អង់គ្លេស និងន័រវេស៍ សន្យាបន្ថែមជំនួយ ២,៩ពាន់លានដុល្លារ សម្រាប់ជួយដល់ស៊ីរី

ឡុងដ៍៖ នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាលអង់គ្លេស និងន័រវេស៍ បានសន្យាផ្តល់ជំនួយបន្ថែម ប្រមាណ២,៩ពាន់លានដុល្លារ ដល់ប្រទេសស៊ីរី ហើយជំនួយនេះ នឹងប្រើប្រាស់រហូតដល់ឆ្នាំ ២០២០ ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ថា ដោយសារតែសង្គ្រាមនៅក្នុងប្រទេស៊ីរី កាន់តែជ្រៅឡើងៗ ហើយបង្ក និងបន្តឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារបញ្ហានេះហើយ ទើបអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការសង្គម និងមនុស្សធម៌បានផ្តោត យកចិត្តទុកដាក់សំខាន់ទៅលើការគាំទ្រ ទាំងផ្នែកបច្ចេកទេស និងថវិកា ក្នុងការស្រោចស្រង់ពលរដ្ឋស៊ីរី ដែលកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ។ ហេតុដូច្នេះហើយទើបមាន ការចរចាគ្នារកដំណោះស្រាយ ដោយបានផ្តើមបើកនូវសន្និបាត រយៈពេលមួយថ្ងៃនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដើម្បីធ្វើយ៉ាងណា កៀងគររបស់ជំនួយ ជួយដល់ពលរដ្ឋនៅក្នុងប្រទេសមួយនេះ ។

យោងតាម ការប៉ាន់ប្រមាណមួយចំនួនអ្នកស្លាប់ នៅក្នុងសង្គ្រាមកើតឡើងនៅស៊ីរី មានប្រមាណ២៥០,០០០នាក់ ហើយពលរដ្ឋរាប់លាននាក់ ស្ថិតក្នុងស្ថានភាពលំបាកលំបិន ដោយត្រូវភៀសខ្លួនពីលំនៅឋាន ក្នុងនោះពលរដ្ឋ៦លាននាក់ បានបន្តភៀសខ្លួនចេញពីប្រទេស និង៤លានទៀត ចាកចេញទៅកាន់ហ្ស៊កដង់ លេបាណុន តួកគី និងបណ្តាប្រទេសជិតខាងមួយចំនួនទៀត ៕

អង់គ្លេស និងន័រវេស៍ សន្យាបន្ថែមជំនួយ ២,៩ពាន់លានដុល្លារ សម្រាប់ជួយដល់ស៊ីរី