ឯកភាព​បន្ត​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​អោយបាន​ដល់​ចំនួន​៥ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧

ភ្នំពេញ: កិច្ចប្រជុំ​លើក​ទី​៣​របស់​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុជា​-​ចិន​ដើម្បី​អនុវត្ត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ត្រូវបាន​ប្រារព្ធ​ធ្វើ​កាលពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយមាន​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​លោក​យ៉ាង ជា​ឈី​(Yang Jiechi) ទីប្រឹក្សា​រដ្ឋ​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ធ្វើជា​សហប្រធាន​រួមគ្នា​។

​អនុរដ្ឋមន្ត្រី​របស់​ក្រសួង​ពាក់ព័ន្ធ​របស់​ចិន​ជាច្រើនរូប​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​។​
 កិច្ចប្រជុំ បាន​ពិនិត្យឡើងវិញ​នូវ​ការរីកចំរើន​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​លើ​វិស័យ​ជាច្រើន ចាប់តាំងពី​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​លើក​ទី​២ កាលពី​ខែធ្នូ ឆ្នាំ​២០១៤ និង​បាន​ផ្លាស់ប្តូរ​ទស្សនៈ​ស៊ីជម្រៅ​លើ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​សំរាប់​ដំណាក់កាល​បន្ទាប់​ទៀត ហើយ​បាន​ឈានដល់​ការឯកភាព​មាន​ជាអាទិ៍​៖ ​ព​ន្លឿ​ន​ការចុះហត្ថលេខា​លើ​ឯកសារ​ស្តីពី​កិច្ចសហប្រតិបត្តិការ​កំរិត​រដ្ឋាភិបាល ស្តីពី​ការបង្ក្រាប​ការជួញដូរ​មនុស្ស ការប្រឆាំង​ភេរវកម្ម និង​ការបង្ក្រាប​ការរត់ពន្ធ​មនុស្ស​ជា​ក្រុម​។ ​ភាគី​ទាំងពីរ បាន​ឯកភាព​បន្ត​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​អោយបាន​ដល់​ចំនួន​៥ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧​។

​ភាគី​ទាំងពីរ​ឯកភាព​បន្ត​ផ្តល់​ការគាំទ្រ​ដល់​ការអភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​។ ភាគី​ទាំងពីរ បាន​ឯកភាព​អោយមាន​ការរៀបចំ និង​ចុះហត្ថលេខា​លើ​ឯកសារ​ស្តីពី​កិច្ចសហប្រតិបត្តិការ “​ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ​”​។ ភាគី​ទាំងពីរ ក៍បាន​ឯកភាព ជំរុញ​ការរៀបចំ និង​អនុវត្ត​គំរោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ - ក្រុង​ព្រះ សីហនុ​។

​ភាគី​ចិន​ស្វាគមន៍​ការ​នាំចូល​កសិផល​កម្ពុ​ជា​បន្ថែមទៀត​ទៅកាន់​ទីផ្សា​រ​របស់​ចិន តែ​ត្រូវ​ស្របតាម​ស្តង់ដា ច​ត្តា​លី​ស័​ក្ត និង​តម្រូវការ​របស់​ចិន​។​កម្ពុជា​បានស្នើ​អោយ​ចិន​ជួយ​សំរួល​ក្នុង​ការនាំ​កសិផល​កម្ពុជា ជាច្រើន​ទៀត​ទៅ​ចិន រួមមាន​: កៅស៊ូ​ក្រែប ដំឡូង​ស្ងួត ស្ករស និង​ម្រេច​។ ភាគី​ចិន​បន្ត​ផ្តល់​ដល់​កម្ពុជា​នូវ​ជំនួយ​អភិវឌ្ឍន៍ និង​ឥណទាន​សម្បទាន​។ ភាគី​ទាំងពីរ​បន្ត​ជំរុញ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ សំរាប់​គាំទ្រ​ដល់​គំរោង​នានា ដូច​មាន​ក្នុង​ផែនការ​សហប្រតិបត្តិកា​រ ៥​ឆ្នាំ ២០១៥ - ២០១៩ ដូចដែល​កម្ពុជា បានស្នើ​ឡើង​។

