គ្រូបង្រៀន​នៃ​អនុវិទ្យាល័យ​ស្រែ​អង្គ្រង​ខេត្ត​រតនគិរី​មិន​បង្រៀន​សិស្ស​ទាមទារ​ដក​នាយក

គ្រូបង្រៀន​នៅ​អនុវិទ្យាល័យ ស្រែ​អង្គ្រង ស្រុក​កូនមុំ ខេត្ត​រតនគិរី រួម​ទាំង​គណៈកម្មការ​ទ្រទ្រង់​សាលា ចោទ​ប្រកាន់​នាយក​អនុវិទ្យាល័យ ថា​អសកម្ម​ការងារ​មិន​មក​ធ្វើ​ការ​ច្រើន​ខែ និង​ចាយ​វាយ​ប្រាក់​ផ្គត់ផ្គង់​សម្ភារៈ​សិក្សា​របស់​អនុវិទ្យាល័យ​មិន​ត្រឹមត្រូវ។ ក្រុម​គ្រូបង្រៀន​ទាំងអស់​នេះ បាន​ធ្វើ​ពហិការ​មិន​ចូល​បង្រៀន ដើម្បី​ទាមទារ​ឲ្យ​ផ្លាស់ប្ដូរ​នាយក​អនុវិទ្យាល័យ​នេះ។

គ្រូបង្រៀន​ទាំងអស់​នៅ​អនុវិទ្យាល័យ ស្រែ​អង្គ្រង នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ អំពាវនាវ​ជា​ថ្មី​សុំ​ឲ្យ​មន្ត្រី​មន្ទីរ​អប់រំ យុវជន និង​កីឡា ចាត់​វិធានការ​ទៅ​លើ​សំណើ​សុំ​ដក​នាយក​អនុវិទ្យាល័យ ដោយសារ​តែ​លោក​អសកម្ម​ការងារ និង​ប្រើប្រាស់​ថវិកា​ទ្រទ្រង់​សាលា​មិន​ត្រឹមត្រូវ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គ្រូបង្រៀន​ទាំងអស់​មាន​គ្នា ៨​នាក់ កាល​ពី​ខែ​ធ្នូ បាន​ផ្ដិត​មេដៃ​លើ​លិខិត​ស្នើសុំ​ទៅ​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​រតនគិរី ឲ្យ​ស៊ើប​អង្កេត​ទៅ​លើ​ភាព​អសកម្ម និង​អំពើ​ពុក​រលួយ​របស់​នាយក​អនុវិទ្យាល័យ និង​សុំ​ជ្រើសរើស​នាយក​ថ្មី ប្រសិន​រក​ឃើញ​ថា នាយក​អនុវិទ្យាល័យ​ចាស់​ពិត​ជា​មាន​កំហុស​ក្នុង​វិជ្ជាជីវៈ​របស់​ខ្លួន ក៏ប៉ុន្តែ​រហូត​បច្ចុប្បន្ន មន្ទីរ​អប់រំ បាន​ចុះ​អង្កេត​ពីរ​លើក​ហើយ ប៉ុន្តែ​មិន​ទាន់​ឃើញ​មាន​ចំណាត់​ការ​បែប​ណា។

គ្រូបង្រៀន​ចំនួន​ពីរ​នាក់​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី ប្រហាក់​ប្រហែល​គ្នា​ថា គ្រូបង្រៀន​ទាំងអស់​ចង់​ឃើញ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ក្រុម​គ្រូបង្រៀន​ដែល​ខិតខំ​បំពេញ​ការងារ​របស់​ខ្លួន ប៉ុន្តែ​បែរ​ជា​ទទួល​រង​ការ​ស្តី​បន្ទោស​ពី​ក្រុម​ការងារ​ស៊ើប​អង្កេត​របស់​មន្ទីរ​អប់រំ ពាក់ព័ន្ធ​ការ​តវ៉ា​នេះ។ លើស​ពី​នេះ​ទៀត គ្រូ​ទាំងអស់​មាន​ឆន្ទៈ​ចង់​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជ្រើសរើស​នាយក​អនុវិទ្យាល័យ​ថ្មី រៀបចំ​ដឹក​នាំ​នៅ​អនុវិទ្យាល័យ​នេះ​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ៖ «ខាង​មន្ទីរ​មាន​អ្នក​ចុះ​មក ក៏ប៉ុន្តែ​អត់​ដឹង​ត្រូវ​ធ្វើ​ម៉េច​ខ្លះ? យូរ​ទៅ​កាន់​តែ​យូរ​ទៅ។ ណា​មួយ​នាយក​ខ្ញុំ​ឃ្លាត​ឆ្ងាយ​ពី​ពួក​ខ្ញុំ​យូរ​ពេក ទោះ​បី​គាត់​មក​ធ្វើ​ការ​ជាមួយ​ពួក​ខ្ញុំ ក៏​ពិបាក។ នៅ​សាលា​ខ្វះ​សម្ភារៈ​បង្រៀន និង​រៀន»

