ព្រះអង្គ​​​ម្ចាស់ នរោត្តម រណឫទ្ធិ ជំទាស់​​​នឹង​​​​​​ស្លាក​​​សញ្ញា​​​បក្ស​​​ថ្មី​​​​​​​​​លោក ញ៉ឹក ប៊ុនឆៃ

ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ  ​​​ប្រធាន​​​គណបក្ស​ហ្វុ៊នស៊ិនប៉ិច​​​បាន​​​ស្នើ​​​សុំ​​​​​​​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ចាត់​​​វិធានការ​​​ចំពោះ​​​​​​លោក ញ៉ឹក ប៊ុនឆៃ ដែល​​​បាន​​​ប្រកាស​​​បង្កើត​​​​​​គណបក្ស​​​ថ្មី ហើយ​​​ប្រើ​​​ស្លាក​​​សញ្ញា​​​របស់​​​​​​​​​បក្ស​ហ្វុ៊នស៊ិនប៉ិច។

ក្នុង​​​លិខិត​​​មួយ​​​ផ្ញើ​​​ជូន​​​​​​លោក ស ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហា​​​ផ្ទៃ​​​កាល​​​ពី​​​ម្សិល​​​មិញ ព្រះអង្គ​​​ម្ចាស់ រណឫទ្ធិ បាន​​​មាន​​​បន្ទូល​​​ថា “​​​ចំពោះ​​​ឈ្មោះ​​​គណបក្ស​​​ ខ្ញុំ​​​សូម​​​ជំទាស់​​​​​​ជាមុន​​​ដោយ​​​អនុវត្ត​​​​​​តាម​​​មាត្រា​​​១១​​​នៃ​​​ច្បាប់​​​គណបក្ស​​​នយោ​​​បាយ​​​ មិន​​​អនុញ្ញាត​​​ឲ្យ​​​គណបក្ស​​​ណា​​​យក​​​ឈ្មោះ និង​​​សញ្ញា​​​គណបក្ស​​​ដែល​​​មាន​​​កន្លង​​​មក​​​ ដោយ​​​ចម្លង​​​ ឬ​​​កែ​​​សម្រួល​​​​​​យក​​​ទៅ​​​ប្រើ​​​ប្រាស់​​​​​​សំគាល់​​​គណបក្ស​​​ខ្លួន​​​ឡើយ”។​​​​​​​​​​​​​​​

លោក ញ៉ឹក ប៊ុនឆៃ ​​​ដែល​​​​ជា​មន្ត្រី​​​សំខាន់​​មួយ​រូប​នៅ​ក្នុង​គណបក្ស​រាជានិយម​​មួយ​នេះ បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា ​​លោក​​​​បាន​បង្កើត​​​​គណបក្ស​ថ្មី​មួយ​​​ឈ្មោះ គណ​បក្ស​​​​​​រួបរួម​ជាតិ​​ ដោយ​សារ​តែ​លោក​​​​​​​​មិន​ពេញ​ចិត្ត​​​​​នឹង​​​ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ ចំណែក​​​ឯ​​​ស្លាក​​​​​សញ្ញា​​​​​របស់​​​​​​គណ​បក្ស​​​​​​​​​នេះ​​​ដូច​គ្នា​បេះបិទ​ទៅ​នឹង​​ស្លាក​​​សញ្ញាចាស់​​របស់​​គណបក្ស​ហ្វុ៊ន​ស៊ិនប៉ិច​។

លោក ញ៉ឹក ប៊ុនឆៃ បាន​​​​​​មាន​​​ប្រសាសន៍​​​ថា លោក​​​នឹង​​​នៅ​​​តែ​​​ប្រើ​​​​​​ស្លាក​​​សញ្ញា​​​ចាស់​​​​​​របស់​​​គណ​​​បក្សហ្វុ៊នស៊ិនប៉ិច​​​​ដដែល​​​ ទោះ​​​បី​​​ជា​​​ជំទាស់​​​ដោយ​​​ព្រះ​​​អង្គ​​​ម្ចាស់ រណឫទ្ធិ ក៏​​​ដោយ។

លោក ញ៉ឹក ប៊ុន​​​ឆៃ បាន​​​និយាយ​​​ថា “ខ្ញុំ​​​នៅ​​​តែ​​​​​​ប្រើ​​​ឡូ​​​ហ្គូ​​​ដដែល។ ស្ទើរ​​​តែ​​​សមាជិក​​​ទាំ​​​ង​​​អស់​​​ក្នុង​​​រចនា​​​សម្ព័ន្ធ​​​​​​​​​ហ្វុ៊នស៊ិនប៉ិច​​​ចាស់​​​​​​ចុះ​​​ចូល​​​មក​​​ខាង​​​ខ្ញុំ”។

លោក ញ៉ឹក ប៊ុនឆៃ​​​ ​​​​​​បាន​​​រៀប​ចំការ​​​​​​​បណ្ដេញ​ព្រះអង្គម្ចាស់​ រណឫទ្ធិ ​ចេញពី​គណ​បក្ស​​​ហ្វុ៊នស៊ិនប៉ិច​នៅ​​ក្នុង​ឆ្នាំ​២០០៦ រហូត​​​​មក​ដល់​ឆ្នាំ​មុន ទើប​​​ព្រះអង្គ​​​ម្ចាស់​​​​​បាន​​​យាង​​​​មក​ធ្វើ​ជា​ប្រធាន​គណបក្ស​នេះ​​​​វិញ​​។​​​

​ចាប់តាំង​ពី​​​​មក​ដឹកនាំ​​​គណបក្ស​ហ្វុ៊ន​ស៊ិនប៉ិច​វិញ​ ព្រះអង្គម្ចាស់ រណឫទ្ធិ បាន​​ផ្លាស់​ប្ដូរ​ស្លាក​​​​សញ្ញា និង​ការិយាល័យ​ ហើយ​​​​មើល​​ខុស​ត្រូវ​​ចំពោះ​ការ​រុះរើ​​​​​​​រដ្ឋបាល​​​​​​​​បក្ស​។ ​មុខ​តំណែង​​​​របស់​លោក ញ៉ឹក បុ៊នឆៃ បាន​ផ្លាស់​​ប្ដូរ​ពីអគ្គលេខាធិការ​មក​ជា​អនុប្រធាន​​​​ទី២​របស់​​​​បក្ស​​៕

 

The post ព្រះអង្គ​​​ម្ចាស់ នរោត្តម រណឫទ្ធិ ជំទាស់​​​នឹង​​​​​​ស្លាក​​​សញ្ញា​​​បក្ស​​​ថ្មី​​​​​​​​​លោក ញ៉ឹក ប៊ុនឆៃ appeared first on ខេមបូឌា ដេលី.