ពលរដ្ឋ​សង្កាត់​ស្ទឹងមានជ័យ​ចោទ​ក្រុមហ៊ុន​ថា​ចាក់​ដី​លុប​បឹង​បណ្ដាល​ឲ្យ​ទឹក​ជន់​លិច​ភូមិ

ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​ក្នុង​ភូមិ​ទ្រា៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ ទាមទារ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ហា​ប្រាក់​សំណង និង​បញ្ហា​ទឹក​កខ្វក់ ដែល​ក្រុមហ៊ុន​ឯកជន​ចាក់​ដី​លុប​បឹង​ក្រពើ បណ្ដាល​ឲ្យ​ទឹក​ភក់​ជន់​លិច និង​បាក់​បែក​ខូចខាត​ផ្ទះ​របស់​ពួក​គាត់។ ឆ្លើយ​តប​បញ្ហា​នេះ អាជ្ញាធរ​ខណ្ឌ​មានជ័យ ថា​កំពុង​ដោះស្រាយ។

ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​មាន​ផ្ទះ​សម្បែង​នៅ​អម​សង​ខាង​ប្រឡាយ​បង្ហូរ​ទឹក​ស្អុយ​បឹង​ក្រពើ ស្ថិត​ក្នុង​ភូមិ​ទ្រា៤ សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ បាន​នាំ​គ្នា​ប្រតិកម្ម​តវ៉ា​ប្ដឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​ជួយ​ធ្វើ​ការ​ទប់ស្កាត់​ករណី​ក្រុមហ៊ុន សូនី ដឹក​អាចម៍​ដី​យក​ទៅ​ចាក់​លុប​បឹង​ក្រពើ ដែល​ប៉ះពាល់​ដល់​លំនៅឋាន​របស់​ពួក​គាត់។

ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ម្នាក់​ឈ្មោះ ទៀង រតនា អះអាង​ថា ការ​ចាក់​ដី​លុប​បឹង​ក្រពើ មាន​សកម្មភាព​មួយ​សប្ដាហ៍​ហើយ បាន​ធ្វើ​ឲ្យ​ស្ទះ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ស្អុយ ហើយ​ច្រាល់​ភក់​ល្បាប់​ឡើង​លើ​បណ្ដាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ ៦​ខ្នង​ត្រូវ​រង​ការ​ខូចខាត និង​ផ្ទះ​ជាច្រើន​ខ្នង​ផ្សេង​ទៀត ព្រម​ទាំង​ដង​ផ្លូវ​ផង ត្រូវ​បាន​ទឹក​ខ្មៅ​កខ្វក់​ជន់​លិច​រំខាន​ដល់​ការ​រស់នៅ។ លោក​បន្ត​ថា អាជ្ញាធរ និង​ក្រុមហ៊ុន ពុំ​បាន​ជូន​ដំណឹង និង​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ​ជា​មុន​នោះ​ទេ ហើយ​ថែម​ទាំង​បញ្ជា​ឲ្យ​ពួក​គាត់​រុះរើ​ផ្ទះ​ចេញ ដោយ​ផ្តល់​សំណង​ត្រឹម ៥​ពាន់​ដុល្លារ៖ «ប៉ះពាល់​ដល់​កូន​ឈឺ ហើយ​មិន​ដឹង​ដេក​នៅ​ណា​ទេ ព្រោះ​ទឹក​ស្អុយ​កាន់​តែ​ខ្ពស់​ឡើង​លើ។ រាល់​ថ្ងៃ​នេះ​រស់​ឲ្យ​តែ​បាន​រស់​សិន​ទៅ ហើយ​កូនៗ​ក៏​មិន​បាន​ទៅ​រៀន​ដែរ»

ទាក់ទិន​បញ្ហា​នេះ អភិបាល​ខណ្ឌ​មានជ័យ លោក ពេជ្រ កែវមុនី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​ប្រគល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន សូនី ចាក់​ដី​លុប​បឹង​ក្រពើ​នោះ​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ ប៉ុន្តែ​លោក​មិន​ច្បាស់​ថា អភិវឌ្ឍ​អ្វី​ឲ្យ​ប្រាកដ​នៅ​ឡើយ​ទេ។ លោក ពេជ្រ កែវមុនី បញ្ជាក់​ថា អាជ្ញាធរ​បាន​ឲ្យ​ក្រុមហ៊ុន​ពន្លឿន​ធ្វើ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​នៅ​តំបន់​នោះ​ហើយ ប៉ុន្តែ​បើ​នៅ​តែ​មាន​ទឹក​ច្រាល់​លិច​ផ្ទះ​ពលរដ្ឋ​នោះ លោក​ឲ្យ​ក្រុមហ៊ុន​ផ្អាក​សកម្មភាព​ចាក់​ដី និង​រក​ដំណោះស្រាយ​ជា​បន្ទាន់។ ចំណែក​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​នោះ គឺ​ក្រុមហ៊ុន​មាន​គោល​នយោបាយ​ទូទាត់​ប្រាក់​សំណង​ជូន​ពួក​គាត់ ដើម្បី​ទៅ​រក​ទីតាំង​ថ្មី៖ «ខ្ញុំ​បាន​ឲ្យ​មន្ត្រី​ចុះ​ណែនាំ​ដល់​ក្រុមហ៊ុន​កាយ​ផ្លូវ​ទឹក ដើម្បី​ឲ្យ​ហូរ​ជា​បណ្ដោះអាសន្ន​សិន ទម្រាំ​យើង​ភ្ជាប់​ប្រព័ន្ធ​លូ​ដល់​ចំណុច​នេះ។ ក្រុមហ៊ុន​ក៏​មាន​គោល​នយោបាយ​ដោះស្រាយ​សំណង​សមស្រប​ជូន​ពួក​គាត់ ដែល​រស់នៅ​លើ​បឹង​ក្រពើ​នោះ ដើម្បី​ឲ្យ​គាត់​រក​ទីតាំង​ថ្មី»

វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែងរក​ពន្យល់​ពី​ក្រុមហ៊ុន សូនី បាន​ទេ​នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ។

លោក ទៀង រតនា ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​រង​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ដោយសារ​ការ​អភិវឌ្ឍ​នោះ​មាន ៦​គ្រួសារ។ លោក​អះអាង​ថា អាជ្ញាធរ​បាន​បង្ខំ​ឲ្យ​ពួក​គាត់​ទទួល​យក​សំណង​ចំនួន ៥​ពាន់​ដុល្លារ​នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ហើយ​ថា​បើ​មិន​ទទួល​យក​នៅ​ថ្ងៃ​នេះ​ទេ ពួក​គាត់​នឹង​ពុំ​បាន​អ្វី​ទាំងអស់។ មក​ទល់​ពេល​នេះ មាន​ប្រជាពលរដ្ឋ ៣​គ្រួសារ​ដែល​យល់ព្រម​ផ្ដិត​មេ​ដៃ​ទទួល​យក​សំណង​ដើរ​ចេញ​ពី​ដី​នោះ ប៉ុន្តែ​នៅ​សល់ ២​គ្រួសារ​ទៀត​មិន​ព្រម​ទទួល​យក​ឡើយ ដោយ​អះអាង​ថា សំណង​នេះ​មិន​អាច​ឲ្យ​ពួក​គាត់​ទៅ​រក​ទិញ​ដី​នៅ​កន្លែង​ផ្សេង​បាន។ លោក ទៀង រតនា អះអាង​ថា លុះត្រា​តែ​បាន​សំណង​ចំនួន ៧​ពាន់​ដុល្លារ ទើប​សុខ​ចិត្ត​ចាក​ចេញ​ទៅ​រក​ទីតាំង​កន្លែង​ថ្មី៖ «គេ​និយាយ​ថា បើ​មិន​យក ៥​ពាន់​ដុល្លារ​នេះ​ទេ អាជ្ញាធរ​លែង​ទទួល​ដឹង​ឮ​ហើយ យើង​ចង់​ទៅ​ប្ដឹង​ឯណា​អី​ជា​រឿង​របស់​យើង គេ​លែង​ដោះស្រាយ​ឲ្យ​ហើយ»

ដោយឡែក​បញ្ហា​ទឹក​ស្អុយ​នោះ នៅ​តែ​បន្ត​ច្រាល់​ឡើង​លិច​ផ្លូវ និង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ដដែល មិន​ទាន់​ស្រក​ស្រុត​ទៅ​វិញ​ទេ​មក​ដល់​ល្ងាច​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ដោយសារ​តែ​ក្រុមហ៊ុន​នៅ​តែ​បន្ត​សកម្មភាព​ចាក់​ដី មិន​ព្រម​ផ្អាក​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ឡើយ។ យ៉ាង​ណា អភិបាល​ខណ្ឌ​មានជ័យ អះអាង​ថា នឹង​ឲ្យ​ក្រុម​ការងារ​ចុះ​ពិនិត្យ​មើល​ករណី​នេះ​ម្តង​ទៀត។

អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ទាក់ទង​បញ្ហា​ដីធ្លី លើក​ឡើង​ថា វា​មិន​មែន​ជា​រឿង​ថ្មី​ឡើយ​ដែល​អាជ្ញាធរ​ធ្វើ​ការ​អភិវឌ្ឍ មិន​បាន​ពិគ្រោះ​យោបល់ និង​សិក្សា​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​ជា​មុន​ជាមួយ​ប្រជាពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ​នោះ ហើយ​លទ្ធផល​ចុង​ក្រោយ គឺ​បន្សល់​ទុក្ខ​លំបាក​ដល់​ប្រជាពលរដ្ឋ។

នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា (Equitable Cambodia) លោក អៀង វុទ្ធី សង្កេត​ឃើញ​ថា ជាទូទៅ គម្រោង​ការ​អភិវឌ្ឍន៍​តែង​តែ​ធ្វើ​ទៅ​មុន ហើយ​ការ​សិក្សា​ផល​ប៉ះពាល់​តែង​គិតគូរ​ជា​ក្រោយ ដែល​ជា​គំរូ​អាក្រក់​ដល់​គម្រោង​ដទៃ​ទៀត៖ «ធ្វើ​ការ​លុប​បឹង​បណ្ដាល​ឲ្យ​លិច និង​បាក់​ផ្ទះ​ប្រជាពលរដ្ឋ​នេះ អ៊ីចឹង​សួរ​ថា​មាន​សិក្សា​ជា​មុន​ទេ ប្រសិន​បើ​អត់​នេះ គឺ​ជា​បទ​ឧក្រិដ្ឋ​ព្រោះ​ថា​ធ្វើ​ឲ្យ​ខូច​ផ្ទះ​សម្បែង​របស់​គេ។ ដូច្នេះ​ពលរដ្ឋ​មាន​សិទ្ធិ​ប្ដឹង​ក្រុមហ៊ុន​អភិវឌ្ឍន៍​នោះ»

លោក​ថា ការ​ចាក់​ដី​លុប​បឹង​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ និង​ប៉ះពាល់​បរិស្ថាន​នេះ គឺ​ជា​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ និង​ច្បាប់​កម្ពុជា។ លោក​បញ្ជាក់​ថា អង្គការ​សមធម៌​កម្ពុជា នឹង​តាម​ដាន​ករណី​នេះ​ត​ទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។