​និង​​ខេត្ត​ត្បូងឃ្មុំ​ រួម​ទាំង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​​ទៀត​។ លោក ថោ​ង ខុន បាន​ឱ្យ​​ដឹង​ថា ​បុណ្យ​ទន្លេ​លើក​ទី​២ ​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​១១ ​ដល់​១៣​ខែ​មីនា ​ឆ្នាំ​២០១៦ ដែល​មាន​ខេត្ត​២​ចូល​គ្នា​ គឺ​ខេត្ត​ត្បូងឃ្មុំ​ និង​កំពង់ចាម​ ដែល​ជា​ខេត្ត​ស្ថិត​នៅ​ស្រប​នឹង​​ដង​ទន្លេមេគង្គ ​ដែល​មាន​លក្ខ​ណៈ​​អំណោយផល​ ដល់​ការ​រៀបចំ​បុណ្យ​មួយ​នេះ​ ។

លោក​បញ្ជាក់​ថា​បុណ្យ​ទន្លេ​លើក​ទី​២​នេះ​ក្រោម​ប្រធានបទ « ទន្លេ​ស្អាត​សហគមន៍​ល្អ​» និង​ស្រប​តាម​យុទ្ធសាស្ត្រ​នៃ​ទេសចរណ៍​អាស៊ាន​ដែល​ជំរុញ​កា​រត​ភ្ជាប់​បណ្តា​ប្រទេស​ក្នុង​មហា​អនុ​តំបន់​ទន្លេមេគង្គ​សំដៅ​បង្កើន​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ដែល​ជា​សមាជិក​ទន្លេមេគង្គ​នៅ​លើ​សាក​អន្តរជាតិ​ផង​ដែរ​។