មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ថា​លោក ញឹក ប៊ុនឆៃ នឹង​បាត់បង់​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លើក​ឡើង​ថា លោក ញឹក ប៊ុនឆៃ នឹង​បាត់បង់​តួនាទី​នៅ​ក្នុង​គណបក្ស និង​មុខ​តំណែង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ទាំងអស់ បន្ទាប់​ពី​ចាក​ចេញ​ពី​គណបក្ស​មួយ​នេះ។ ប៉ុន្តែ លោក ញឹក ប៊ុនឆៃ បដិសេធ​ថា លោក​មិន​បាត់បង់​អ្វី​ទេ ព្រោះ​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ច្រើន​ណាស់​ដែល​មក​តាម​លោក។ ចំណែក​តួនាទី​នៅ​ក្នុង​រដ្ឋាភិបាល​ដែល​មាន​សព្វថ្ងៃ ជា​ទឹក​ចិត្ត​របស់​បក្ស​កាន់​អំណាច​ផ្តល់​ឲ្យ​រូប​លោក​ផ្ទាល់។

អាយ៉ៃ​ឆ្លើយឆ្លង​ជា​ថ្មី​ទៀត​រវាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​លោក ញឹក ប៊ុនឆៃ ចាប់​ផ្ដើម​ផ្ទុះ​ខណៈ​អតីត​អនុប្រធាន​គណបក្ស​នេះ មក​បង្កើត​គណបក្ស​ថ្មី​មួយ​មាន​ឈ្មោះ​ថា «គណបក្ស​ខ្មែរ​រួប​រួម​ជាតិ» កាល​ពី​ថ្ងៃ​ទី​៣ កុម្ភៈ។ គណបក្សហ៊្វុនស៊ិនប៉ិច ទាមទារ​ឲ្យ​គណបក្ស​របស់ លោក ញឹក ប៊ុនឆៃ មិន​ឲ្យ​ប្រើប្រាស់​ស្លាក​សញ្ញា​ជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចាស់ ដែល​មាន​រូប​វិមាន​ឯករាជ្យ។

អគ្គលេខាធិការ​ប្រតិបត្តិ​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក សាយ ហាក់ មិន​បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ លោក ញឹក ប៊ុនឆៃ ដែល​ដើរ​ចេញ​ពី​គណបក្ស​រាជា​និយម​មួយ​នេះ​ទេ ព្រោះ​លោក​យល់​ថា នេះ​ជា​សិទ្ធិ​របស់ លោក ញឹក ប៊ុនឆៃ។ លោក​បន្ត​ថា អ្វី​ដែល លោក ញឹក ប៊ុនឆៃ មាន​សព្វថ្ងៃ​ស្ទើរ​តែ​ទាំងអស់​ដែល​ជា​អ្វី​ដែល​គណបក្ស​ហ៊្វុនស៊ិនប៉ិច ផ្តល់​ឲ្យ​នោះ នឹង​បាត់បង់​ទៅ​វិញ៖ «អត់​មាន​ព្រួយ​បារម្ភ ព្រោះ​តាំង​ពី​ដើម​មក គាត់​សូន្យ​ស្រាប់​ទៅ​ហើយ ចេញ​ទៅ​ចេញ​ពី​នេះ​ទៅ​អត់​មាន​ទី​ទេ ទៅ​តែ​ខ្លួន​ទទេ»

គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ដោយ​ចោទ​ប្រកាន់ លោក ញឹក ប៊ុនឆៃ ថា​ជា​អ្នក​បំផ្លាញ​រាជា​និយម។ ដូច​គ្នា​នេះ កាល​ពី​ចុង​ខែ​មករា សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ មាន​បន្ទូល​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច បែក​បាក់ និង​មាន​វាសនា​ដូច​សព្វថ្ងៃ​នេះ ព្រោះ​មាន​អ្នក​ស៊ី​បាយ​បោក​ឆ្នាំង។

