ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជ​ធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ឃាត់​រថយន្ត​ដឹក​ដីខ្សាច់ និង​ថ្ម​ធុន​ធំ​ជា​ច្រើន​គ្រឿង ដែល​បាន​បើក​ឆ្លងកាត់​តាម​ផ្លូវ​៣០ម៉ែត្រ បង្ក​ឲ្យ​មានការ​កកស្ទះ​ជាង​១​ម៉ោង​ដោយ​ពួក​គាត់​បាន​អះអាង​ថា ក្រុម​រថយន្ត​ដឹក​ដី​ខាងលើ​បើកលឿន​អត់​ស្រោច​ទឹក​ផ្លូវ​បណ្ដាល​ឲ្យ​ហុយ​ទ្រលោមប៉ះពាល់​ដល់​ការ​រស់នៅរបស់​ពួក​គាត់​​​​ កាលពី​វេលា​ម៉ោង​​២​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​៤ ​​កុ​ម្ភៈ ​២០១៦ ​ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​៣០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ព្រៃ​កំបុត សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​ការ​ឃាត់​​រថយន្ត​​​ដឹក​​ដី​ជា​ច្រើន​​គ្រឿង​​ខាង​លើ​នេះ​ ​បង្ក​ឲ្យ​មានការ​កកស្ទះចរាចរណ៍​នៅ​តាម​បណ្តោយ​​ផ្លូវ​ខាងលើជិត​១​ម៉ោង ​ដោយ​ប្រជាពលរដ្ឋទាំងនោះ បាន​និយាយ​ថា តំបន់​អភិវឌ្ឍ​ត្រូវ​តែ​មានការ​ដឹក​ដី​ពី​កន្លែង​មួយ​ទៅ​ចាក់​នៅ​កន្លែង​មួយទៀត​អ​ញ្ចឹ​ង​ហើយ​ ប៉ុន្តែ​ពេល​នេះ​អ្វី​ដែល​ពួក​គាត់​ឃាត់​រថយន្ត​ទាំងនោះ គឺ​ដោយសារ​តែ​បើកបរ​ក្នុង​ល្បឿន​លឿន​អត់​ស្រោច​ទឹក បង្ក​ឲ្យ​ហុយ​​ដី​ទ្រលោម​ប៉ះពាល់​ដល់​ដល់​សុខ​ភាព​ និង​ការ​រស់នៅ​របស់​ពួក​គាត់​ ​ដូច្នេះ​ពួក​គាត់​​ស្នើសុំ​ឲ្យ​ថៅកែ​ចាត់ចែង​ស្រោចទឹក​ឲ្យ​បាន​ត្រឹមត្រូវ​ ។​ ម្យ៉ាងទៀត​ ក៏​ចង់​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​អនុញ្ញាត​ឲ្យ​​​ជីក​​រណ្ដៅ​ដីនៅ​ក្នុងភូមិ​សាស្ត្រខណ្ឌ​​ ត្រូវ​ត្រួតពិនិត្យ​ឡើង​វិញ​ប្រាប់​ឲ្យ​ក្រុម​អ្នក​ដឹក​ដី​ទាំងនោះស្រោច​ទឹក​ផង កុំ​សម្ងំសុខ​ម្នាក់ឯង​ ​សូម​អាណិតអាសូរ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ផ្លូវ​នេះ​ផង ​។

ទាក់ទិន​ទៅ​នឹង​ហេតុ​ការ​ណ៏​ខាងលើ​នេះ​ បន្ទាប់​ពី​ឃាត់​​​អស់​រយៈពេល​ប្រមាណ​ជិត១​ម៉ោង​រួច​មក ប្រជាពលរដ្ឋ​បានសម្រេច​ដោះ​លែង​រថយន្ត​ទាំងនោះ​ឲ្យ​បន្តដំណើរ​ទៅ​មុខជា​ធម្មតា​ទៀត ព្រោះ​ខណៈនោះក្រុម​អ្នក​ដឹក​ដីខ្សាច់ និង​ថ្ម​បាន​ដឹក​ទឹក​យក​ទៅ​ស្រោច​ផ្លូវ​នោះតាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ ៕​