ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តព្រៃវែង ៖ សមត្ថកិច្ច​ចម្រុះ​ស្រុក​ពាម​ជរ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង បន្ទាប់​ពី​ត្រួត​ពិនិត្យ​​​ឃើញ​មាន​កាំភ្លើង​អាកា​កាត់​ស្វាយ​១​ដើម រួម​ជាមួយ​គ្រាប់កាំភ្លើង​ចំនួន​២៩​គ្រាប់​នៅ​នឹង​ខ្លួន ។

បុរស​ម្នាក់​នេះ​ឈ្មោះ សំ ធី អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​សំរោង ឃុំ​ព្រែក​សំរោង ស្រុក​ស្អាង ខេត្តកណ្តាល ត្រូវ​បាន​ឃាត់​ខ្លួន​ កាលពី​វេលា​ម៉ោង​១១​យប់ថ្ងៃ​ទី​៣ ​កុម្ភៈ នៅ​ផ្លូវលំ​ក្នុងភូមិ​វាល​របង​លើ ឃុំ​អង្គរ​អង្គ ស្រុក​ពាម​ជរ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៣ ​កុម្ភៈ ខណៈ​កម្លាំង​សមត្ថកិច្ច​កំពុង​ដើរ​ល្បាត​នៅ​តាម​ដងផ្លូវ ស្រាប់តែ​ប្រទះ​ឃើញ បុរស​រូប​នេះ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​សេ​១០០​អត់​ស្លាក​លេខ ធ្វើ​ដំណើរ​តែ​ម្នាក់ឯង និង​មាន​ដឹក​ការុង​១​នៅ​ពីមុខ ដែល​មើល​ពី​ក្រៅ​ដូច​ជា​វត្ថុ​រឹង ។ ដោយ​ឃើញ​បែប​នេះ​ធ្វើ​ឱ្យ​សមត្ថកិច្ច​មានការ​សង្ស័យ ក៏​ឃាត់​ត្រួតពិនិត្យ​និង​ដឹង​ថា នៅ​ក្នុង​ការុង​នោះ​គឺជា​កាំភ្លើង​១​ដើម ម៉ាក​អាកា​កាត់​ស្វាយ និង​មាន​គ្រាប់​ជា​ច្រើន​ទៀត ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពី​ត្រូវ​ឃាត់ខ្លួន និង​តាម​ចម្លើយ​សាកសួរ​បឋម ជន​នេះ​ឆ្លើយ​ថា ខ្លួន​មក​តាម​រកប្រពន្ធ​ឈ្មោះ ហាស់ សា​រ៉េ​ន អាយុ​៣៥​ឆ្នាំ ដែល​បាន​រត់​ចោល​ខ្លួន​ជា​ប្តី ហើយ​មក​សម្ងំ​រស់នៅ​ក្នុងភូមិ​វាល​របង​លើ​នេះ ។ ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បញ្ជាក់​ថា   ទោះបីជា​ចម្លើយ​របស់​បុរស​នេះ​ពិត​ឬ​មិន​ពិត យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​ការ​ដាក់អាវុធ​ជាតិ​ផ្ទុះ​ដែល​គ្មាន​លិខិត​ស្នាម​ត្រឹមត្រូវ​តាម​ខ្លួន គឺជា​រឿង​ខុសច្បាប់ ដូច្នេះ​សមត្ថកិច្ច​ត្រូវ​តែ​ឃាត់ខ្លួន​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី ។

ដោយឡែក សាធារណ​មតិ​ខ្លះ​បាន​លើក​ឡើង​ថា បើ​ជន​នេះ​គ្រាន់តែ​តាម​រកប្រពន្ធ តើ​យក​កាំភ្លើង​មក​តាម​ធ្វើ​អ្វី ឬ​មួយ​ពេល​រក​ឃើញ​ហើយ​បាញ់​សម្លាប់​ចោល? ឯ​មតិ​ខ្លះ​ទៀត​លើក​ឡើង​ថា ចម្លើយ​របស់​ជនសង្ស័យ​អាច​គ្រាន់តែ​ជា​លេស​ដោះសា​ក្រោយ​ពេល​ត្រូវ​ចាប់ខ្លួន​ប៉ុណ្ណោះ ប៉ុន្តែ​ចេតនា​ពិត​គឺ​អាច​មាន​បំណង​អ្វី​ផ្សេង​ក៏​ថា​បាន ។

ទោះជា​យ៉ាងណា​ក៏​ដោយ ប្រជាពលរដ្ឋ​ក៏​មានការ​ត្រេកអរ​ផង​ដែរ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​រូប​នេះ​បាន​មុន គឺ​អាច​ទប់ស្កាត់​បាន​នូវ​ហេតុការណ៍​អាក្រក់​ៗ​ដែល​យើង​នឹក​ស្មាន​មិន​ដល់ ៕