ទាក់ទង​រឿង​នេះ​ដែរ លោក ញឹក ប៊ុនឆៃ ឆ្លើយ​តប​វិញ​ថា លោក​មក​បង្កើត​បក្ស​ថ្មី​ជាមួយ​ក្រុម​មនុស្ស​មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ព្រោះ​មិន​ពេញ​ចិត្ត​ការ​ដឹក​នាំ​របស់​សម្ដេច​ក្រុម​ព្រះ។ លោក​បញ្ជាក់​ថា អ្វី​ដែល​លោក​មាន​សព្វថ្ងៃ ឬ​ក៏​តួនាទី​នៅ​ក្នុង​រដ្ឋាភិបាល នៅ​តែ​មាន​ដដែល៖ «តួនាទី​នៅ​រដ្ឋាភិបាល​អត់​មាន​បាត់បង់​អី​ទេ ទាំង​ខ្ញុំ និង​អ្នក​តាម​ខ្ញុំ​នៅ​ដដែល»

ការ​បែក​បាក់​គ្នា​រវាង​សម្ដេច​ក្រុម​ព្រះ និង​លោក ញឹក ប៊ុនឆៃ នៅ​ដើម​ឆ្នាំ​២០១៦ នេះ ជា​លើក​ទី​២ ហើយ បន្ទាប់​ពី​ឆ្នាំ​២០០៦ ដែល លោក ញឹក ប៊ុនឆៃ ធ្វើ​បក្ស​ប្រហារ​ទម្លាក់​សម្ដេច​ក្រុម​ព្រះ​ចេញ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ លោក ញឹក ប៊ុនឆៃ នៅ​តែ​ប្រកាន់​ជំហរ​មិន​ផ្លាស់ប្ដូរ​រូប​សញ្ញា​គណបក្ស​របស់​លោក ព្រោះ​ស្លាក​សញ្ញា​នោះ គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​បោះបង់​ចោល​ទៅ​ហើយ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថា​លោក​មិន​ទាន់​ដឹង​ថា តើ​គណបក្ស​ប្រជាជន​កម្ពុជា អាច​ចង​សម្ព័ន្ធ​ភាព​ជាមួយ​គណបក្ស​ថ្មី​របស់ លោក ញឹក ប៊ុនឆៃ ឬ​គណបក្ស​ហ៊្វុនស៊ិនប៉ិច នោះ​ទេ ប៉ុន្តែ​លោក​ថា គណបក្ស​លោក​ស្វាគមន៍​គណបក្ស​ណា​ដែល​ចង់​ចង​សម្ព័ន្ធ​ភាព។

ចំណែក​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន យល់​ថា តួនាទី​របស់ លោក ញឹក ប៊ុនឆៃ និង​មន្ត្រី​បក្ស​មួយ​ចំនួន​ទៀត​នៅ​ក្នុង​រដ្ឋាភិបាល ដែល​ចាក​ចេញ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច គឺ​មិន​បាត់បង់​ទេ។ លោក​បញ្ជាក់​ថា កន្លង​មក លោក ញឹក ប៊ុនឆៃ បាន​ចង​សម្ព័ន្ធ​ភាព​ជាមួយ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា យូរ​ណាស់​មក​ហើយ៖ «យើង​នៅ​តែ​អាច​ធ្វើ​ការ​ជាមួយ​គ្នា​បាន យើង​មិន​មែន​ជា​ខ្មាំង​សត្រូវ ហើយ​ក៏​មិន​រើសអើង​សម្ដេច​ក្រុម​ព្រះ​ដែរ។ បញ្ហា​នេះ​ជា​ផ្ទៃ​ក្នុង​របស់​សម្ដេច​ក្រុម​ព្រះ និង​លោក ញឹក ប៊ុនឆៃ»

លោក ញឹក ប៊ុនឆៃ អះអាង​ថា អតីត​មន្ត្រី ឬ​សកម្មជន​គណបក្ស​ហ៊្វុនស៊ិនប៉ិច រួម​មាន​គណៈកម្មាធិការ​អចិន្ត្រយ៍ គណៈកម្មការ​នាយក ក្រុមប្រឹក្សា​ជាតិ​តំណាង​ឲ្យ​ភូមិ-ឃុំ អគ្គលេខាធិការ​រង និង​គណៈកម្មការ​ប្រតិបត្តិ​នៅ​តាម​បណ្ដា​ខេត្ត​នានា​ជាច្រើន​ទៀត ដែល​មាន​ទាំងអស់​ជាង ២​សែន ៥​ម៉ឺន​នាក់ បាន​ចូលរួម​ជីវភាព​ជាមួយ​គណបក្ស​ថ្មី​របស់​លោក។ លោក​ថា នៅ​ពេល​នេះ​លោក​កំពុង​ស្នើសុំ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​បង្កើត​គណបក្ស​ថ្មី​ជា​ផ្លូវ​ការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។