តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប​ជំរុញ​ឲ្យ​តំណាង​រាស្ត្រ​អាមេរិក​ដាក់​សម្ពាធ​រដ្ឋាភិបាល​កម្ពុជា

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​រូប គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា ជំរុញ​ឲ្យ​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ដាក់​សម្ពាធ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ដើម្បី​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​ក្រុម​បក្ស​ប្រឆាំង។

សំណើ​របស់​ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ទាំង​ពីរ​រូប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ជាមួយ លោក ជីម ហាមស៍ (Jim Himes) សមាជិក​សភា​សហរដ្ឋ​អាមេរិក ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ Connecticut និង​សមាជិក​សភា​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​ទៀត​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន (Washington) កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ។ លោក គង់ សភា និង​លោក ញ៉យ ចំរើន ជា​ជន​រងគ្រោះ​ក្នុង​អំពើ​ហិង្សា​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥ ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុម​បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ញ៉យ ចំរើន និង​លោក គង់ សភា ក៏​បាន​ទាមទារ​ឲ្យ​សភា​សហរដ្ឋ​អាមេរិក បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ខ្លួន​ក្នុង​ការ​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ដាក់​សម្ពាធ​ដល់​អាជ្ញាធរ​ក្រុង​ភ្នំពេញ ដើម្បី​វែក​មុខ​ជន​ដៃ​ដល់​ដែល​ប្រើ​អំពើ​ហិង្សា​វាយ​តំណាង​រាស្ត្រ យក​មក​ផ្ដន្ទាទោស និង​ជំរុញ​ឲ្យ​កម្ពុជា ធានា​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​សម្រាប់​ឆ្នាំ​២០១៧-២០១៨ ខាង​មុខ។

ចំណែក​នៅ​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​ក្រុម​យុវជន​ជា​អ្នក​ជំនាញ​ខាង​កិច្ចការ​បរទេស (Youth Professionals In International Affairs) កាល​ពី​ថ្ងៃ​ទី​៣ កុម្ភៈ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​ពីរ​នាក់ បាន​ប្រាប់​អ្នក​ចូលរួម​ប្រមាណ ៧០​នាក់​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កំពុង​ធ្លាក់​ចុះ ដែល​សូម្បី​តែ​អ្នក​តំណាង​រាស្ត្រ​ក៏​ត្រូវ​រងគ្រោះ​ដោយ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​ដែរ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។