ភាគី​ទាំង​ពីរបាន​ឯកភាព​បង្កើន​ជំនួយ​របស់​ចិន​នៅក្នុង​វិស័យ​ដែល​ទាក់ទង​នឹង​ជីវភាព រស់នៅ​របស់​ប្រជាជន​និង​គំរោង​សហប្រតិបត្តិ​ការសំខាន់ៗ​រវាង​ប្រទេស​ទាំងពីរ ដូចជាៈ គំរោង​សាងសង់​ពហុកីឡាដ្ឋាន​ជាតិ មរតក​តេ​ជោ មន្ទីរពេទ្យ​។​ល​។ បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម​រៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​ចំរុះ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក​សិ​កម្ម​ទ្វេភាគី​លើក​ទី​៣ និង​ជំរុញ​ការបង្កើត​យន្តការ​អន្តររដ្ឋាភិបាល​ស្តីពី​កិច្ចសហប្រតិបត្តិការ​ផ្នែក​ព្រៃឈើ​។

ភាគី​ចិន​នឹង​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​ផ្នែក​បច្ចេកវិទ្យា​កសិកម្ម ហើយ​និង​ជួយ​បណ្តុះបណ្តាល​បច្ចេកទេស​ក​សិ​កម្ម​បន្ថែមទៀត​។ ភាគី​ទាំង​ពីរបាន​ឯកភាព​បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​ការតភ្ជាប់​។ ភាគី​ចិន​នឹង​ជួយ​កម្ពុជា​ក្នុងការ​បង្កើត​ផែនការមេ​ត​ភ្ជាប់​គ្រប់​ជ្រុងជ្រោយ​សំរាប់​កម្ពុជា​។ ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស​លើ​ការគ្រប់គ្រង​ធនធានទឹក​គំរោង​ជលសា​ស្ត្រ ការគ្រប់គ្រង​ទឹកជំនន់ ការកាត់បន្ថយ​គ្រោះមហន្តរាយ​និង​ប្រព័ន្ធធារាសាស្ត្រ​សន្សំ​ទឹក​។

ភាគី​ចិន​នឹង​ជួយ​កម្ពុជា​ក្នុងការ​អនុវត្ត​ផែនការ​ជាតិ​ស្តីពី​ការប្រើប្រាស់​គ្រប់​ជ្រុងជ្រោយ​នៃ​ធនធានទឹក ព​ន្លឿ​ន​ការបង្កើត​វិទ្យាស្ថាន​ធនធានទឹក (Institute of Water Resources) និង​ផ្តល់ជូន​កម្ពុជា​នូវ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​។​

​ភាគី​ទាំង​ពីរបាន​ឯកភាព​យក​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​វិស័យ​អប់រំ​អាស៊ាន​-​ចិន​២០១៦​ជា​កាលានុវត្តភាព​សំរាប់​ការអនុវត្ត​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​ផ្លាស់ប្តូរ​វិស័យ​អប់រំ​កម្ពុជា​-​ចិន និង​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​ផ្លាស់​ប្តូរ​និស្សិត ការបង្រៀន​ភាសា​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ការប្រាស្រ័យ​ទាក់ទង​អន្តរ​សាលា​។  ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍ ជំរុញ​ភ្ញៀវ​ទេសចរណ៍​ចិន​មក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើនឡើង ហើយ​និង​បង្កើន​ផ្លូវ​ហោះហើរ និង​ជើងហោះហើរ​រវាង​ប្រទេស​កម្ពុជា និង​ចិន​។ ភាគី​ចិន​នឹង​បន្ត​ការជួសជុល​ប្រាសាទតាកែវ ហើយ​និង​ពិនិត្យ​ជ្រើសរើស​តំបន់​ប្រវត្តិសាស្ត្រ​មួយ​ផ្សេងទៀត សំរាប់ធ្វើ​ការជួសជុល​។  

