សន្និសីទ​ដើម្បី​រៃ​អង្គាស​ថវិកា​ជួយ​ជន​រងគ្រោះ​ដោយ​សង្គ្រាម​នៅ​ស៊ីរី​ចាប់​ផ្តើម

សន្និសីទ​ដើម្បី​រៃ​អង្គាស​ថវិកា​ជួយ​ជន​រងគ្រោះ​ដោយ​សង្គ្រាម​នៅ​ស៊ីរី​ចាប់​ផ្តើម

លោក Ban Ki-moon អគ្គលេខាធិការ​របស់​អង្គការ​សហប្រជាជាតិ​ថ្លែង​ក្នុង​សន្និសីទ​ម្ចាស់​ជំនួយ​សម្រាប់​ជន​ភៀស​ខ្លួន​ស៊ីរី​នៅ​ក្នុង​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦។

កិច្ច​ប្រជុំ​ម្ចាស់​ជំនួយ​អន្តរជាតិ​មួយ​ដែល​មាន​គោលបំណង​រៃ​អង្គាស​ថវិកា​ឱ្យ​បាន​យ៉ាង​ហោច​ណាស់​ចំនួន​៧ពាន់​លាន​ដុល្លារ​សម្រាប់​ផ្តល់​ជា​មូលនិធិ​ជំនួយ​មនុស្ស​ធម៌​ដល់​ប្រទេស​ស៊ីរី​បាន​បើក​ដំណើរការ​នៅ​ក្នុង​ទីក្រុង​ឡុងដ៍។​

សន្និសីទ​ដែល​នាំមុខ​ដោយ​អង្គការ​សហប្រជាជាតិ​មាន​អ្នក​ចូលរួម​មក​ពី​រដ្ឋាភិបាល​នានា អង្គការ​ជំនួយ​មនុស្ស​ធម៌ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដើម្បី​មក​ពិភាក្សា​ពី​ការ​ទទួល​យក​ជំនួយ​បន្ទាន់​សម្រាប់​ជួយ​ដល់​ពលរដ្ឋ​ស៊ីរី​ជិត​៥លាន​នាក់​ដែល​បាន​រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​ហ្សកដានី លីបង់ តួកគី និង​ប្រទេស​ដទៃទៀត និង​ដើម្បី​បង្កើត​យុទ្ធសាស្រ្ត​រយៈ​ពេល​វែង​ដើម្បី ជួ​យ​ពួកគេ​កសាង​ជីវិត​ជា​ថ្មី ក្នុង​នោះ​មាន​ការ​អប់រំ និង​ការងារ។

មាន​មនុស្ស​រាប់​សែន​នាក់​បាន​ទៅ​កាន់​ទ្វីប​អឺរ៉ុប​ដើម្បី​ស្វែង​រក​សិទ្ធិ​ជ្រក​កោន។ នេះ​គឺ​ជា​វិបត្តិ​ជន​ចំណាក​ស្រុក​ដ៏​ច្រើន​ជាង​គេ​បំផុត​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទីពីរ។​

អង្គការ​សហប្រជាជាតិ​កំពុង​ស្វះស្វែង​រក​ថវិកា​ជំនួយ​ចំនួន​១ពាន់​ពីរ​រយ​លាន​ដុល្លារ​ថែម​ទៀត​ដើម្បី ជួយ​ដល់​ប្រទេស​ដែល​រង​ផល​ប៉ះពាល់​ដើម្បី​រៀបចំ​ផែនការ​ឆ្លើយតប​សម្រាប់​ដោះស្រាយ​បញ្ហា​ជន​ភៀស​ខ្លួន​ទាំង​នោះ។​

លោក​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ David Cameron​ បាន​និយាយ​ថា​ ជំនួយ​នេះ​នឹង​ផ្តល់​ឱ្យ​ពលរដ្ឋ​ស៊ីរី​ដែល​រង​ផល​ប៉ះពាល់​នូវ ​«ក្តី​សង្ឃឹម​មួយ​ដែល​ពួកគេ​ត្រូវ​ការ​ចាំបាច់​ដើម្បី​បញ្ឈប់​អ្នក​ដទៃ​ទៀត​កុំ​ឱ្យ​គិត​ថា​ ពួកគេ​គ្មាន​ជម្រើស​អ្វី​ទេ​ក្រៅ​ពី​ការ​ប្រថុយ​ជីវិត​ធ្វើ​ដំណើរ​ប្រកប​ដោយ​គ្រោះថ្នាក់​មក​កាន់​ទ្វីប​អឺរ៉ុប។ លោក​ Camron ​បាន​ប្រកាស​មុន​កិច្ច​ប្រជុំ​ថា ​រដ្ឋាភិបាល​អង់គ្លេស​នឹង​បរិច្ចាគ​ទឹក​ប្រាក់​ចំនួន​១.៧៥០​លាន​ដុល្លារ​ជួយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ។​

សន្និសីទ​នេះ​ចាប់​ផ្តើម​ឡើង​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​ផ្អាក​កិច្ច​ចរចា​សន្តិភាព​ក្រុង​ហ្សឺណែវ​សម្រាប់​ប្រទេស​ស៊ីរី​រហូត​ដល់​ដំណាច់​ខែ​កុម្ភៈ៕