Honda គ្រោងប្រមូល យានយន្ត ប្រមាណ ២,២៣លានគ្រឿង បន្ទាប់ពី មានករណី ធ្លាយពោងសុវត្ថិភាព

ដឺត្រ័រ/វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ថា ក្រុមហ៊ុនផលិតរថយន្ត លំដាប់ពិភពលោកជប៉ុន Honda Motor Co Ltd បានគ្រោងនឹងប្រមូលយានយន្តប្រមាណ២,២៣លានគ្រឿង ពីអាម៉េរិកខាងជើង បន្ទាប់ពីមានករណី បែកធ្លាយពោងសុវត្ថិភាព ដោយតម្រូវឲ្យក្រុមហ៊ុន Takata ត្រួតពិនិត្យឡើងវិញ ។

គួររំលឹកថា កាលពីថ្ងៃចន្ទកន្លងទៅនេះ មានរថយន្តស៊េរីទំនើបៗឆ្នាំ២០១៥និងឆ្នាំ២០១៦ នៅកាណាដា ត្រូវបានប្រមូលយកមកត្រួតពិនិត្យឡើងវិញ បន្ទាប់ពីមានករណី បែកធ្លាយពោងសុវត្ថិភាពដែលផលិតឡើងដោយក្រុមហ៊ុន Takata ដូចគ្នាដែរ ដែលមានចំនួន២៦៩,០០០គ្រឿង ។

ក្រុមហ៊ុន Takata Corp បានប្រាប់ដល់សភាទទួលបន្ទុក កិច្ចការសុវត្ថិភាពសហរដ្ឋអាម៉េរិក នៅអំឡុងពេល២សប្តាហ៍មុន ដោយត្រូវប្រមូលយានយន្តប្រមាណ ៣,៩លានគ្រឿង ដោយយានយន្តទាំងនោះមានកំហួចខុសៗគ្នា ដែលអាចបង្កគ្រោះថ្នាក់បានគ្រប់ពេល ហើយក្រុមហ៊ុន Honda ជាអ្នកដែលចាប់ផ្តើម ប្រមូលយានយន្តចុង ក្រោយនូវចំនួនខាងលើ ។

ក្រុមហ៊ុន ហុងដា បានបញ្ជាក់កាលពីថ្ងៃពុធថា សម្រាប់រថយន្តប្រភេទ PSDI-5 វាមិនសូវជាមានបញ្ហាអ្វីចោទឡើយ ។

គួរបញ្ជាក់ជាថ្មីថា កាលពីអំឡុងឆ្នាំ២០០៤ ដោយសារតែពោងសុវត្ថិភាពរបស់ក្រុមហ៊ុន Takata បែកធ្លាយ បានបណ្តាលឲ្យអ្នកបើកបរ និងអ្នកដំណើរសរុបចំនួន០៩នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ និងបានសម្លាប់ពួកគាត់យ៉ាងអាណោចអាធមខ្លាំងណាស់ ៕

Honda គ្រោងប្រមូល យានយន្ត ប្រមាណ ២,២៣លានគ្រឿង បន្ទាប់ពី មានករណី ធ្លាយពោងសុវត្ថិភាព