ទាក់ទិន​ករណី​នេះ​ដែរ ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​កូនមុំ លោក ផន សុភាព កត់​សម្គាល់​ថា លោក​បាន​ធ្វើ​របាយការណ៍​ជូន​ទៅ​មន្ទីរ​អប់រំ រួច​រាល់​ហើយ បន្ទាប់​ពី​ចុះ​ប្រមូល​ព័ត៌មាន​ពី​ករណី​បិទ​សាលា និង​ការ​តវ៉ា​របស់​គ្រូ។ លោក​ថា គ្រូបង្រៀន គណៈកម្មការ​ទ្រទ្រង់​សាលា រួម​ទាំង​មន្ត្រី​មូលដ្ឋាន បាន​សំណូមពរ​ដូច​គ្នា​សុំ​ឲ្យ​ផ្លាស់ប្ដូរ​នាយក​អនុវិទ្យាល័យ​នេះ និង​ទាមទារ​ឲ្យ​សង​ប្រាក់​ទ្រទ្រង់​សាលា​ជា​បន្ទាន់ ដើម្បី​គ្រូ​ប្រើប្រាស់​ជា​ប្រយោជន៍​ដល់​សិស្ស​សាលា៖ «ហៅ​មក​ប្រជុំ​នៅ​ការិយាល័យ​ស្រុក ក៏​មិន​មក ទៅ​តាម​នៅ​ផ្ទះ​ក៏​មិន​ឃើញ។ អ៊ីចឹង​វា​ពិបាក​បញ្ហា​មួយ​ស្រុក​ស្ទះ​សាលា​មួយ ស្ទះ​មួយ​ស្រុក»

ឆ្លើយ​តប​បញ្ហា​នេះ នាយក​អនុវិទ្យាល័យ ស្រែ​អង្គ្រង លោក ឯក ពិសី ទទួល​ស្គាល់​ថា លោក​ពិត​ជា​មាន​កំហុស​ទាំង​ពីរ​ករណី និង​មាន​បំណង​សុំ​លាលែង​តាម​សំណូមពរ​របស់​គ្រូបង្រៀន។ លោក​ថា នឹង​សុំ​កែប្រែ​កំហុស​នៅ​ចំពោះ​មុខ​គ្រូ និង​គណៈកម្មការ​ទ្រទ្រង់​សាលា​នៅ​សប្ដាហ៍​ក្រោយ ប្រសិន​គ្រូបង្រៀន និង​គណៈកម្មការ​សាលា​យល់ព្រម៖ «ខ្ញុំ​ទទួល​ខុស ព្រោះ​ទទួល​ខុស​ហ្នឹង​ហើយ ខ្ញុំ​តាំង​ចិត្ត​សន្យា​ជាមួយ​គ្រូ ជាមួយ​គណៈកម្មការ ជាមួយ​ឃុំ​ទាំងអស់ យើង​មក​ធ្វើ​ការងារ​ហ្នឹង​ឡើង​វិញ»

យ៉ាង​ណា​ក៏ដោយ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​រតនគិរី អ្នកស្រី ចាន់ ខាំឃឿ ថ្លែង​បញ្ជាក់​ថា មន្ទីរ​នឹង​ចាត់​វិធានការ​រឿង​នេះ​នៅ​ពេល​ឆាប់ៗ បន្ទាប់​ពី​ប្រមូល​របាយការណ៍​ពី​ក្រុម​ការងារ​ស៊ើប​អង្កេត។ អ្នកស្រី​បន្ត​ថា ប្រសិន​នាយក​សាលា​មាន​កំហុស​ពិត​មែន ការ​ដាក់​វិន័យ​រដ្ឋបាល​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​លើក​លែង៖ «ប្រហែល​ជា​ស្អែក​ខ្ញុំ​នឹង​មាន​កិច្ច​ប្រជុំ​ថ្នាក់​មន្ទីរ ដើម្បី​ពិនិត្យ​មើល​របាយការណ៍​ក្រុម​ការងារ​ស្រាវជ្រាវ​ទាំងអស់​ហ្នឹង។ អ៊ីចឹង​បាន​ន័យ​ថា នឹង​មាន​វិធានការ​ដោះស្រាយ​ក្នុង​រឿង​ហ្នឹង»

កាល​ពី​ថ្ងៃ​ទី​២៣ រហូត​ដល់​ថ្ងៃ​ទី​២៥ ខែ​មករា គ្រូបង្រៀន​ទាំងអស់​នៅ​អនុវិទ្យាល័យ ស្រែ​អង្គ្រង បាន​នាំ​គ្នា​មិន​បង្រៀន​សិស្ស ក្រោម​ហេតុផល​បី​យ៉ាង រួម​មាន គ្មាន​សម្ភារៈ​ប្រើប្រាស់​សម្រាប់​បង្រៀន​សិស្ស នាយក​អនុវិទ្យាល័យ​មិន​មក​ធ្វើ​ការ​ច្រើន​ខែ និង​អាក់​អន់​ចិត្ត​ចំពោះ​ក្រុម​ការងារ​ស៊ើប​អង្កេត​មន្ទីរ​អប់រំ បាន​ស្ដី​បន្ទោស និង​គំរាម​កំហែង​គ្រូ​ដែល​បាន​ធ្វើ​ការ​តវ៉ា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។