បុរសម្នាក់ធ្លាក់ ពីលើចុងត្នោត កម្ពស់ជាង១០ម៉ែត្រ សន្លប់ ១យប់១ថ្ងៃ មិនទាន់ដឹងខ្លួន

កាលពីវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០១៦ បុរសម្នាក់បានរងរបួសធ្ងន់ សន្លប់ជាច្រើនម៉ោង ហើយត្រូវបាន ក្រុមគ្រួសារដឹកតាមរឺម៉ក យកទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកខេត្ត រួចបញ្ជូនបន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត្រ ភ្នំពេញ ដោយសារធ្លាក់ពីលើចុងត្នោត កម្ពស់ប្រមាណ១០ម៉ែត្រ ។ ហេតុការនេះបានកើតឡើង នៅចំណុចវាលស្រែ ត្រពាំងឬសពាក់ ស្ថិតក្នុងភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្រុមគ្រួសារជនរងគ្រោះ បានអោយដឹងថា ជនរងគ្រោះឈ្មោះ ថៃ អាយុ៤១ឆ្នាំ ប្រពន្ធឈ្មោះ ម៉ន សុធា អាយុ៣៧ឆ្នាំ មានកូនប្រុសស្រី៤នាក់ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ទាំងពីរនាក់ប្តីប្រពន្ធប្រឹងរកណាស់ ចំណែកបុរសជាប្តីដែលជាជនរងគ្រោះ នេះវិញ បើទោះជាពេលខ្លះ ខ្លួនស្រវឹង ឬក៏មកពីស្រែយប់ជ្រៅយ៉ាងណាក៏ដោយ ក៏គេមិនដែល ចោលត្នោតម្តងណាដែរ បើពេលយប់ងងឹតគេតែងប្រើកែវបំភ្លឺ ឡើងរហូតម៉ោង ១១ ឬ ១២ យប់ក៏មាន មិនដែលមានភ្លាត់ម្តងណាដែរ។ នៅថ្ងៃកើតហេតុមុនពេលដែលជនរងគ្រោះ ទៅឡើងត្នោតគេបានទៅចូលរួមក្នុងកម្មវិធីអាពាហ៏ពិពាហ៏ បងប្អូននៅឯស្រុកកំណើត ពេលត្រឡប់មកដល់ផ្ទះវិញម៉ោង០៤ ល្ងាច ទៅហើយ ពេលនោះគេក៏បាន រែកបំពង់ដើរសំដៅទៅដើមត្នោតដូចធម្មតា លុះកន្លះម៉ោងក្រោយមក ស្រាប់តែឃើញគេរត់មកប្រាប់ថាជនរគ្រោះបានធ្លាក់ពីលើចុងត្នោត។

ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុគាត់បាននឹងកំពុងប្រមូលសំរាម ក្នុងស្រែដុត ដែលមានចម្ងាយប្រមាណ១៥ម៉ែត្រពីដើមត្នោត ដែលជនរងគ្រោះធ្លាក់ ពេលនោះគាត់បានឃើញជនរងគ្រោះកំពុងឡើងដើមត្នោតនោះដែរ គាត់ក៏ធ្វើការជាធម្មតាបន្តិចក្រោយមកក៏ស្រាប់តែឮសំឡេង ភីង យ៉ាងខ្លាំងដូចគេទម្លាក់របស់អ្វីម្យ៉ាងពីលើចុងត្នោត គាត់ឆ្ងល់ក៏ងើយមើលទៅលើចុងត្នោតអត់ឃើញមានមនុស្ស គាត់ក៏ដើរមកមើលក្រោមគល់ត្នោតស្រាប់តែឃើញជនរងគ្រោះ ធ្លាក់ពីលើចុងត្នោតផ្កាប់មុខទៅនឹងដី សន្លប់លែងដឹងខ្លួនទៅហើយនិងឃើញមានឈាមប្រឡាក់ពេញខ្លួន ឃើញដូច្នេះ គាត់បានស្រែកហៅ អ្នកជិតខាងអោយមកជួយ បន្ទាប់មកក៏បានចងអង្រឹងស្នែងសែងជនរងគ្រោះ យកមកផ្ទះភ្លាមៗនោះដែរ។

ពេលយកជនរងគ្រោះមកដល់ផ្ទះបានរាយការណ៏ជូនសមត្ថកិច្ច ដើម្បីអោយសមត្ថកិច្ចទូរស័ព្ទហៅរថយន្តពេទ្ យមកដឹកយកជនរងគ្ រោះទៅធ្វើការសង្គ្រោះ តែដោយចាំរថយន្តពេទ្យជាង១ម៉ោងមិនឃើញ ក្រុមគ្រួសារក៏បានដឹក ជនរងគ្រោះតាមរ៉ឺម៉កអូសដៃ យកទៅមន្ទីរពេទ្យខេត្ត តែពេលចេញពីផ្ទះបានចំងាយ១គីឡូម៉ែត្រ រ៉ឺម៉កដែលដឹកជនរងគ្រោះបានក្រឡាបធ្លាក់ជនរងគ្រោះមួយសារទៀត លុះដល់មន្ទីរពេទ្យ ក្រោយពីគ្រូពេទ្យធ្វើការពិនិត្យរួច ឃើញថាជនរងគ្រោះ មានសភាពធ្ងន់ធ្ងរពេក គ្រូពេទ្យក៏បានបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត្រនៅភ្នំពេញ ។ មកដល់ម៉ោង០១រសៀលថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០ ១៦នេះជនរងគ្រោះមិនទាន់ដឹងខ្លួននៅឡើយទេ៕

បុរសម្នាក់ធ្លាក់ ពីលើចុងត្នោត កម្ពស់ជាង១០ម៉ែត្រ សន្លប់ ១យប់១ថ្ងៃ មិនទាន់ដឹងខ្លួន

បុរសម្នាក់ធ្លាក់ ពីលើចុងត្នោត កម្ពស់ជាង១០ម៉ែត្រ សន្លប់ ១យប់១ថ្ងៃ មិនទាន់ដឹងខ្លួន

បុរសម្នាក់ធ្លាក់ ពីលើចុងត្នោត កម្ពស់ជាង១០ម៉ែត្រ សន្លប់ ១យប់១ថ្ងៃ មិនទាន់ដឹងខ្លួន