ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកណ្ដាល​ ៖ ​​​បុរស​ម្នាក់​បាត់​ខ្លួន​​ពី​ផ្ទះ​២​ថ្ងៃ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សព​អណ្ដែត​នៅ​ក្នុង​ទឹក​ព្រែ​ក កាលពី​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ កុ​ម្ភៈ នៅ​​​ក្នុង​​​ព្រែក​ហម ភូមិ​ក្បាលជ្រោយ​ ឃុំ​ឈើ​ខ្មៅ ស្រុក​កោះធំ ​។  

មន្ត្រី​នគរបាល​ស្រុក​កោះធំ​បាន​​ឱ្យ​ដឹង​ថា ​សព​បុរស​​​​ដែល​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ទឹក​ព្រែកនោះ ​ឈ្មោះ​ សៀម សន ​អាយុ​៤៨​ឆ្នាំ ​​ជា​​កសិករ មាន​ទីលំនៅ​ភូមិ​ក្បាលកោះ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ​ ខេត្តកណ្តាល ។

​មន្ត្រី​​ដដែល​បាន​​បន្ត​​ថា​ ​បុរស​​រង​គ្រោះ​ខាងលើជា​មនុស្ស​ផឹកស្រា​ជា​ប្រចាំ​ ​​​​ហើយ​កាល​ពី​​ថ្ងៃ​ទី​២ ​ខែ​កុ​ម្ភៈ ​ឆ្នាំ​២០១៦ ​ជន​​រង​គ្រោះ​ខាងលើ​បាន​ផឹកស្រា​ស្រវឹង​ខ្លាំង​ក្នុងផ្ទះ​របស់​ខ្លួន​ ហើយ​​ជិះ​ម៉ូតូ​ឆ្ពោះ​ទៅ​​ទិស​ខាងត្បូង​បាត់​ ។​ រហូត​ដល់​វេលា​ម៉ោង​៨​យប់ថ្ងៃខែ​ឆ្នាំ​ដដែល ជន​រង​គ្រោះ​​ជិះ​​ម៉ូតូ​អស់​សាំង​ហើយ​ឈប់​ម៉ូតូ​នៅ​ខាង​មុខ​រោង​ចាក់​សាំង តែ​អ្នកលក់​មិន​បើកទ្វារ​ចាក់​សាំងឱ្យ​ ​ជន​រង​គ្រោះ​ទុក​ម៉ូតូ​ចោល​ក៏​​ដើរ​ចេញ​បាត់​ទៅ​ ។​ ​លុះ​នៅ​វេលា​​ម៉ោង​៦​និង​៣០​នាទី​​​​ថ្ងៃ​ទី​៤​ ខែ​កុ​ម្ភៈ នេះ ​ស្រាប់​តែ​គេ​​​ប្រទះ​ឃើញ​​សព​ជន​រង​គ្រោះ​អណ្តែត​ទឹក​ក្នុង​ព្រែក​ហម​​​ ។​

ក្រោយ​ពី​ទទួល​​បាន​ព័ត៌​មាន​ ផ្នែក​ជំនាញ​នៃ​ន​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ​ ​ក៏​​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ រួច​បាន​បង្កើត​គណៈកម្មការ​ មាន​អាជ្ញាធរ​មូលដ្ឋាន ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ដើម្បី​ធ្វើការ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិច័យ​សាកសព​ជន​រង​គ្រោះ ​​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ ជន​រង​គ្រោះ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ពាក់ព័ន្ធ​​ទៅ​នឹង​ករណីឃាតកម្ម​ទ្បើ​យ ​គឺ​​ពិតជា​លង់ទឹក​​​ស្លាប់ប្រាកដ​មែន រួច​ក៏​ប្រគល់​​សព​ជូន​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