មន្ត្រី​ជំនាញ​និង​មន្ត្រី​អាដហុក​ចុះ​ពិនិត្យ​និង​វាស់វែង​ដី​មាន​ទំនាស់​៤​ភូមិ​នៅ​ខេត្ត​ប៉ៃលិន

មន្ត្រី​សុរិយោ​ដី​ខេត្ត​ប៉ៃលិន និង​មន្ត្រី​សមាគម​អាដហុក (ADHOC) បាន​ចុះ​ពិនិត្យ និង​វាស់វែង​កំណត់​ក្បាល​ដី​ជូន​ពលរដ្ឋ​ចំនួន ៣១៧​គ្រួសារ។ មន្ត្រី​សមាគម​អាដហុក ឲ្យ​ដឹង​ថា ការ​ចុះ​វាស់វែង គឺ​បន្ទាប់​ពី​ក្រុម​ការងារ​បាន​បំពេញ​សលាកបត្រ​ព័ត៌មាន​របស់​ក្រុម​ពលរដ្ឋ និង​មន្ត្រី​រាជការ​ដែល​ចូល​កាន់​កាប់ និង​រស់នៅ​លើ​ដី​បម្រុង​ទុក​របស់​រដ្ឋ​តាំង​ពី​អំឡុង​ឆ្នាំ​១៩៩៩ នោះ​រួច​រាល់។

អាជ្ញាធរ​មាន​សមត្ថកិច្ច និង​សង្គម​ស៊ីវិល ចាប់​ផ្ដើម​ការងារ​វាស់វែង​របស់​ខ្លួន​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ហើយ​គ្រោង​នឹង​បញ្ចប់​ទៅ​វិញ​ក្នុង​រយៈពេល ៤​សប្ដាហ៍ នៅ​ដើម​ឆ្នាំ​២០១៦។ មន្ត្រី​សង្គម​ស៊ីវិល និង​តំណាង​ពលរដ្ឋ​សង្ឃឹម​ថា អាជ្ញាធរ​នឹង​ចេញ​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់ ឬ​មាន​គោល​នយោបាយ​ដោះដូរ​ដីធ្លី​ជូន​ពលរដ្ឋ​សមស្រប ខណៈ​អ្នក​ភូមិ​មាន​បញ្ហា​ដីធ្លី​ភាគ​ច្រើន ពេញ​ចិត្ត​នឹង​សកម្មភាព​ចុះ​វាស់វែង​នេះ។

មន្ត្រី​កម្មវិធី​ដីធ្លី និង​ធនធាន​ធម្មជាតិ​របស់​សមាគម​អាដហុក លោក យី សុខសាន្ដ ថ្លែង​នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ថា ការ​ធ្វើ​ស្ថិតិ​ក្នុង​ឆ្នាំ​២០០៨ មាន​ពលរដ្ឋ​តែ​ជាង ១០០​គ្រួសារ​ប៉ុណ្ណោះ​បាន​ចូល​រស់នៅ និង​កាន់​កាប់​លើ​ដី​សម្រាប់​អភិវឌ្ឍ​ព្រលាន​យន្តហោះ។ ប៉ុន្តែ​ការ​ស្រង់​ស្ថិតិ​ក្នុង​ឆ្នាំ​២០១៥ មាន​រហូត​ដល់​ជាង ៣០០​គ្រួសារ ក្នុង​នោះ​ក៏​មាន​ឈ្មោះ​តំណាង​រាស្ត្រ និង​មន្ត្រី​យោធា​ពាក់​ផ្កាយ​ដែរ៖ «មាន​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ។ ទី​មួយ គាត់​មាន​លិខិត​ស្នាម​បញ្ជាក់​ពី​រដ្ឋ​អំណាច​មូលដ្ឋាន ពី​ខេត្ត​រហូត​ដល់​ឃុំ ហើយ​មាន​សាក្សី គេ​ហៅ​ថា​សាក្សី​រស់​ជាប់​ព្រំ​នោះ​ណា។ ពេល​វាស់វែង​ហើយ​ដឹង​ទំហំ​ដី និង​ចំនួន ហើយ​ខាង​អាជ្ញាធរ​មាន​សិទ្ធិ​ចរចា​ជាមួយ​ប្រជាពលរដ្ឋ​ទៅ​បាទ»

ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​រវាង​អាជ្ញាធរ​ខេត្ត​ប៉ៃលិន និង​ពលរដ្ឋ​បួន​ភូមិ នៃ​ឃុំ​ស្ទឹងត្រង់ បាន​កក្រើក​ឡើង​ខ្លាំង​នៅ​ក្នុង​ឆ្នាំ​២០០៦ ឆ្នាំ​២០០៨ និង​ក្នុង​ឆ្នាំ​២០១៤ ដែល​ជម្លោះ​នេះ​ឈាន​ដល់​ការ​ដុត​ផ្ទះ និង​ចាប់​ពលរដ្ឋ​ចំនួន ៤​នាក់​ដាក់​គុក។ រីឯ​ម្នាក់​ទៀត​រត់​គេច​ខ្លួន​ពី​ដីកា​របស់​តុលាការ។ កាល​ណោះ អាជ្ញាធរ​បាន​ប្ដឹង​ចោទ​ក្រុម​ពលរដ្ឋ​ទៅ​តុលាការ ថា​បាន​ចូល​ទៅ​រស់នៅ និង​រំលោភ​កាន់​កាប់​លើ​ដី​បម្រុង​ទុក​របស់​រដ្ឋ។