ភាគី​ចិន​គាំទ្រ​កម្ពុជា​ក្នុងការ​បំពេញ​តួនាទី​កាន់តែ​សំខាន់​ថែមទៀត​ក្នុង​តំបន់ និង​ឆាក​អន្តរជាតិ ព្រមទាំង​ការចូល​ជា​សមាជិក​អង្គការ​សហប្រតិបត្តិកា​រ​សេដ្ឋកិច្ច​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​(APEC)​។ ភាគី​ទាំង​ពីរបាន​ឯកភាព រៀបចំ​កិច្ចប្រជុំ​លើក​ទី​៤​របស់​គណៈកម្មាធិការ​សំរបសំរួល​អន្តររដ្ឋាភិបាល នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៧​។

​លោក​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​សំដែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែល​បាន​ផ្តល់ជំនួយ​យ៉ាងច្រើន​លើ​គ្រប់​វិស័យ​ដល់​កម្ពុជា​។​ ​នៅពេល​ចប់​កិច្ចប្រជុំ​លោក​វ​ង្សី វិស្សុត​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ជា​អគ្គលេខាធិការ​នៃ​គណកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​និង​លោក លីវ​ហ្សេ​មីន (Liu Zhenmin)​អនុរដ្ឋមន្ត្រី​ការបរទេស និង​ជា​អគ្គលេខាធិការ​នៃ​គណកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​ចិន​បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​។​

​នៅក្នុង​ពិធីជប់លៀង​ផ្លូវ​ការជូន​ជា​កិត្តិយស​ដល់​លោក​ឧបនាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​ភាគី​ទាំងពីរ​ក៏បាន​បន្ត​ការពិភាក្សា​លើ​ការពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្តទៀត​។​

​ជំនួប​ជាមួយ​លោក​យូ ចេង​សេង (Yu Zhengsheng) ប្រធានសភា​ពិគ្រោះ នយោបាយ​ប្រជាជន​ចិន​​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​លើក​ទី​៣​របស់​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុជា​-​ចិន​ដើម្បី​អនុវត្ត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន លោក​យូ ចេង​សេង (Yu Zhengsheng) ប្រធានសភា​ពិគ្រោះ​នយោបាយ ប្រជាជន​ចិន​បានទទួល​ជួប​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ជំរាបជូន​អំពី​លទ្ធផល​ដ៏​ល្អ​នៃ​កិច្ចប្រជុំ​លើក​ទី​៣​របស់ គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​ដែល​បានធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នេះ​កាន់តែ​ស៊ីជម្រៅ​ទៀត ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា​លើ​គ្រប់​វិស័យ​។

​ឆ្លៀត​ក្នុងឱកាស​នេះដែរ លោក​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែង​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា នូវ​ការដឹងគុណ​ដ៏​ជ្រាលជ្រៅ​របស់​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា ជូន​រដ្ឋាភិបាល​និង​ប្រជាជន​ចិន​ដែល​បាន​ជួយ​កម្ពុជា​យ៉ាងច្រើន​លើ​គ្រប់​វិស័យ ដូច​បាន​រៀបរាប់​ខាងលើ​។

ក្នុងនាម​រាជរដ្ឋាភិបាល និង​ព្រឹទ្ធសភា​កម្ពុជា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​អញ្ជើញ​ឯកឧត្តម យូ ចេង​សេង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ក្នុង​ពេលវេលា​សមស្រប​៕​

ឯកភាព​បន្ត​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​អោយបាន​ដល់​ចំនួន​៥ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧

ឯកភាព​បន្ត​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​អោយបាន​ដល់​ចំនួន​៥ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧

ឯកភាព​បន្ត​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​អោយបាន​ដល់​ចំនួន​៥ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧

ឯកភាព​បន្ត​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​អោយបាន​ដល់​ចំនួន​៥ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