ពលរដ្ឋ​ជិត​១៥០​គ្រួសារ​នៅ​ខេត្ត​ព្រះសីហនុ​បន្ត​ស្វែង​រក​យុត្តិធម៌​រឿង​ជម្លោះ​ដី

ប្រជាពលរដ្ឋ​ជិត ១៥០​គ្រួសារ នៅ​សហគមន៍​អូរដំរី ស្រុក​ព្រៃនប់ បន្ត​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ឲ្យ​ជួយ​សើរើ​សំណុំ​រឿង​ដីធ្លី​ដែល​មាន​វិវាទ​ជាមួយ​ភាគី​មាន​ទ្រព្យ ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​យុត្តិធម៌​ពិត​ប្រាកដ។

ក្រុម​មន្ត្រី​សង្គម​ស៊ីវិល ក៏​បាន​ទទូច​ដល់​មន្ត្រី​តុលាការ​ខេត្ត​ព្រះសីហនុ ឲ្យ​ជួយ​ចាត់ការ​សំណុំ​រឿង​ក្ដី​របស់​ពលរដ្ឋ​សហគមន៍​អូរដំរី ដោយ​ឈរ​លើ​ភាព​យុត្តិធម៌ និង​ឯករាជ្យ ឲ្យ​ស្រ​បតាម​ក្រម​សីលធម៌ និង​វិជ្ជាជីវៈ​តុលាការ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​លើក​កម្ពស់​កិត្តិយស​ស្ថាប័ន​តុលាការ​ដែល​រង​ការ​រិះគន់​ពី​សាធារណជន​នៅ​ពេល​កន្លង។

តំណាង​ពលរដ្ឋ លោក ម៉ន ស៊ីណា ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ និង​ទូរទស្សន៍​អាស៊ីសេរី បន្ទាប់​ពី​បាន​​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ទៅ​លើ​បណ្ដឹង​ទាមទារ​ឲ្យ​តុលាការ​មោឃភាព និង​បដិសេធ​នូវ​ប័ណ្ណ​សំគាល់​សិទ្ធិ​របស់​តំណាង​ប្រជាពលរដ្ឋ​ចំនួន ១៤៩​គ្រួសារ រស់​នៅ​ក្រុម​៥ ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ។ លោក​បាន​ស្នើ​ឲ្យ​តុលាការ​ជួយ​ផ្ដល់​យុត្តិធម៌​លើ​ទំនាស់​ដីធ្លី​ដែល​ឈ្មួញ​មាន​ទ្រព្យ​ឃុបឃិត​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន នា​ខេត្ត​ព្រះសីហនុ ប្ដឹង​រំលោភ​យក​ដី​លំនៅឋាន និង​ដី​ចម្ការ ដែល​ប្រជាពលរដ្ឋ​ខ្លះ​បាន​មក​តាំង​ទីលំនៅ​លើ​ដី​នេះ​តាំង​ពី​ឆ្នាំ​១៩៩៦ មក។

លោក ម៉ន ស៊ីណា ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ទាំង ១៤៩​គ្រួសារ ដែល​មាន​ទំនាស់​ជាមួយ​ភាគី​លោកស្រី ហ៊ឹម សុវណ្ណរី និង​លោកស្រី ម៉ី ឌីន្ទណាត្យាយា គឺ​មាន​ផ្ទៃ​សរុប​ចំនួន ១៣៥​ហិកតារ ហើយ​ការ​រស់​នៅ​របស់​ពលរដ្ឋ​នៅ​សហគមន៍​នេះ គឺ​ស្ថិត​ក្នុង​មូលដ្ឋាន​ស្រុក​ស្ទឹងហាវ មិន​មែន​ស្ថិត​ក្នុង​ក្រុង​ព្រះសីហនុ នោះ​ទេ។ លោក​ទទូច​ឲ្យ​តុលាការ​ខេត្ត​នេះ​កោះ​អញ្ជើញ​ភាគី​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​ក្តី​នេះ​ឲ្យ​ចុះ​ដល់​មូលដ្ឋាន ដើម្បី​ចង្អុល​បង្ហាញ​ទីតាំង​ដី​ជាក់ស្ដែង និង​ត្រូវ​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​ឲ្យ​បាន​ច្បាស់លាស់៖ «»។

​ចំណែក​ប្រជាពលរដ្ឋ​រស់​នៅ​សហគមន៍​អូរដំរី ដែល​បាន​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ពី​មុខ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ក៏​បាន​អំពាវនាវ​ដល់​មន្ត្រី​តុលាការ​ដែល​មាន​គំនិត​ស្អាតស្អំ ពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​រក​យុត្តិធម៌ ដើម្បី​អាច​ឲ្យ​ពួកគាត់​បាន​ដី​សម្រាប់​សង់​លំនៅឋាន និង​ធ្វើ​ចម្ការ​ឡើង​វិញ។ ពលរដ្ឋ​ដដែល​នេះ​អះអាង​ថា កាល​ពី​ឆ្នាំ​២០១៥ ភាគី​លោកស្រី ហ៊ឹម សុវណ្ណរី និង​លោកស្រី ម៉ី ឌីន្ទណាត្យា បាន​បញ្ជូន​កម្លាំង​មក​រុះរើ​ផ្ទះ និង​បំផ្លាញ​ដំណាំ​ពលរដ្ឋ​អស់​គ្មាន​សល់ តាម​អំណាច​សាលក្រម​ស្ថាពរ​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ។