តំណាង​ពលរដ្ឋ​ម្នាក់ គឺ​លោកស្រី អោម សំអាន បញ្ជាក់​ថា ដើម​ឡើយ​មាន​ពលរដ្ឋ​ចំនួន ១៤៧​គ្រួសារ​មក​ពី​ភូមិ​ភ្នំក្រិញ ភូមិ​អន្លង់រក្សា ភូមិ​អូរកន្ឋៀងវ៉ា និង​ភូមិ​ទំនប់ នៃ​ឃុំ​ស្ទឹងត្រង់ នាំ​គ្នា​ផ្ដិត​មេ​ដៃ​តវ៉ា​តាំង​ពី​ឆ្នាំ​២០០៦ ដើម្បី​ឲ្យ​អាជ្ញាធរ​ផ្ដល់​ដី​ដែល​ខ្លួន​កំពុង​រស់នៅ និង​បង្កបង្កើនផល។ លោកស្រី​ថា ដ្បិត​ក្រុម​ការងារ​មិន​បាន​វាស់​អស់​ទំហំ​ដី​របស់​អ្នក​ភូមិ​ធ្លាប់​កាន់​កាប់​នោះ ប៉ុន្តែ​ពលរដ្ឋ​សាទរ​នឹង​ការ​វាស់វែង​នេះ៖ «រាល់​ដង​ពេល​ដាំ​គេ​ភ្ជួរ​ចោលៗ ឥឡូវ​នេះ​យើង​បាន​បង្កបង្កើនផល​នៅ​លើ​ហ្នឹង រហូត​ដល់​បាន​វាស់វែង។ សំណូមពរ​ឲ្យ​បាន​ចេញ​ប្លង់​ដល់​ប្រជាពលរដ្ឋ​ខ្ញុំ ហើយ​អ្នក​ខ្លះ​ទៀត​អត់​មាន​ទីលំនៅ​ទេ។ សូម​ឲ្យ​មាន​ដី​នៅ​ជិត​ផ្លូវ បាន​លក់​ដូរ​ចិញ្ចឹម​កូន ឲ្យ​ពួក​ខ្ញុំ​ប្ដឹង​តវ៉ា​ដើម្បី​មាន​ពេល​រក​ស៊ី​ខ្លះ​ទៅ»

អភិបាល​រង​ខេត្ត​ប៉ៃលិន អ្នកស្រី ជា លាភ ថ្លែង​ថា ពលរដ្ឋ​ជាង ៣០០​គ្រួសារ​កំពុង​រស់នៅ​រាយប៉ាយ​ពេញ​ដី​បម្រុង​ទុក​របស់​រដ្ឋ​ជាង ១​ពាន់​ហិកតារ (.២៩២​ហិកតារ) ទើប​អាជ្ញាធរ​ខេត្ត និង​ភាគី​ពាក់ព័ន្ធ មាន​ទិសដៅ​ដោះស្រាយ​បញ្ហា​នេះ​ជា​បី​ជំហាន គឺ​ទី​១ បំពេញ​សលាកបត្រ​ព័ត៌មាន។ ទី​២ ចុះ​វាស់​ដី​ជាក់ស្ដែង និង​ទី​៣ ចេញ​ប្លង់​កម្មសិទ្ធិ​ដោយ​តម្រូវ​ឲ្យ​ពលរដ្ឋ​រស់នៅ​មួយ​កន្លែង នៃ​ផ្នែក​ណា​មួយ​លើ​ដី​នោះ៖ «ការ​ពិត គោល​នយោបាយ​របស់​រដ្ឋាភិបាល​ថា​ចែក​រំលែក​ជូន​ប្រជាពលរដ្ឋ​យើង ប៉ុន្តែ​មិន​កំណត់​ថា​ក្នុង​មួយ​គ្រួសារ​បាន​ប៉ុន្មាន​ទេ។ យើង​ចាំ​លៃលក​តាម​ដី​ជាក់ស្ដែង។ វា​មិន​អាច​ទៅ​ជា​ព្រលាន​ទៀត​ទេ ព្រោះ​ដី​ហ្នឹង​អស់​ហើយ»

យ៉ាង​ណា ពលរដ្ឋ​ខ្លះ​មិន​ទាន់​បាន​បំពេញ​សលាកបត្រ​ព័ត៌មាន ឬ​ចូល​ខ្លួន​ទៅ​ចង្អុល​បង្ហាញ​ក្បាល​ដី​ជូន​ក្រុម​ការងារ ដើម្បី​វាស់វែង​នៅ​ឡើយ​ទេ ព្រោះ​គេ​មិន​សង្ឃឹម​ថា មាន​ដំណោះស្រាយ​ពិត​ប្រាកដ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។