លោក សុខ ទូច អះអាង​ថា​វៀតណាម​មិន​ដែល​គោរព​កិច្ចព្រមព្រៀង​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ

ប្រធាន​ក្រុម​ស្រាវជ្រាវ​ព្រំដែន នៃ​រាជបណ្ឌិត​សភា អះអាង​ថា ប្រទេស​វៀតណាម ពុំ​ដែល​បាន​គោរព​កិច្ចព្រមព្រៀង រវាង​ប្រទេស​ទាំង​ពីរ ដែល​សន្យា​មិន​បំពាន​គ្នា រឿង​ដី​នៅ​ជាប់​ព្រំដែន​ម្ដង​ណា​ទេ។

លោក សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៃ​រាជបណ្ឌិត​សភា ថ្លែង​ដូច​នេះ ធ្វើ​ឡើង​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី៤ កុម្ភៈ។

លោក​យល់​ឃើញ​ថា នេះ​ជា​ការ​គួរ​ឲ្យ​ហួស​ចិត្ត នៅ​ពេល​វៀតណាម បន្ត​រំលោភ​លើ​កិច្ចព្រមព្រៀង ដែល​សន្យា​មិន​ទន្ទ្រាន​ចូល​ក្នុង​អធិបតេយ្យ​រៀង​ៗ លើ​ដី​ដែល​មាន​ទំនាស់។ ការ​រក​ឃើញ​ដូច​នេះ​របស់​លោក សុខ ទូច គឺ​លោក​អះអាង​ថា សំដៅ​ដី​មាន​វិវាទ​ប្រមាណ ១៦ ហិកតារ នៅ​ខេត្ត​ត្បូងឃ្មុំ។

ប្រធាន​ផ្នែក​ស្រាវ​ជ្រាវ កិច្ចការ​ព្រំ​ដែន​កម្ពុជា ហៅ​ការ​ធ្វើ​មិន​ដឹង​មិន​ឮ​របស់​រដ្ឋាភិបាល​វៀតណាម​ម្ដង​ហើយ​ម្ដង​ទៀត ចំពោះ​កិច្ចសន្យា​លើ​ដី​ទំនាស់​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ថា ជា​ការ​គួរ​ឲ្យ​ហួសចិត្ត និង ថា​នេះ​ជា​កលល្បិច​របស់​វៀតណាម ចង់​ធ្វើ​ឲ្យ​កម្ពុជា​ខាត​ប្រយោជន៍​ធំ​រឿង​ទឹកដី។

យ៉ាង​នេះ​ក្ដី​លោក សុខ ទូច រក​ឃើញ​ថា ការ​ចុះ​ស្រាវជ្រាវ​រក​បង្គោល​ព្រំដែន ក្នុង​រយៈពេល៣ខែ​កន្លង​ទៅ​នេះ ជា​លទ្ធផល​គឺ​បង្គោល​ចំនួន១ពាន់​បង្គោល​ហើយ បាន​រក​​ឃើញ ហើយ​បង្គោល​ខ្លះ​បាន​បោះ​ចូល​ទៅ​ក្នុង​ទឹកដី និង ភូមិ​របស់​វៀតណាម។ ការ​ចុះ​រុករក​បង្គោល​ព្រំដែន​នេះ គឺ​រាជបណ្ឌិត​សភា ទើប​តែ​ដំណើរការ​បាន ៥ពាន់​គីឡូម៉ែត្រ​នៅ​ឡើយ​ទេ ពោល​គឺ​នៅ​សល់​ប្រមាណ ៧ពាន់ ៧០ គីឡូម៉ែត្រ​ទៀត​ទើប បញ្ចប់​ជា​ស្ថាពរ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​នៅ​យប់​នេះ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។