តំណាង​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​៤ សង្កាត់​អូរត្រេះ ខណ្ឌ​ស្ទឹងហាវ នៃ​សហគមន៍​អូរដំរី បាន​អះអាង​ថា គាត់​បាន​មក​តាំង​ទីលំនៅ​លើ​ដី​នេះ​ជាង ១០​ឆ្នាំ​មក​ហើយ និង​មាន​ការ​ដឹង​ឮ​ពី​អាជ្ញាធរ​មូលដ្ឋាន​ថែម​ទៀត​ផង៖ «»។

​ទាក់ទិន​បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​ខេត្ត​ព្រះសីហនុ បាន​រិះគន់​សកម្មភាព​ចុះ​អនុវត្ត​សាលក្រម​ស្ថាពរ​របស់​តុលាការ កាល​ពី​ឆ្នាំ​២០១៥ ថា មាន​ភាព​មិន​ប្រក្រតី និង​មិន​បាន​ជូន​ដំណឹង​ឲ្យ​ពលរដ្ឋ​ដឹង​ជា​មុន​ទេ​លើ​សំណុំ​រឿង​នេះ។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ចាត់​ទុក​សកម្មភាព​នៃ​ការ​ចុះ​អនុវត្ត​សាលក្រម​ស្ថាពរ​របស់​តុលាការ​ខេត្ត​នេះ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៥ ថា ខុស​ទីតាំង​ដី​ទំនាស់​ដែល​ភាគី​ដើម​បណ្ដឹង​ប្ដឹង​ប្រជាពលរដ្ឋ​ជា​ចុង​ចម្លើយ​រវាង​ភូមិសាស្ត្រ​ស្រុក​ស្ទឹងហាវ និង​ក្រុង​ព្រះសីហនុ។

យ៉ាង​ណា​ក៏ដោយ​ចុះ លោក ប៊ួន ណារិទ្ធ បាន​ស្នើ​ដល់​តុលាការ​ខេត្ត​ព្រះសីហនុ ត្រូវ​ពិនិត្យ​លើ​សំណុំ​រឿង​ក្ដី​រវាង​តំណាង​ពលរដ្ឋ​ចំនួន ១៤៩​គ្រួសារ មាន​ទំនាស់​ជាមួយ​ភាគី​ម្ខាង​ទៀត គឺ​លោកស្រី ហ៊ឹម សុវណ្ណរី និង​លោកស្រី ម៉ី ឌីន្ទណាត្យា ជា​ថ្មី​ឡើង​វិញ ដើម្បី​ផ្ដល់​យុត្តិធម៌​ពិត​ប្រាកដ​ជូន​ពលរដ្ឋ៖ «»។

​ដោយ​ឡែក លោកស្រី ហ៊ឹម សុវណ្ណរី ជា​ភាគី​ទំនាស់​ដែល​ពលរដ្ឋ​សហគមន៍​អូរដំរី ជិត ១៥០​គ្រួសារ ចោទ​ថា បាន​ឃុបឃិត​រំលោភ​យក​ដី​លំនៅឋាន និង​ចម្ការ​ដំណាំ ថ្លែង​ថា ពួកគាត់​មាន​ឯកសារ​គ្រប់គ្រាន់​តតាំង​នៅ​ចំពោះ​មុខ​តុលាការ និង​ផ្នែក​ពាក់ព័ន្ធ។ ស្ត្រី​រូប​នេះ​ប្រកាស​សហការ​​ជាមួយ​ផ្នែក​ពាក់ព័ន្ធ​ទាំង​អស់ បើ​ចង់បាន​ឯកសារ ឬ​ព័ត៌មាន​នានា ជុំវិញ​ជម្លោះ​ដីធ្លី​នៅ​សហគមន៍​អូរដំរី៖ «»។

យ៉ាង​នេះ​ក្តី តំណាង​ប្រជាពលរដ្ឋ​សហគមន៍​អូរដំរី បាន​អំពាវនាវ​ដល់​មន្ត្រី​តុលាការ​ដែល​ទើប​ផ្លាស់ប្តូរ​តួនាទី​មក​បំពេញ​ភារកិច្ច​ការងារ​នៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ ឲ្យ​បញ្ជូន​មន្ត្រី​ឯករាជ្យ​ចុះ​អង្កេត​លើ​ករណី​មាន​មន្ត្រី​នៅ​តាម​ស្ថាប័ន​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ បាន​ឃុបឃិត​គ្នា​រំលោភ​យក​ដី​លំនៅឋាន និង​ដី​ចម្ការ​ដំណាំ​របស់​ប្រជាពលរដ្ឋ​​ទាំង ១៤៩​គ្រួសារ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ពួកគាត់។

ការ​ចុះ​អនុវត្ត​សាលក្រម​ស្ថាពរ​របស់​តុលាការ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៥ ក៏​ឃើញ​មាន​វត្តមាន​លោក ស្រ៊ុន ស្រ៊ន់ អភិបាល​រង​ខេត្ត​ព្រះសីហនុ ទទួល​បន្ទុក​ដោះស្រាយ​ទំនាស់​ដីធ្លី​ខេត្ត​នេះ បាន​បង្ហាញ​វត្ត​មាន​នៅ​ទីតាំង​កើត​មាន​ទំនាស់​នេះ​ដែរ។ ការ​ចុះ​អនុវត្ត​សាលក្រម​ស្ថាពរ​នេះ ដឹកនាំ​ដោយ​លោក​ចៅក្រម ញឹម ពិសាល ហើយ​មាន​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​រាប់​សិប​នាក់​បាន​ដាក់​ពង្រាយ​ក្នុង​ការ​ចុះ​អនុវត្ត​សាលក្រម​ស្ថាពរ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។