Neymar រង​ការ​ស៊ើប​អង្កេត​​ពី​បទ​លួច​បន្លំ​ពន្ធ និង ក្លែង​ឯកសារ

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​​​ កីឡាករ Neymar ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​ព្រះ​រាជអាជ្ញា​របស់​ប្រទេស​ប្រេស៊ីល​ពី​បទ​លួច​បន្លំ​ពន្ធ និង​ក្លែង​សំណុំ​ឯកសារ​ទាក់ទិន​នឹង​តម្លៃ​ខ្លួន​របស់​គេ។

neymarតារាបាល់​ទាត់ក្លិប Barcelona ​កំពុង​រះវ័យ២៣​ ឆ្នាំ​រូបនេះ ព្រមទាំងគ្រួសារ​របស់គេ​ផងដែរ​ បាន​ធ្វើការ​បដិសេធថា​ ពួកគេ​បាន​​ធ្វើ​បែប​​បទ​​ទាក់​ទិន​នឹង​ភាព​ពុំ​ប្រក្រតី​​ក្នុង​ការ​ចុះ​កិច្ច​សន្យា​លេង​ឲ្យ​ក្លិប​អ្នក​មាន​បុណ្យ​​នេះ​ឡើយ។ មន្រ្តី​ស៊ើប​អង្កេត​ ប្រទេស អេស្បាញ និង ប្រេស៊ីល ​មាន​ការ​សង្ស័យ​ថា គ្រួសារ​របស់ Neymar និង​ក្លិប Barcelona មាន​ចេតនា​លាក់​នូវ​តម្លៃ​ខ្លួន​ពិត​ប្រាកដ​ដែល​ក្លិប​បាន​ទិញ​រូបគេ​ពី​ក្លិប Santos របស់​ប្រេស៊ីល។ Barcelona បាន​ប្រកាស​ថា ខ្លួន​បាន​ទិញ​ Neymar ក្នុង​តម្លៃ ៥៧ លាន​យូរ៉ូ (៦២ លាន​ដុល្លារ) ក៏​ប៉ុន្តែ​អាជ្ញាធរ​ប្រទេស​អេស្ប៉ាញ​គិតថា តម្លៃ​នេះ​អាច​មាន​ទៅ​ដល់ ៨៣ លាន​អឺរ៉ូ។

ព្រះ​រាជអាជ្ញា​សហព័ន្ធ​របស់​ប្រទេស​ប្រេស៊ីល បាន​ធ្វើ​ការ​ចោទ​ប្រកាន់​កីឡាករ​ដែល​មាន​ឈ្មោះ​ពេញ​​នេះ​ថា Neymar Da Silva Santos និង​ឪពុក​របស់​គេ​ពី​បទ​ក្លែង​បន្លំ​ឯកសារ​ដើម្បី​បាន​បង​ពន្ធ​តិច​ជា​ចំនួន​ដែល​ត្រូវ​បង់​ពិត​ប្រាកដ ដែល​បាន​ធ្វើ​ឲ្យ​រដ្ឋ​បាត់​បង់​ចំណូល​អស់​ជាច្រើន​លាន​ដុល្លារ។ អគ្គនាយក​ក្លិប​គឺ លោក Joseph Maria និង​លោក Sandro Rosell ដែល​ជា​អគ្គនាយក​កាល​ពី​មុន ក៏​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​ដូច​គ្នា​នេះ​​ផងដែរ។ នៅពេល​នេះ​ តុលាការ​សហព័ន្ធ​របស់​ប្រទេស​ប្រេស៊ីល​ត្រូវ​ធ្វើការ​សម្រេច​ចិត្ត​ថា តើ​គួរតែ​ទទួល​យក​ការ​ចោទ​ប្រកាន់​នេះ និង​ធ្វើការ​ជំនុំ​ជម្រះ​ទៅ​លើ​ករណីនេះ​ឬ​មួយ​ក៏យ៉ាងណា៕